
មីជាតិ ចែករំលែកក្តីស្រឡាញ់ជាមួយកុមារអូទីស្សឹម និងដោនស៊ីនដ្រូម នៅវិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៤ មីជាតិ បានរៀបចំកម្មវិធី «ចែករំលែកក្ដីស្រឡាញ់ជាមួយកុមារ…
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៤ មីជាតិ បានរៀបចំកម្មវិធី «ចែករំលែកក្ដីស្រឡាញ់ជាមួយកុមារ…
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៤ មីជាតិ បានរៀបចំកម្មវិធី «ចែករំលែកក្ដីស្រឡាញ់ជាមួយកុមារ អូទីស្សឹម និងដោនស៊ីនដ្រូន» នៅវិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ ខេត្តកណ្ដាល ស្របជាមួយឱកាសនៃការប្រារព្ធទិវាយល់ដឹងពីអូទីស្សឹមពិភពលោក ២ មេសា ក្រោមការឧបត្ថម្ភគាំទ្រទាំងស្រុងដោយ គម្រោងខ្មែរដើម្បីខ្មែរ របស់ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) ដែលបានរៀបចំយ៉ាងអធិកអធម និងមានចូលរួមពីដៃគូអាជីវកម្ម លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្សប្រមាណ ៣៥០ នាក់ ។
ថ្ងៃទី ២ ខែមេសា ត្រូវបានអង្គការសហប្រជាជាតិ កំណត់យកជាទិវាយល់ដឹងពីអូទីស្សឹមពិភពលោក ។ ទិវានេះត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំតាំងពីឆ្នាំ ២០០៨ មក សម្រាប់កម្រិតពិភពលោក និងចាប់ពីឆ្នាំ ២០១៤ មក សម្រាប់ព្រះរាជាណាចក្រកម្ពុជា ។ អូទីស្សឹម គឺជាជំងឺដែលមានកើតឡើងយ៉ាងជាក់ស្តែង និងផ្តល់ផលវិបាកធ្ងន់ធ្ងរខ្លាំងសម្រាប់លោកអ្នកជាឪពុកម្តាយផង និងបុគ្គលអ្នកជំងឺផ្ទាល់ផង ព្រោះវាជាទម្រង់មួយនៃពិការភាព ។ ជាមធ្យមមានមនុស្សម្នាក់ក្នុងចំណោមមនុស្ស ១៥០ កើតជំងឺនេះនៅលើភពផែនដី ។
លោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ និងជាប្រធានអង្គការ HHC បានឱ្យដឹងថា សាលាកុមារអូទីស្សឹមនៃអង្គការ HHC បានបង្កើតឡើងក្នុងរយៈពេល ៩ ឆ្នាំ ហើយបានប្រមូលកុមារពិការភាព ខ្សោយសតិបញ្ញា និងអូទីស្សឹម ឱ្យបានចូលរៀនស្របតាមកម្មវិធីអប់រំពិសេស ដោយសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងមន្ទីរសង្គមកិច្ច ក្នុងការរៀបចំសាលាកុមារអូទីស្សឹម បានចំនួន ៥ ទីតាំង ដោយប្រើប្រាស់ថវិកាឧបត្ថម្ភ កាកបាទក្រហមកម្ពុជា ព្រមសប្បុរសជនជាតិ និងអន្តរជាតិ ។ ហើយសព្វថ្ងៃនេះបានកែរសម្រួលមកជាវិទ្យាល័យអប់រំពិសេស ដែលមានកុមារពិការខ្សោយសតិបញ្ញា និងអូទីស្សឹម បានចុះឈ្មោះចូលរៀនបានចំនួន ២០៥ នាក់ ស្រី ៦៨ នាក់ ។ បន្ថែមពីនេះ លោកនាយកក៏បានសម្តែងនូវការកោតសសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន មីជាតិ ដែលបានផ្តួចផ្តើមរៀបចំកម្មវិធីជួបជុំចែករំលែកក្តីស្រឡាញ់ជាមួយកូនៗកុមារអូទីស្សឹម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ក្នុងទិវាយល់ដឹងពីអូទីស្សឹមពិភពលោក ព្រមជាមួយការពាំនាំនូវគ្រឿងឧបភោគបរិភោគថវិកា និងបង្កើតបរិយាកាសសប្បាយរីករាយទៅដល់កូនៗផងដែល ។
លោកបន្តថា បញ្ហាប្រឈមរបស់វិទ្យាល័យអប់រំ ពិសេសមានការប្រឈមមួយចំនួនដូចជា ៖ ខ្វះអគារសិក្សា សម្ភារ និងធនធាន មនុស្សជាដើម ។ ចាប់ពីឆ្នាំ ២០២៤ តទៅ ខ្ញុំបាទនឹងបន្តខិតខំរកជំនួយមកសាសង់សាលារៀនបន្ថែមដើម្បីឆ្លើយតបទៅនិងសិស្សចំនួនជិត ១៨០ នាក់ដែលកំពុងរងចាំ និងស្វែងរកដៃគូអភិវឌ្ឍមកពីខាងក្រៅប្រទេសដើម្បីសម្រេចគោលដៅដ៏សំខាន់នេះឱ្យបានសម្រេចជាស្ថាពរនៅបំណាច់ឆ្នាំ ២០៣០ ។
លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) បានមានប្រសាសន៍ថា ដោយមើលឃើញ ពីតម្រូវការចាំបាច់នៃវិទ្យាល័យ គួបផ្សំជាមួយឱកាសនៃការប្រារព្ធ ទិវាយល់ដឹងពីកុមារអូទីស្សឹមពិភពលោក ក្រុមការងារ មីជាតិ បានឯកភាពគ្នាក្នុងការរៀបចំនៅជួបជុំមួយនេះឡើង ដើម្បីបានមកជម្រាបសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងពាំនាំនូវសម្ភារចំបាច់ រួមមានគ្រឿង ៖ឧបភោគបរិភោគ អមដោយសកម្មភាពកម្សាន្តដើម្បីចូលរួមចែករំលែកភាពសប្បាយរីករាយដល់កូនៗទាំងអស់ រួមទាំងជួយសម្រួលដល់តម្រូវការចាំបាច់ ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់វិទ្យាល័យនិយាយជារួម និងនិយាយដោយឡែកគឺផ្តល់នូវការស្រលាញ់រាប់អាន និងភាពកក់ក្តៅចំពោះកូនៗកុមារអូទីស្សឹម ។
បន្ថែមពីនេះ លោកជំទាវ ក៏បានខ្ញុំអំពាវនាវដល់ ឪពុកម្តាយ សូមយកចិត្តទុកដាក់និងតាមដានពីសុខភាព កូនៗ ចាប់តាំងពីពេលសម្រាល ប្រសិនបើមានសញ្ញាមិនប្រក្រតីណាមួយសូមរួសរាន់ស្វែងរកសេវាប្រឹក្សាយោបល់ និងវេជ្ជសាស្ត្រឱ្យបានលឿន ដើម្បីធានាដល់ការព្យាបាលកុមារ និងកូនៗរបស់លោកអ្នកបានទាន់ពេលវេលា ។ ការជួយកុមារបានទាន់ពេលអាចជួយកុមារឱ្យមានការរីកចម្រើនសុខមាលភាពល្អប្រសើរទាំងសមត្ថភាពរាងកាយ និងបញ្ញាស្មារតីរបស់ពួកគេ ។
លោកជំទាវបន្តថា មីជាតិ បានតាំងចិត្ត ក្នុងការបន្តចូលរួមឧបត្ថម្ភគាំទ្រ ដល់ការបង្កើតឱ្យមានគម្រោងថ្មីៗបន្ថែមទៀត ដើម្បីចូលរួមដោះស្រាយ និងឆ្លើយតបបញ្ហាសង្គម លើគ្រប់វិស័យឱ្យកាន់តែទូលំទូលាយ ។ ក្នុងឱកាសនេះផងដែលខ្ញុំ និងក្រុមការងារមីជាតិ បាននាំមកជូននូវសម្ភារ និងស្បៀងអាហារមួយចំនួនជូនវិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ មានដូចជា ៖ មីជាតិ វីតាល់ ជាច្រើនកេស, អង្ករ, សម្ភារសិក្សា និងថវិកាមួយចំនួនផងដែរ ។
គួរបញ្ចាក់ផងដែរថា កម្មវិធីសួរសុខទុក្ខផ្តល់អំណោយមនុស្សធម៌ ក្នុងឱកាសទិវាយល់ដឹងពីកុមារអូទីស្សឹមពិភពលោក ដែលរៀបចំឡើងដោយក្រុមហ៊ុន មីជាតិ នេះកើតឡើងបានក៏ដោយសារការគាំទ្រពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផលិតផលមីជាតិ ដែលជាមីឆ្អិនស្រាប់មុនដំបូងគេនៅកម្ពុជា និងមានរសជាតិឆ្ងាញ់ពិសា រសជាតិបែបខ្មែរ បង្កើតឡើងដោយជនជាតិខ្មែរ សម្រាប់ប្រជាជនកម្ពុជា ។ មីជាតិ ប្តេជ្ញាបន្តចូលរួមចំណែកក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានាបន្តទៀត ដើម្បីបុព្វហេតុជាតិមាតុភូមិ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ