ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

៥​ ខែ ​ដើមឆ្នាំ​ ២០២៤ ការ​នាំ​ចេញ​ផលិតផលក្នុងវិស័យ​កាត់ដេរ កើនឡើង ២០,៦៩ ភាគរយ​ ដែលមាន​ទឹកប្រាក់​ជិត ​៥​ ពាន់​លាន​ដុល្លារ

4 ខែ មុន

រាជធានីភ្នំពេញ ​៖ កម្ពុជា​បាន​​នាំ​ចេញ​សម្លៀក​បំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើ​ដំណើរ កើនឡើង​ចំនួន ២០,៦៩ ភាគរយ ក្នុង​រយៈពេល ​៥…

រាជធានីភ្នំពេញ ​៖ កម្ពុជា​បាន​​នាំ​ចេញ​សម្លៀក​បំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើ​ដំណើរ កើនឡើង​ចំនួន ២០,៦៩ ភាគរយ ក្នុង​រយៈពេល ​៥ ខែ​ដំបូង​ឆ្នាំ ​២០២៤ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២៣ ដែល​រក​ចំណូល​បាន​ ៤,៨៩ ពាន់​លាន​ដុល្លារ​ ។ នេះ​បើ​យោង​តាម ទិន្នន័យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី ​១០ ខែមិថុនា​ ។ ​សន្ទុះ​នៃ​ការ​នាំ​ចេញ​កើនឡើង​វិញ​នេះ ក្រោយ​ពី​មានការ​ធ្លាក់​ចុះ​ អស់​រយៈពេល​ជិត ​១៨ ខែ ​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ ​២០២២ ​។

វិស័យ​សម្លៀក​បំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើ​ដំណើរ មិន​ត្រឹមតែ​ជាទី​ពឹង​ផ្នែក​សេដ្ឋកិច្ច​តាម​រយៈ​ការ​នាំ​ចេញ​សម្រាប់​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ជិត​មួយ​លាន​នាក់ ផង​ដែរ​ ។ ប្រមាណ ៤៨ ភាគរយ ​នៃ​ប្រាក់​ចំណូល​នាំ​ចេញ​សរុប​របស់​កម្ពុជា​មាន​ចំនួន​ ១០ ​ពាន់​លាន​ដុល្លារ​ក្នុង​អំឡុង ខែមករា​ដល់​ខែឧសភា ឆ្នាំ ​២០២៤ បាន​មក​ពី​ការ​នាំ​ចេញ​សម្លៀក​បំពាក់ស្បែកជើង និង​ទំនិញ​ធ្វើ​ដំណើរ នេះឯង ​។

តាម​ទិន្នន័យ​ពាណិជ្ជកម្ម​ចុង​ក្រោយ​បំផុត ផ្នែក​ទាំងអស់​ដែល​ស្ថិត​នៅ​ក្រោម​វិស័យ​សម្លៀក​បំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើ​ដំណើរ មានដំណើរ​ការ​ល្អ​ក្នុង​អំឡុង ខែមករា​ ដល់ ខែឧសភា ឆ្នាំ ​២០២៤ ដោយ​បាន​បង្កើន​ការ​នាំ​ចេញ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ ៕ អត្ថបទសហការ