រាជធានីភ្នំពេញ ៖ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការងារលើកទី៤ នៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) ស្តីពីចល័តភាពរបបសន្តិសុខសង្គមសម្រាប់ទេសន្តរប្រវេសន៍ករក្នុងប្រទេស” ដោយកិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ដឹកនាំដោយលោកជំទាវ បាយខាំ ខាត់ធីយ៉ា រដ្ឋមន្ត្រីក្រសួងការងារ និងសុខុមាលភាពសង្គមនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងមានការចូលរួមពីគណៈប្រតិភូជាន់ខ្ពស់ពីប្រទេសCLMTV ។
ជាលទ្ធផល អង្គប្រជុំបានអនុម័តនូវសេចក្តីថ្លែងការណ៍រួមស្តីពី“ចល័តភាពរបបសន្តិសុខសង្គមសម្រាប់ទេសន្តរប្រវេសន៍ករក្នុងប្រទេស” ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់បណ្តាប្រទេសជាសមាជិកក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងសុខដុមនីយកម្មគោលនយោបាយក្នុងការដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងទេសន្តរប្រវេសន៍ការងារ ជាពិសេសការធ្វើចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ទេសន្តរប្រវេសនករតាមរយៈការចរចានិងបង្កើតកិច្ចព្រមព្រៀងទ្វេភាគី ឬពហុភាគីនិងយន្តការផ្សេងទៀត ។
បន្ថែមពីនេះ អង្គប្រជុំ បានឯកភាពជូនប្រទេសថៃធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ CLMTV សម្រាប់ឆ្នាំ២០២៥ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ