រាជធានីភ្នំពេញ ៖ តើខ្ញុំមើលថែរក្សាកូនរបស់ខ្ញុំដោយរបៀបណា ? តើខ្ញុំអាចធ្វើអ្វីបានខ្លះ ដើម្បីជួយការពារពួកគេពីបញ្ហាសុខភាពផ្លូវចិត្ត ? នេះជាសំណួរដែលកាន់តែបង្កក្តីកង្វល់សម្រាប់ឪពុកម្តាយជាច្រើន ។ អារម្មណ៍មិនស្រួលជាច្រើន គឺជាផ្នែកមួយដ៏សំខាន់នៃភាពជាមនុស្ស ។ អ្នកមិនគួរមានអារម្មណ៍ខ្មាស់អៀន ឬភ័យខ្លាចឡើយ ប្រសិនបើអ្នកជួបប្រទះនឹងភាពសោកសៅ កំហឹង ភាពតានតឹង ភាពឈឺចាប់ ឬអារម្មណ៍ផ្សេងទៀត ។ នៅពេលដែលអ្នកមានអារម្មណ៌មិនសប្បាយចិត្ត រឿងដែលអ្នកអាចធ្វើបាន គឺនិយាយអំពីអារម្មណ៍ដែលអ្នកកំពុងមាន ជាមួយមនុស្សដែលអ្នកស្រឡាញ់ ។ ការធ្វើដូច្នេះ គឺជាវិធីការពារសុខភាពផ្លូវចិត្តដ៏ល្អ ។
ដើម្បីចាប់ផ្តើមការសន្ទនាអំពីសុខភាពផ្លូវចិត្តជាមួយកូនរបស់អ្នក សូមពន្យល់ប្រាប់ពួកគេថា សុខភាពផ្លូវចិត្ត គឺដូចជាសុខភាពផ្លូវកាយខ្លាំងណាស់ ។ មនុស្សដែលមានបញ្ហាសុខភាពផ្លូវចិត្ត ពេលខ្លះមានអារម្មណ៍មិនស្រួលក្នុងចិត្ត ដូចជាមានអារម្មណ៍សោកសៅ ខឹង ឬតូចចិត្ត ។ សម្រាប់ទាំងសុខភាពផ្លូវចិត្ត និងផ្លូវកាយ វាជារឿងសំខាន់ក្នុងការកត់សម្គាល់នូវអ្វីដែលយើងកំពុងមានអារម្មណ៍ ហើយស្វែងរកការគាំទ្រពីអ្នកដទៃ នៅពេលដែលយើងមិនមានអារម្មណ៍ល្អ ។ ការធ្វើដូច្នេះ ស្ទើរតែតែងតែអាចជួយឱ្យយើងនៅលើផ្លូវឆ្ពោះទៅរកអារម្មណ៍កាន់តែប្រសើរឡើងវិញ ។
តើអ្នកអាចធ្វើអ្វីបាន ដើម្បីជួយការពារសុខភាពផ្លូវចិត្តរបស់កូនអ្នក ? គ្មានអ្វីការពារសុខភាពផ្លូវចិត្តរបស់កុមារ ដូចជាការមានទំនាក់ទំនងដ៏កក់ក្ដៅ និងក្ដីស្រឡាញ់ជាមួយឪពុកម្តាយឡើយ ។ ដូច្នេះសូមធ្វើឱ្យកូនរបស់អ្នករីករាយ ហើយចូលរួមសប្បាយជាមួយគ្នា ។ នោះប្រហែលជាការលេងជាមួយគ្នា ជជែកគ្នា ទាត់បាល់នៅសួនច្បារជាមួយគ្នា ឬក៏អាចជាការចម្អិនអាហារ និងជួសជុលអ្វីមួយនៅជុំវិញផ្ទះ ។ ដរាបណាកូនរបស់អ្នករីករាយជាមួយអ្នក នោះមានន័យថា អ្វីដែលអ្នកកំពុងធ្វើ គឺល្អសម្រាប់សុខភាពផ្លូវចិត្តរបស់ពួកគេ ។
តើអ្នកអាចធ្វើដូចម្តេច ដើម្បីផ្តល់ការយកចិត្តទុកដាក់ដល់កូនផង និងធ្វើការងាររកស៊ីឱ្យបានល្អផង ? ការចិញ្ចឹមកូនត្រូវការពេលវេលា និងថាមពលច្រើន ។ រឿងមួយដែលអ្នកអាចធ្វើបាន គឺព្យាយាមផ្ដោតលើរឿងតែមួយក្នុងពេលមួយ ។ ផ្តោតលើកូនរបស់អ្នក ឬផ្តោតលើការងាររបស់អ្នក ។ ប្រសិនបើអ្នកព្យាយាមធ្វើទាំងពីរក្នុងពេលតែមួយ អ្នកនឹងមានការខកចិត្ត ហើយកូនរបស់អ្នកក៏នឹងមានការខកចិត្តផងដែរ ។ បើអ្នកនៅធ្វើការ ចូរខំធ្វើការឱ្យបានល្អបំផុត ហើយបើអ្នកនៅផ្ទះ សូមនៅជាមួយកូនឱ្យបានច្រើន ។
តើខ្ញុំជំរុញលើកទឹកចិត្តកូនរបស់ខ្ញុំដោយរបៀបណា ? ពេលខ្លះ វាអាចពិបាកសម្រាប់ក្មេងក្នុងការមានអារម្មណ៍លើកទឹកចិត្ត ។ ពេលខ្លះ ពួកគេអាចមានអារម្មណ៍អស់កម្លាំង ធុញថប់ និងពិបាកចិត្ត ។ កុំបារម្ភថា មានអ្វីខុសជាមួយកូនរបស់អ្នក ប្រសិនបើពួកគេមិនតែងតែមានអារម្មណ៍ចង់ធ្វើកិច្ចការសាលា ឬការងារនៅជុំវិញផ្ទះ ។ សូមបន្តគាំទ្រពួកគេ អ្នកអាចយកការងាររបស់អ្នកមកធ្វើនៅក្បែរពួកគេ អ្នកអាចជួយធ្វើកិច្ចការផ្ទះជាមួយពួកគេ លេងជាមួយពួកគេបន្ថែមពេលពួកគេមិនសប្បាយចិត្ត ឬបង្កើតគម្រោងណាមួយ ហើយខំប្រឹងធ្វើជាមួយគ្នា ។
តើអ្នកអាចគ្រប់គ្រងភាពឯកោដោយរបៀបណា ក្នុងនាមជាឪពុកម្តាយ ? ការធ្វើជាឪពុកម្តាយ អាចជាពេលវេលាដ៏ឯកោនៃជីវិត ។ ការខំប្រឹងប្រែងដើម្បីបំពេញតម្រូវការរបស់កូនអ្នកអាចធ្វើឱ្យវាពិបាកក្នុងការបំពេញតាមតម្រូវការរបស់អ្នក ។ ជាដំណោះស្រាយ សូមភ្ជាប់ទំនាក់ទំនងជាមួយឪពុកម្តាយផ្សេងទៀត ដែលចិញ្ចឹមកូនដែលមានអាយុដូចគ្នាជាមួយនឹងអ្នក ដើម្បីជជែក និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ។
តើអ្នកអាចរក្សាភាពវិជ្ជមានក្នុងគ្រាលំបាកដោយរបៀបណា ? វាងាយស្រួលក្នុងការមានអារម្មណ៍អស់សង្ឃឹមក្នុងគ្រាលំបាក ។ ដើម្បីជួយខ្លួនអ្នកឱ្យមានអារម្មណ៍ប្រសើរឡើង គឺផ្តោតលើអ្វីដែលអ្នកមានអារម្មណ៍ដឹងគុណ ដូចជាពេលដ៏រីករាយជាមួយកូន ថ្ងៃដ៏ស្រស់ស្អាត វត្តមានរបស់មនុស្សជាទីស្រលាញ់ ។ នៅពេលដែលយើងអនុវត្តការដឹងគុណ នៅពេលដែលយើងគិតអំពីអ្វីដែលយើងដឹងគុណ វាតែងតែជំរុញអារម្មណ៍របស់យើងឱ្យប្រសើរឡើង ។
តើអ្នកអាចជួយកូនឱ្យសម្របខ្លួនទៅនឹងការផ្លាស់ប្តូរជីវិតដ៏ធំយ៉ាងដូចម្ដេច ? ជាធម្មជាតិ ការផ្លាស់ប្តូរ គឺជាភាពតានតឹង ដូចជាការផ្កាស់ប្តូរផ្ទះ ឬសាលារៀនជាដើម ។ មានគន្លឹះមួយក្នុងការជួយកុមារគ្រប់គ្រងភាពតានតឹងដែលកើតឡើងជាមួយនឹងការផ្លាស់ប្តូរ ៖ រៀបចំពួកគេសម្រាប់អ្វីដែលត្រូវរំពឹងទុក និងអ្វីដែលនឹងកើតទុកជាមុន ។ នៅពេលដែលយើងប្រាប់កុមារឱ្យបានច្រើនតាមតែអាចធ្វើទៅបានអំពីអ្វីដែលនឹងកើតឡើង ហើយឆ្លើយសំណួររបស់ពួកគេឱ្យអស់ពីសមត្ថភាព នោះពួកគេនឹងត្រៀមខ្លួនបានល្អ ហើយងាយស្រួលក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរជីវិតដ៏ធំ ៕ ប្រភព ៖ unicef
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ អបអរសាទរ ការបើកដំណើរការ ៤ សាខា ថ្មីបន្ថែមទៀត សាលារៀនវ៉េស្ទឡាញន៍ សាខាតាខ្មៅ សាខាក្រុងច្បារមន (ខេត្តកំពង់ស្ពឺ) សាខាឈូកមាស និងសាលារៀនណត្សឡាញន៍ សាខាចំការដូង ។ សាលារៀនចាប់ទទួលចុះឈ្មោះកូនៗលោកអ្នករៀងរាល់ថ្ងៃ និងផ្តល់ជូនការសិក្សាសម្រាប់គ្រួសារ, អាហារូបករណ៍រហូតដល់ ៣០% លើតម្លៃសិក្សា, សិក្សាថ្នាក់បំប៉នដោយឥតគិតថ្លៃ, ធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា និងការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ។ ការផ្តល់ជូននេះសម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ៣០/០៦/២០២៤ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ