ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC បាននិងកំពុងសម្រេចបានអភិក្រម​ «រៀនឱ្យចប់ រៀនឱ្យចេះ ឱ្យមានការងារធ្វើ» សម្រាប់សិស្សរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស

2 ខែ មុន

រាជធានីភ្នំពេញ ៖ នាយកវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC) ឯកឧត្តមបណ្ឌិត ប៊ុន ភារិន បានគូសបញ្ជាក់ថា សិស្សក្នុងជំហានទី១នៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស…

រាជធានីភ្នំពេញ ៖ នាយកវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC) ឯកឧត្តមបណ្ឌិត ប៊ុន ភារិន បានគូសបញ្ជាក់ថា សិស្សក្នុងជំហានទី១នៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ​ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ បាននិងកំពុងសម្រេចបានតាមអភិក្រមរបស់សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត គឺ “រៀនឱ្យចប់ រៀនឱ្យចេះ ឲ្យមានការងារធ្វើ” ពោលគឺសិស្សដែលបានទទួលការបណ្តុះបណ្តាល​ ជំនាញនៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជាក្នុងរយៈពេលបួនខែមកនេះ បាននិងកំពុងចេញហាត់ការ​នៅតាមក្រុមហ៊ុន​ សហគ្រាសនានា និងបានធ្វើតេស្តសមត្ថភាពបញ្ចប់ការសិក្សាទៅតាមជំនាញរៀងៗខ្លួន ដើម្បីយកទៅប្រើប្រាស់ក្នុងទីផ្សារការងារ ។ 

ការគូសបញ្ជាក់របស់នាយកវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC) ដូចនេះ គឺក្នុងពេលដែលអ្នក​សារព័ត៌មានចំនួន ២០ នាក់មកពី ១០ ស្ថាប័នបានចុះធ្វើទស្សនកិច្ចផ្ទាល់នៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា នាថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៤ ដើម្បីស្វែងយល់និងយកព័ត៌មានផ្ទាល់ពីសិស្ស និងគ្រូបណ្តុះបណ្តាល​ជំនាញក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ​ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ ។ ឯកឧត្តមបណ្ឌិត ប៊ុន ភារិន ជឿជាក់ថា ការមកមើលឃើញ​ផ្ទាល់ភ្នែកដូចនេះ គឺអ្នកសារព័ត៌មាននឹងអាចផ្សព្វផ្សាយពីតថភាព និងគុណតម្លៃនៃជំនាញនីមួយៗ កាន់តែច្បាស់និងទូលំទូលាយទៅដល់ប្រជាពលរដ្ឋ ជាពិសេសនឹងអាចជម្រុញដល់យុវជនដែលពុំទាន់មានជំនាញច្បាស់លាស់មកចុះឈ្មោះចូលរៀនកាន់តែច្រើននៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដ៏ធំមួយ បង្កើតឡើងក្នុងឆ្នាំ២០០៥ ស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ។   

ទន្ទឹមនេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម កត្តា អ៊ន ក៏ជឿជាក់ដែរថា តាមរយៈដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាននៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា​នាពេលនេះ គឺជាឱកាសដ៏ល្អសម្រាប់អ្នកសារព័ត៌មានបានប្រមូលព័ត៌មាន និងមើលឃើញផ្ទាល់ភ្នែកនូវការ​អនុវត្តកម្មវិធី​បណ្តុះបណ្តាល អគារសិក្សា បន្ទប់ពិសោធន៍ រោងជាង និងស្នាដៃរបស់សិស្សផ្ទាល់តែម្តង ។ ជាពិសេសអ្នកសារព័ត៌មាន ក៏បានកត់សម្គាល់នូវឥរិយាបទ សីលធម៌ សុជីវធម៌ល្អ​របស់សិស្ស​នៃវិទ្យាស្ថាន​ពហុបច្ចេកទេស​កម្ពុជានេះផងដែរ ។   

ឯកឧត្តម កត្តា អ៊ន រំពឹងថាអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនឹងចូលរួមយ៉ាងសំខាន់ក្នុងការផ្តល់ដំណឹង និងព័ត៌មានទៅដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន អំពីកម្មវិធី​បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ​ងាយរងហានិភ័យនៅទូទាំង​ប្រទេសចំនួន ១,៥ លាននាក់ ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការអនុវត្តកម្មវិធីថ្នាក់ជាតិនេះ​ឲ្យទទួល​បាន​ជោគជ័យ ។ ឯកឧត្តម កត្តា អ៊ន លើកទឹកចិត្តដល់យុវជនដែលពុំទាន់មានជំនាញច្បាស់លាស់​គួរចាប់​យក​ឱកាសចូលរៀនវគ្គជំនាញខ្លីដែលរាជរដ្ឋាភិបាល​ផ្តល់ជូន​ដោយមិនបង់ថ្លៃសិក្សានេះ និងថែមទាំងទទួលបាន​​នូវប្រាក់​ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀលពេល​កំពុង​សិក្សា​ទៀតផងសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ​ងាយរងហានិភ័យ ។ 

សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ក្នុងនាមជា​សេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្ត​កម្មវិធី​​បណ្តុះ​បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដើម្បីសម្រេចបាន​នូវ អភិក្រម “រៀនឱ្យចប់ រៀនឱ្យចេះ ឲ្យមានការងារធ្វើ” បានកំណត់វិស័យសំខាន់ៗចំនួន ១០ និងមុខជំនាញចំនួន ៣៨ ដែលសុទ្ធសឹងតែជាតម្រូវការទីផ្សារ និងមានឱកាសការងារខ្ពស់ ។ វិស័យ​អាទិភាពទាំង ១០ ដែលបានជ្រើសរើស រួមមាន សំណង់​, អគ្គិសនីនិងថាមពល, អេឡិចត្រូនិក, បរិក្ខារត្រជាក់និងកម្ដៅ,  កម្មន្តសាល, មេកានិកទូទៅ/មេកានិករថយន្ត, ទេសចរណ៍, សេវាកម្ម, កសិកម្ម និង​កសិ-​​ឧស្សាហកម្ម, និង ធុរកិច្ចនិងព័ត៌មានវិទ្យា ។

ក្នុងអំឡុងពេលសិក្សា ក្រុមយុវជនគោលដៅ​ដែល​​ចូល​រួម​កម្មវិធី​បណ្តុះ​បណ្តា​ល​នេះ​នឹង​ទទួលបាននូវ​អត្ថប្រយោជន៍ជាច្រើន រួមមាន ៖  (១).សិក្សាដោយមិនបង់ថ្លៃ, (២).ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀលក្នុងមួយខែ សម្រាប់អ្នកសិក្សាពេញម៉ោង, (៣).ផ្តល់ប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ, (៤).កន្លែងចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន, (៥).សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ និងឱកាសបន្តការសិក្សា, (៦).ជំនាញមួយពិតប្រាកដដែលទីផ្សារការងារកំពុងត្រូវការ, (៧).ឱកាសការងារធ្វើសមរម្យ និងប្រាក់ចំណូលទៀងទាត់ ៕ អត្ថបទសហការ