ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម​ ថោ ជេដ្ឋា ជួប​ប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំក្រសួង​ចំនួន​ពីរ ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ ​និងអន្តរាគមន៍​លើ​បញ្ហា​ប្រភព​ទឹក​សម្រាប់​ផ្គត់ផ្គង់ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ

2 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ នៅ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម នា​ថ្ងៃ​ទី ​៣០ ខែមេសា ឆ្នាំ ​២០២៤ នេះ…

រាជធានីភ្នំពេញ ៖ នៅ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម នា​ថ្ងៃ​ទី ​៣០ ខែមេសា ឆ្នាំ ​២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ឯកឧត្តម ហែម វណ្ណ​ឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ព្រមទាំង​ឯកឧត្តម​ថ្នាក់ដឹកនាំ នៃ​ក្រសួង​ទាំង​បី បាន​ជួប​ប្រជុំ​ពិភាក្សា​លក្ខណៈ​ចង្អៀត​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​និង​អន្តរាគមន៍​លើ​បញ្ហា​ប្រភព​ទឹក​សម្រាប់​ផ្គត់ផ្គង់​ទឹក​ស្អាត​ជូន​ដល់​ប្រជាពលរដ្ឋ​ ។

សូម​ជម្រាប​ថា បើ​តាម​របាយការណ៍​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បច្ចុប្បន្ន​នេះ មាន​ប្រតិបត្តិ​ករ​ផ្គត់ផ្គង់​ទឹក​ស្អាត​សរុប​ចំនួន ៤២១ ​ទីតាំង ក្នុង​នោះ​មាន​ប្រតិបត្តិ​ករ​ផ្គត់ផ្គង់​ទឹក​ស្អាត​ចំនួន ៩ ​ទីតាំង​កំពុង​ជួប​ប្រទះ​នូវ​បញ្ហា​ខ្វះខាត​ទឹក​សម្រាប់​ផ្គត់ផ្គង់​ជា​ខ្លាំង និង​៥៧​ ទីតាំង​ផ្សេង​ទៀត​អាច​នឹង​មាន​បញ្ហា​ខ្វះខាត​ទឹក ប្រសិនជា​រដូវប្រាំង​នៅ​តែ​បន្ត​អូស​បន្លាយ និង​មិន​មាន​ភ្លៀង​ធ្លាក់​ទាន់​ពេល ​។

ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា បាន​លើក​ឡើង​ថា បន្ទាប់​ពី​ទទួល​បាន​របាយការណ៍​ខាងលើ នាយកដ្ឋាន​ទឹក​ស្អាត និង​អនាម័យ​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចុះ​ប្រមូល​ទិន្នន័យ និង​ធ្វើការ​វាយតម្លៃ​បឋម​ទៅ​លើ​បញ្ហា​ប្រឈម​ស្តី​ពី​កង្វះខាត​ទឹក​សម្រាប់​ផលិត​ទឹក​ស្អាត ដោយ​សហការ​ជាមួយ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ​។

ជា​ដំណោះស្រាយ​ចំពោះ​មុខ ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា បាន​សំណូមពរ​ដល់​ប្រតិបត្តិ​ករ​ផ្គត់ផ្គង់​ទឹក​ស្អាត​សហការ​ជាមួយ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​រាជធានី​-​ខេត្ត និង​អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ ព្រមទាំង​ផ្នែក​ឯកជន ​៖ ទី ​១)​ ខួងអណ្តូង​ដើម្បី​ទាញ​យក​ទឹក​ពីក្រោម​ដី​មក​ប្រើប្រាស់ ​(​ចំពោះ​ទីតាំង​ដែល​មាន​សក្តានុពល ទឹក​ក្រោម​ដី​)​ សម្រាប់​ការ​ផ្គត់ផ្គង់​បណ្តោះអាសន្ន ទី ​២) ​ស្វែងរក​ទឹក​ពី​ប្រភព​ទឹក​លើ​ដី​ផ្សេង​ទៀត ដែល​អាច​មាន​លទ្ធភាព​ក្នុង​ការ​ជួយ​អន្តរាគមន៍​ផ្គត់ផ្គង់​បណ្តោះអាសន្ន​បាន និង​ទី ​៣) ​ទិញ​ទឹក​ដុំ​ពី​ប្រតិបត្តិ​ករ​ជិតខាង ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​ (​ឧ​ទា​. មាន​ករណី​ប្រតិបត្តិ​ករ​នៅ​ខេត្តកំពង់ស្ពឺ​បាន​ទិញ​ទឹក​ដុំ​ពី​ប្រតិបត្តិ​ករ​នៅ​ខេត្តតាកែវ​) ​។

ជាមួយ​គ្នា​នេះ​ដែរ សម្រាប់​ផែនការ​រយៈពេល​វែង ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា បាន​ស្នើ​ឱ្យ​មាន​កិច្ចសហការ​រវាង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដើម្បី ​៖ ទី​ ១)​ ណែនាំ​ដល់​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ប្រតិបត្តិ​ករ​ផ្គត់ផ្គង់ ទឹក​ស្អាត​ខ្នាត​តូច​ឱ្យ​សហការ​ជាមួយ​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​រាជធានី​-​ខេត្ត និង​អាជ្ញាធរ​ដែនដី​ពាក់ ព័ន្ធ ដើម្បី​រៀបចំ​ផែនការ​តម្រូវការ​ប្រើប្រាស់​ទឹក​ប្រចាំខែ ប្រចាំឆ្នាំ​របស់​ខ្លួន​ឱ្យ​បាន​ច្បាស់លាស់ ទី ​២)​ លើក​ផែនការ​ជីក​ស្តា​រអាង​ស្តុក​ទឹក និង​អាង​ទឹក​នៃ​ប្រព័ន្ធ​ធារាសាស្ត្រ​ឬ​បឹង ព្រមទាំង​ធ្វើការ​កែ​លម្អ​សំណង់​ការងារ​ទឹក ដើម្បី​បង្កើន​សមត្ថភាព​ស្តុក​ទឹក​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ក្នុង​ការ​ធានា​ដល់​ការ​ផ្គត់ផ្គង់​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ (​សម្រាប់​ផលិត​ទឹក​ស្អាត​) កសិកម្ម និង​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​ក្នុង​តំបន់ និង​ទី​ ៣) ​សិក្សា​សក្តានុពល​ធនធានទឹក​ក្រោម​ដី និង​ទឹក​លើ​ដី​នៅ​ក្នុង​ក្រប​ខណ្ឌ​អាង​ស្ទឹង​/​ទន្លេ ដែល​អាច​ទាញ ​ឬ​បង្វែរ​ទឹក​ពី​ស្ទឹង ព្រែក អូរ ឬ​ផ្ទៃ​រងទឹក​ភ្លៀង ដើម្បី​នាំ​ទឹក​មក​បំពេញបន្ថែម​នៅ​ក្នុង​ស្រះ ឬ​កន្លែង ស្តុក​ទឹក​ផ្ទាល់ខ្លួន​របស់​ប្រតិបត្តិ​ករ​ផលិត​ទឹក​ស្អាត ដែល​បាន និង​កំពុង​ជួប​បញ្ហា​ប្រឈម​ ៕ អត្ថបទសហការ