ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ត្រឹមឆមាសទី ១ ឆ្នាំ ២០២៤ យុវជនជាង ៤ ម៉ឺន ៥ ពាន់នាក់ បានចុះឈ្មោះចូលរៀនជំនាញនៃកម្មវិធី TVET ១,៥ លាននាក់ របស់រាជរដ្ឋាភិបាល

11 ខែ មុន

រាជធានីភ្នំពេញ ៖ កម្មវិធី «បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់‍ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» របស់រាជរដ្ឋាភិបាល ទទួលបានយុវជនចំនួនជាង…

រាជធានីភ្នំពេញ ៖ កម្មវិធី «បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់‍ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» របស់រាជរដ្ឋាភិបាល ទទួលបានយុវជនចំនួនជាង ៤ ម៉ឺន ៥ ពាន់នាក់ ចុះឈ្មោះចូលរៀននៅទូទាំងប្រទេស គិតត្រឹមឆមាសទី ១ ឆ្នាំ ២០២៤ ។ នេះជាការបញ្ជាក់របស់ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៤ ។

ឯកឧត្តម រដ្ឋលេខាធិការ បញ្ជាក់ថា ចាប់ពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ ពោលគឺមានរយៈពេលជាង ៧ ខែ នៃការដាក់ឱ្យអនុវត្តជាផ្លូវការនូវ ‌«កម្មវិធីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នងនាមជាសេនាធិការបានដុតដៃដុតជើងផ្សព្វផ្សាយព័ត៌មាន និងចាត់ក្រុមការងារចុះតាមមូលដ្ឋានផ្ទាល់ធ្វើយ៉ាងណាកៀរគរយុវជនគោលដៅមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះឱ្យបានផុសផុល ។

ឯកឧត្តម បន្ថែមថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយ អំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ ទ្រង់ទ្រាយធំនៅក្នុងរាជធានី-ខេត្ត យ៉ាងសស្រាក់សស្រាំ ក្នុងនោះដែរក្រុមការងារក្រសួងក៏បានចុះយុទ្ធនាការផ្សព្វផ្សាយផ្ទាល់នៅតាមឃុំ សង្កាត់ និងតាមខ្នងផ្ទះនៃគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យផងដែរ ។ 

ឯកឧត្តម កត្តា អ៊ន បានបង្ហាញថា យុវជនអាចជ្រើសរើសជំនាញសិក្សាដែលខ្លួនពេញចិត្តបានក្នុងចំណោមជំនាញទាំង ៤៥ ក្នុងវិស័យអាទិភាពសំខាន់ៗចំនួន ១០ រួមមាន ៖ សំណង់, អគ្គិសនី និងថាមពល, អេឡិចត្រូនិក, បរិក្ខារត្រជាក់និងកម្ដៅ, កម្មន្តសាល, មេកានិកទូទៅ/មេកានិករថយន្ត, ទេសចរណ៍, សេវាកម្ម, កសិកម្ម និង​កសិ-​​ឧស្សាហកម្ម, និង ធុរកិច្ចនិងព័ត៌មានវិទ្យា ។ 

ឯកឧត្តម ក៏បានគូសបញ្ជាក់ដែរថា ជោគជ័យនៃកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ គឺមិនមែនរាប់ត្រឹមពេលដែលយុវជន ជាគោលដៅបានមកចុះឈ្មោះរៀន មិនត្រឹមតែវគ្គបណ្តុះបណ្តាលបានដំណើរការ ហើយ​ក៏​មិន​ត្រឹមតែពេលយុវជនបានបញ្ចប់ការបណ្តុះបណ្តាលនោះទេ ។ ជោគជ័យពិតប្រាកដ គឺត្រូវសម្រេចឱ្យបាននូវអភិក្រម ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី គឺត្រូវធ្វើយ៉ាងណាឱ្យយុវជន​ «រៀនឱ្យចប់ រៀនឱ្យចេះ និងឱ្យមានការងារធ្វើ ។ 

ឯកឧត្តម កត្តា អ៊ន ចាត់ទុកថា កម្មវិធីបណ្តុះបណ្តាលនេះ គឺប្រៀបដូចជាការបង្រៀនដល់យុវជនជាក្រុម​គោលដៅឱ្យ​ចេះ​​​​​ស្ទូចត្រី ដែល​រាជរដ្ឋាភិបាលកំពុងអនុវត្ត ឬនិយាយមួយបែបថាកំពុងផ្តល់ត្រីជូនយុវជនជាក្រុមគោលដៅ និងក្រុមគ្រួសារពួកគាត់ ។ បន្ថែមពីនេះ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ក៏ជាមធ្យោបាយជួយឱ្យយុវជនអាចចាប់យក​ឱកាសការងារបានឆាប់រហ័ស និងជំរុញការចូលរួមចំណែករបស់យុវជនបានកាន់តែទូលំទូលាយក្នុង​ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ព្រមទាំងជាស្ពានផ្តល់ឱកាសការសិក្សាពេញមួយជីវិត ដល់បងប្អូនកម្មករនិយោជិត តាមរយៈកម្មវិធីផ្លាស់ប្តូរជំនាញ បង្កើនជំនាញ និងបង្កើនផលិតភាពពេញមួយជីវិតទោះបីជាកំពុងមានការងារធ្វើក៏ដោយ ។

ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាកម្មវិធីអាទិភាពមួយ​របស់រាជរដ្ឋាភិបាល សំដៅ​អភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ មានសមត្ថភាព មានគុណធម៌ សីលធម៌ ចរិយាមាយាទ មនសិការវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវលើការងារ មុខរបរ និងវិជ្ជាជីវៈរបស់ខ្លួនដែលអាច​ឆ្លើយតប​បាន​ទៅនឹងតម្រូវការទីផ្សារការងារ និងទ្រទ្រង់​កំណើ​ន​​សេដ្ឋកិច្ច​ប្រកប​ដោយចីរភាព ​បរិយាបន្ន សមធម៌ និងភាព​ធន់នឹងវិបត្តិទាំងចំពោះ​មុខ និងទាំងអនា​គត ៕ អត្ថបទសហការ