ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០២៤ សមាជិក ប​.​ស​.​ស​. នៃ​ក្រសួង​ការងារ កើនឡើង​ដល់​ជាង ២,២​លាន​នាក់

1 ខែ មុន

រាជធានីភ្នំពេញ៖ សមាជិក​សរុប​នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កើនឡើង​ដល់​ជាង ២,២ លាន​នាក់ (២ ២២៩ ៥២២​នាក់​)…

រាជធានីភ្នំពេញ៖ សមាជិក​សរុប​នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កើនឡើង​ដល់​ជាង ២,២ លាន​នាក់ (២ ២២៩ ៥២២​នាក់​) គិត​ត្រឹម​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៤​ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ ឯកឧត្តម កត្តា អ៊​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៤​ ។

ឯកឧត្តម កត្តា អ៊​ន បាន​បញ្ជាក់​លំអិត​ថា ចំនួន​សមាជិក​បេឡា​ជាតិ​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ជា​កាតព្វកិច្ច​មាន​កម្មករនិយោជិត មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ និង​អតីត​យុទ្ធ​ជន និង​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត មាន​បុគ្គល​ស្វ័​យ​និ​យោជន៍ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. បាន​កើនឡើង​គួរឱ្យកត់សំគាល់ ក្នុង​រយៈពេល​៦​ខែ ដើមឆ្នាំ​២០២៤ ​នេះ ដែល​បង្ហាញ​ថា​ប្រជាពលរដ្ឋ​កាន់តែ​ជឿ​ទុកចិត្ត និង​យល់​ដឹង​ច្បាស់​ពី​អត្ថប្រយោជន៍ ​នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.)​ ។

ឯកឧត្តម ក៏​បាន​គូសបញ្ជាក់​ថា គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០២៤​នេះ សមាជិក​សរុប​ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជិកា​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) រួម​មាន ​៖

ប​.​ស​.​ស​. ផ្នែក​ថែទាំ​សុខភាព​មាន​សមាជិក​សរុប​ចំនួន​ជាង ២,២ លាន​នាក់ ក្នុង​នោះ​មាន កម្មករនិយោជិត​ចំនួន​ជាង ១, ៥៦ លាន​នាក់ មន្ត្រីរាជការ អតីតមន្ត្រី​រាជការ និង​អតីត​យុទ្ធ​ជន មាន​ចំនួន​ជាង ៤៣ ម៉ឺន​នាក់ បុគ្គល​ស្វ័​យ​និ​យោជន៍​មាន​ចំនួន​ជាង ១៧ ម៉ឺន​នាក់ និង​អ្នក​នៅ​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. មាន​ចំនួន​ជាង ៥,៦ ម៉ឺន ​។

ដោយឡែក ប​.​ស​.​ស​. ផ្នែក​ប្រាក់​សោធន បាន​ចុះ​បញ្ជិកា​រោងចក្រ សហគ្រាស​ជា​កាតព្វកិច្ច​សរុប ចំនួន ២១ ២៨៨ មាន​កម្មករនិយោជិត​សកម្ម​ចំនួន​ជាង ១,៥៦ លាន​នាក់ និង​បាន​ចុះ​បញ្ជិកា​កម្មករនិយោជិត​ដោយ​ស្ម័គ្រ​ចិត្តបាន​ចំនួន​ជិត ៥ ពាន​នាក់​។ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៤ សមាជិក ប​.​ស​.​ស​. ផ្នែក​ប្រាក់​សោធន បាន​ចុះ​បញ្ជិកា​សមាជិក​ថ្មី ដែល​មាន​រោងចក្រ សហគ្រាស​ជា​កាតព្វកិច្ច ចំនួន ៣ ០១៣ មាន​កម្មករនិយោជិត​ចំនួន​ជិត ១៣​ម៉ឺន​នាក់ និង​បាន​ចុះ​បញ្ជិកា​កម្មករនិយោជិត​ដោយ​ស្ម័គ្រចិត្ត បាន​ចំនួន ៩៤១​នាក់​ ។

ចំណែក ប​.​ស​.​ស​. ផ្នែក​ហានិភ័យ​ការងារ មាន​សមាជិក​សរុប​ចំនួន​ជាង ១,៨ លាន​នាក់ ក្នុង​នោះ​កម្មករនិយោជិត​ចំនួន​ជាង ១,៥៦ លាន​នាក់ មន្ត្រីរាជការ​សាធារណៈ​ជាង ២៤,៦ ម៉ឺន​នាក់ និង​បាន​អនុវត្ត​ការ​ថែទាំ​សុខភាព​តាម​ប្រព័ន្ធ​មូលនិធិ​សមធម៌​សុខាភិបាល​សម្រាប់​កម្មករនិយោជិត​នៃ​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​ជាង ១៣,៦ ម៉ឺន​នាក់​ផង​ដែរ​ ។

ឯកឧត្តម កត្តា អ៊​ន លើក​ឡើង​ថា ចាប់តាំងពី​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន ដោយ​ស្ម័គ្រចិត្ត កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ ក្រុមការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​និង​កំពុង​ចុះ​ផ្សព្វផ្សាយ​តាម​រាជធានី ខេត្ត និង​ចុះ​យុទ្ធនាការ​ផ្ទាល់​តាម​រោងចក្រ សហគ្រាស ផ្ទះ​ជួល ផ្សារ និង​ទីប្រជុំជន​យ៉ាង​សកម្ម​នៅ​រាជធានី ខេត្ត​ទូ​ទាំង​ប្រទេស រួម​និង​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ផ្លូវការ Facebook, Telegram, YouTube, TikTok និង​តាម​បណ្តាញ​សង្គម​របស់​សិល្បករ តារាចម្រៀង និង​អ្នកមាន​ប្រជាប្រិយភាព​ក្នុង​បណ្ដាញ​សង្គម​យ៉ាង​ផុសផុល​ ។

ឯកឧត្តម បាន​គូសបញ្ជាក់​ថា បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​ទទួល​កុមារ​ចូល​ជា​សមាជិក​ផង​ដែរ ក្នុង​នោះ​សម្រាប់​កុមារ (​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​.) ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ពេល​ក្លាយជា​សមាជិក ប​.​ស​.​ស​.​ ។

ឯកឧត្តម ពន្យល់​ថា កុមារ (​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​.) ទទួល​បាន​អត្ថប្រយោជន៍​ដូច​ជា​ការ​ព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ ដោយ​ឥត​គិតថ្លៃ​នៅ​គ្រប់​មន្ទីរពេទ្យ​ដៃគូ ប​.​ស​.​ស​. ទូ​ទាំង​ប្រទេស ទាំង​មន្ទីរពេទ្យ​សាធារណៈ និង​ឯកជន ក្នុង​នោះ​ដែរ​ប្រសិនបើ​កុមារ​ជួប​គ្រោះថ្នាក់ និង​ជំងឺ​ជា​អកុសល​រហូត​ដល់​ស្លា.ប់​បាត់បង់​ជីវិត​បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​ផ្តល់​ប្រាក់​វិភា​ជន៍​បូជាសព​ផង​ដែរ ​។

ទន្ទឹម​នឹង​នេះ ឯកឧត្តម បាន​គូសបញ្ជាក់​ថា ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​លើ​កុមារ គឺជា​ការ​គិតគូរ​ដល់​សុខមាលភាព​របស់​កុមារ ជា​ពិសេស​ជួយ​ឱ្យ​សុខភាព​របស់​កុមារ​ល្អ​ប្រសើ​ជាង​មុន ​ដែល​អាច​ជួយ​ទៅ​ដល់​ធនធានមនុស្ស ​ប្រកបដោយ​សក្តានុពល​ភាព​នា​ពេល​អនាគត ​៕ អត្ថបទសហការ