ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ពលរដ្ឋ​ជាង ​២១ ​ម៉ឺន​នាក់ ចុះ​ឈ្មោះ​ជា​សមាជិក​របប​សន្តិសុខ ​ផ្នែក​ថែទាំ​សុខភាព​ តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត

2 អាទិត្យ មុន

រាជធានីភ្នំពេញ៖ គិត​ត្រឹម​ខែមេសា ២០២៤​ នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចុះ​ឈ្មោះ​សមាជិក​របប​សន្តិសុខ​ផ្នែក​ថែទាំ​សុខភាព ​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​ សរុប​ចំនួន ២១៣…

រាជធានីភ្នំពេញ៖ គិត​ត្រឹម​ខែមេសា ២០២៤​ នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចុះ​ឈ្មោះ​សមាជិក​របប​សន្តិសុខ​ផ្នែក​ថែទាំ​សុខភាព ​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​ សរុប​ចំនួន ២១៣ ១៤៨​នាក់ ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ ឯកឧត្តម ហេង សុ​ផា​ន់​ណា​រិ​ទ្ធ អគ្គនាយករង​បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ។

បើ​តាម​ឯកឧត្តម ក្នុង​ចំណោម​សមាជិក​របប​សន្តិសុខ​ផ្នែក​ថែទាំ​សុខភាព​ តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សរុប ក្នុង​នោះ​មាន​បុគ្គល​ស្វ័​យ​និ​យោជន៍​ចំនួន ១៦៧ ៩១៣​នាក់ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. មាន​ចំនួន ៤៥ ២៣៥ ​នាក់ ​។

ឯកឧត្តម ហេង សុ​ផា​ន់​ណា​រិ​ទ្ធ បន្ថែម​ថា រហូត​មក​ទល់​ពេល​នេះ​សមាជិក ប​.​ស​.​ស​. ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រ​ចិត្ត បាន​ទៅ​ប្រើប្រាស់​សេវា​មាន​ចំនួន ១៨៤ ១៨៦​ដង​ ។ដោយឡែក ការ​ចំណាយ​តាវកាលិក​ទូទាត់​មូលដ្ឋាន​សុខាភិបាល មាន​ចំនួន ៨ ៤៤០​ លាន​រៀល​ ។

ឯកឧត្តម​លើក​ឡើង​ថា ចាប់តាំងពី​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្តន៍​ជា​ផ្លូវការ​ របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​ តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ ក្រសួង​ការងារ បានការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម និង​បាន​ចុះ​យុទ្ធនាការ​តាម​រោងចក្រ សហគ្រាស ផ្ទះ​ជួល ផ្សារ និង​ទីប្រជុំជន​យ៉ាង​សកម្ម​ផង​ដែរ​ ។

ក្នុង​នោះ​ក្រុមការងារ​បាន​ចុះ​យុទ្ធនាការ​តាម​ក្រសួង ស្ថាប័ន រោងចក្រ សហគ្រាស ផ្ទះ​ជួល ផ្សារ និង​ទីប្រជុំជន​សរុប​ចំនួន ៤ ៨៥០​លើក ដែល​មាន​អ្នកចូលរួម​ចំនួន ១ ៤០៨ ៩៧៥​នាក់ និង​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ផ្លូវការ Facebook, Telegram, YouTube, TikTok និង​តាម​បណ្តាញ​សង្គម​របស់​សិល្បករ តារាចម្រៀង និង​អ្នកមាន​ប្រជាប្រិយភាព​ក្នុង​បណ្ដាញ​សង្គម ដោយ​មាន​ចំនួន​ចែករំលែក​បន្ត ៦១ ៤១៣​ ដង និង​ចំនួន​ចូល​ទស្សនា ៥ ២៩៧ ១៤០ ​ដង ​។

ឯកឧត្តម​បាន​គូសបញ្ជាក់​ថា បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក៏​ទទួល​កុមារ​ចូល​ជា​សមាជិក​ផង​ដែរ ក្នុង​នោះ​សម្រាប់​កុមារ (​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​.) ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ ពេល​ក្លាយជា​សមាជិក ប​.​ស​.​ស​. ដែល​អត្ថប្រយោជន៍​ទាំងនោះ​មាន​ដូច​ជា ការ​ព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ ដោយ​ឥត​គិតថ្លៃ​នៅ​គ្រប់​មន្ទីរពេទ្យ​ដៃគូ ប​.​ស​.​ស​. ទូ​ទាំង​ប្រទេស ទាំង​មន្ទីរពេទ្យ​សាធារណ និង​ឯកជន ​។ បន្ថែម​ពី​នេះ​ក្នុង​ករណី​ប្រសិនបើ​កុមារ​ជួប​គ្រោះថ្នាក់ និង​ជំងឺ​ជា​អកុសល ​រហូត​ដល់​ស្លា.ប់​បាត់បង់​ជីវិត បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ​នឹង​ផ្តល់​ប្រាក់​វិភា​ជន៍​បូជាសព​ផង​ដែរ​ ។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​បាន​គូសបញ្ជាក់​ថា ការ​អនុវត្តន៍​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​លើ​កុមារ​គឺជា​ការ​គិត​គួរ​ដល់​សុខមាលភាព​របស់​កុមារ ជា​ពិសេស​ជួយ​ឱ្យ​សុខភាព​របស់​កុមារ​ល្អ​ប្រសើរ​ជាង​មុន​ដែល​អាច​ជួយ​ទៅ​ដល់​ធនធានមនុស្ស​ប្រកបដោយ​សក្តានុពល​ភាព​នា​ពេល​អនាគត​ ៕ អត្ថបទសហការ