ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តំណាង​កម្មករនិយោជិត​ ៥ ​ម៉ឺន​នាក់​ ព្រមាន​តវ៉ាទ្រង់ទ្រាយ​ធំ ​ដើម្បី​ស្នើ​សុំ​បិទ​ការិយាល័យ​អង្គការ សង់​ត្រា​ល់ ​នៅ​កម្ពុជា

4 ខែ មុន

រាជធានីភ្នំពេញ ​៖ សហជីព​តំណាង​កម្មករនិយោជិត ៥ ​ម៉ឺន​នាក់ ព្រមាន​ធ្វើការ​តវ៉ា​ទ្រង់ទ្រាយ​ធំ ​នៅ​មុខ​ការិយាល័យ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា «​សង់​ត្រា​ល់…

រាជធានីភ្នំពេញ ​៖ សហជីព​តំណាង​កម្មករនិយោជិត ៥ ​ម៉ឺន​នាក់ ព្រមាន​ធ្វើការ​តវ៉ា​ទ្រង់ទ្រាយ​ធំ ​នៅ​មុខ​ការិយាល័យ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា «​សង់​ត្រា​ល់ » និង​នៅ​មុខក្រសួង​មហាផ្ទៃ ដើម្បី​ស្នើ​សុំ​បិទ​ការិយាល័យ​របស់​សង់​ត្រា​ល់ បើ​អង្គការ​នេះ​មិន​កែប្រែ​ខ្លឹមសារ ​ក្នុង​របាយការណ៍​របស់​ខ្លួន ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី ៤ ខែមិថុនា ឆ្នាំ ​២០២៤ ​។

ការ​ព្រមាន​នេះ​ធ្វើ​ឡើងពេល​សហ​ព​ន្ធ័​សហជីព​មូលដ្ឋាន ៤០ ​នាក់ ដែល​តំណាង​កម្មករ និយោជិត ៥​ម៉ឺន​នាក់ នៃ​ ៥០ ​រោងចក្រ បាន​ដាក់​លិខិតស្នើ​សុំ​ទៅ​ការិយាល័យ​អង្គការ​សង់​ត្រា​ល់ នៅ​ព្រឹក​ថ្ងៃ​ទី ​២០ ខែមិថុនា​នេះ ដើម្បី​ឱ្យ​អង្គការ​នេះ កែសម្រួល​ខ្លឹមសារ ក្នុង​របាយការណ៍ ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី ៤ ខែមិថុនា ឆ្នាំ ​២០២៤ ​។

លោក អ៊ុ​ន ដា​រ៉ា អនុប្រធាននិង​ជា​អ្នកនាំពាក្យ សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា (NACC) ប្រាប់​ថា ក្នុង​ករណី​មិន​មាន​កែសម្រួល​របាយការណ៍​ តាម​ការ​ស្នើ​សុំ​ទេ សហជីព​មូលដ្ឋាន ដែល​មាន​សមាជិក ៥​ម៉ឺន​នាក់ មក​ពី ​៥០ ​រោងចក្រ នឹង​សរសេរ​លិខិត​ទៅ​ម្ចាស់​ជំនួយ និង​ក្រសួង​មហារ​ផ្ទៃ ដើម្បី​ធ្វើការ​ពិនិត្យ​ពី​ការ​អនុលោម​ភាព នៃ​លក្ខន្តិកៈ​របស់ សង់​ត្រា​ល់ និង​ការ​អនុលោម​ភាព​ច្បាប់​នានា​នៅ​កម្ពុជា ហើយ​ចុង​ក្រោយ និង​ប្រមូលផ្ដុំ​កម្មករ និយោជិត ដើម្បី​ធ្វើការ​តវ៉ា​ទ្រង់ទ្រាយ​ធំនៅ​មុខ ការិយាល័យ សង់​ត្រា​ល់ និង​ក្រសួងមហាផ្ទៃ ដើម្បី​ស្នើ​សុំ​ឱ្យ​បិទ​ការិយាល័យរបស់​សង់​ត្រា​ល់​តែ​ម្តង ​។

លោក​ថា របាយការណ៍​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់ «​សង់​ត្រា​ល់ » កំពុង​បង្កើត​ភាព​វឹកវរ បង្ក​ឱ្យ​មាន​បញ្ហា​ញុះញង់ ធ្វើ​ឱ្យ​មាន​សង្គ្រាម​រវាង​សហជីព និង​សហជីព​កើតឡើង និង​កំពុង​បំភាន់​ព័ត៌មាន​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ភ័យ​ខ្លាច​ ។ របាយការណ៍​របស់​សង់​ត្រា​ល់ មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត និង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​ការងារ និង​ផលប្រយោជន៍​រួម​របស់​កម្មករ និយោជិត​នៅ​កម្ពុជា​ទាំងមូល​ ។

លោក អ៊ុ​ន ដា​រ៉ា បន្ត​ថា ខ្លឹមសារ​នៃ​របាយការណ៍​របស់​អង្គការ​សង់​ត្រា​ល់ បាន​ធ្វើ​ឱ្យ​មានការ​យល់​ច្រឡំ​ថា សិទ្ធិ​សេរីភាព​សហជីព​នៅ​កម្ពុជា ​កំពុង​មានការ​រើសអើង ។ មិនតែប៉ុណ្ណោះ របាយការណ៍​នោះ មាន​ចេតនា​ធ្វើ​ឱ្យ​អ្នកបញ្ជា​ទិញ​ផ្លាស់​ប្តូរ​ចេញពី​កម្ពុជា ព្រោះ​យល់​ច្រឡំ​ថា​ នៅ​កម្ពុជា​បាត់បង់​សេរីភាព និង​ត្រូវ​បាន​បំភ័យ​ដល់​កម្មករ និយោជិត ​។

លោក​បញ្ជាក់​ថា​ ៖ «​យើងខ្ញុំ​ទាំងអស់​គ្នា​ជា​តំណាង​កម្មករ​-​និយោជិត មានការ​ព្រួយ​បារ​ម្ម​ណ៍​យ៉ាង​ខ្លាំង​ពី​ផល​ប៉ះពាល់​ដល់​ស្ថិរភាព​ការងារ និងផលប្រយោជន៍​របស់​កម្មករ ទើប​យើងខ្ញុំ​ស្នើ​សុំ​ដោយ​ទទូច​ដល់​លោកនាយក សង់​ត្រា​ល់ ដើម្បី​ធ្វើការ​កែសម្រួល​របាយការណ៍​របស់​ខ្លួន​ឡើង​វិញ ដោយ​បង្ហាញ​នូវ​ស​មិ​ទ្ឋិ​ផល​វិជ្ជមាន​ជា​ច្រើន ដែល​ជា​វឌ្ឍនភាព​លក្ខខណ្ឌ​ការងារ​រួម​ របស់​កម្មករនិយោជិត និង​សហជីព​នៅ​កម្ពុជា​» ​។

អ្នកនាំពាក្យ សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា ស្នើ​សុំ​ឱ្យ​អង្គការ​សង់​ត្រា​ល់​កែរ​សម្រួល​ខ្លឹមសារ ​ក្នុង​របាយការណ៍​កាលពី​ថ្ងៃ​ទី ៤ ខែមិថុនា ជា​បន្ទាន់ ព្រោះ​ខ្លឹមសារ​នោះ ផ្ទុយ​ទាំងស្រុង​ទៅ​នឹង​សភាព​ជាក់ស្តែង និង​មិន​រំលេច​ទាល់តែ​សោះ នូវ​ស​មិ​ទ្ឋិ​ផល​វិជ្ជមាន​ជា​ច្រើន ដែល​ជា​វឌ្ឍនភាព​លក្ខខណ្ឌ​ការងារ រួម​របស់​កម្មករនិយោជិត និង​សហជីព​នៅ​កម្ពុជា ​៕ អត្ថបទសហការ