ភ្នំពេញ ៖ ខ្មែរ ប៊ែវើរីជីស បាននាំយកកម្មវិធីពិសេសមកកាន់ពិធីបិទព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ពានរង្វាន់ Soccer League លើកទី៧ ដោយធ្វើការផ្ដល់ជូនរង្វាន់ម៉ូតូ ៣គ្រឿង ដើម្បីជាការអរគុណដល់បងប្អូនទាំងអស់ ដែលតែងតែគាំទ្ររាល់សកម្មភាពសប្បុរសធម៌របស់ ខ្មែរ ប៊ែវើរីជីស និងគាំទ្រដល់ Soccer League ទាំងមូល ។
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ពានរង្វាន់ Soccer League លើកទី៧ ដែលទទួលបានការឧបត្ថម្ភធំពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឈានមកដល់វគ្គបញ្ចប់ហើយ ដោយក្រុម Khmer United បានក្លាយទៅជាម្ចាស់ជើងឯក ផ្នែកបុរស បន្ទាប់ពីយកឈ្នះក្រុម Tofu Army FT នៅយប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤នេះ ។ ដោយឡែក ចំពោះពានរង្វាន់ Soccer League លើកទី៧ ផ្នែកនារី បានទៅលើក្លិបបាល់ទាត់ភ្នំពេញក្រោន បន្ទាប់ពីយកឈ្នះក្រុម សុភីណា អេហ្វស៊ី កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ ។
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ Soccer League នេះបានបើកជាផ្លូវការ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ ក្រោមមូលបទ «បេះដូងអ្នកកីឡា ដើម្បីកុមារកម្ពុជា» ។ ខ្មែរ ប៊ែវើរីជីសក្នុងស្មារតី «ខ្មែរជួយខ្មែរ» បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្ដីពីកិច្ចសហការឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ Soccer League នេះ រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤-២០២៨។ លើសពីនេះ ខ្មែរ ប៊ែវើរីជីស ក៏បានឧបត្ថម្ភថវិកាបន្ថែមចំនួន ៥ម៉ឺនដុល្លារ ដល់កុមាកំព្រាកម្ពុជាផងដែរ។
គួបញ្ជាក់ផងដែរថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែចូលរួម និងគាំទ្រយ៉ាងពេញទំហឹងចំពោះស្មារតី «ខ្មែរ ជួយខ្មែរ» ព្រមទាំងជាអ្នកឧបត្ថម្ភលើវិស័យកីឡាកម្ពុជាធំបង្អស់មួយ ដែលហ៊ានចំណាយក្នុងមួយឆ្នាំៗខ្ទង់លានដុល្លារ លើការអភិវឌ្ឍវិស័យកីឡានៅកម្ពុជាស្ទើរតែគ្រប់កីឡា រួមមានទាំងបាល់ទាត់ បាល់ទះ និងប្រដាល់គុនខ្មែរ ធ្វើយ៉ាងណា ចូលរួមបង្កើតធនធានមនុស្សក្នុងវិស័យកីឡា នៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន និងកាន់តែរឹងមាំ ៕ សហកា
ចែករំលែកព័តមាននេះ