
សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ទទួលថវិកាឧបត្ថម្ភពីក្រុមហ៊ុន ជីប ម៉ុង ចំនួន ២០ ម៉ឺនដុល្លារ
រាជធានីភ្នំពេញ ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ទទួលថវិកាឧបត្ថម្ភឆ្នាំទី ២ ពីក្រុមហ៊ុន ជីប ម៉ុង ចំនួន…
រាជធានីភ្នំពេញ ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ទទួលថវិកាឧបត្ថម្ភឆ្នាំទី ២ ពីក្រុមហ៊ុន ជីប ម៉ុង ចំនួន…
រាជធានីភ្នំពេញ ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ទទួលថវិកាឧបត្ថម្ភឆ្នាំទី ២ ពីក្រុមហ៊ុន ជីប ម៉ុង ចំនួន ២០ ម៉ឺនដុល្លារ ដើម្បីគាំទ្រដល់សកម្មភាពមនុស្សធម៌ ។ នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) បានអញ្ជើញក្នុងពិធីប្រគល់-ទទួលថវិកាឧបត្ថម្ភចំនួន ២០ ម៉ឺនដុល្លារពីក្រុមហ៊ុន ជីប ម៉ុង ដែលតំណាងដោយអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ។
ពិធីប្រគល់-ទទួលថវិកាឧបត្ថម្ភនេះគឺស្ថិតនៅក្នុងអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ជីប ម៉ុង និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ដែលមានរយៈពេល ៥ ឆ្នាំចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៧ ដោយក្នុង ១ ឆ្នាំក្រុមហ៊ុន ជីប ម៉ុង ធ្វើការប្រគល់ថវិកាឧបត្ថម្ភចំនួន ២០ ម៉ឺនដុល្លារ សរុប ៥ ឆ្នាំគឺ ១ លានដុល្លារសហរដ្ឋអាមេរិក ។
នាឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ជីប ម៉ុង ដែលបានចូលរួមចំណែក និងជួយគាំទ្រដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោកន្លងមក ។ លោកជំទាវបណ្ឌិត មានប្រសាសន៍ទៀតថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ បានដំណើរការ ១១ ឆ្នាំ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ ២០២៣ ដែលមានសមាជិកសរុបចំនួនជាង ៨ ពាន់នាក់ ។
លោកជំទាវបណ្ឌិត បញ្ជាក់ថា ក្នុងភារកិច្ចរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ តែងតែរៀបចំសកម្មភាពកាន់តែច្រើនជាងមុនដោយផ្អែកលើចំនួននៃសមាជិកដែលកើនឡើង ក្នុងគោលដៅប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងកិច្ចការមនុស្សធម៌តែមួយប៉ុណ្ណោះ ។ លោកជំទាវបណ្ឌិត បញ្ជាក់ទៀតថា ជាក់ស្ដែងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលជំងឺកូវីដ ១៩ សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានទទួលការគាំទ្រ និងជួយឧបត្ថម្ភដំបូងគេពីក្រុមហ៊ុន ជីប ម៉ុង ដោយធ្វើការបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីបម្រើទៅដល់តម្រូវការនានា ។
លោកជំទាវបណ្ឌិត បញ្ជាក់ទៀតថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានប្រមូលនូវធនធានជំនាញក្នុងវិស័យសុខាភិបាល ធ្វើយ៉ាងណាប្រើប្រាស់នូវជំនាញ និងសមត្ថភាពរបស់ក្រុមគ្រូពេទ្យនីមួយៗ ដើម្បីជួយដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋខ្វះខាតជាដើម ។ សមាគមមានគោលដៅរៀបចំការបណ្តុះបណ្តាលគ្រូពេទ្យស្ម័គ្រចិត្តឲ្យមានជំនាញកាន់តែប្រសើរជាងនេះ ដោយធ្វើការបញ្ជូនទៅសិក្សាជំនាញទាំងនោះនៅក្តៅប្រទេស ដូចជា តៃវ៉ាន់ សធារណរដ្ឋកូរ៉េ និងបារាំង ។
លោកជំទាវបណ្ឌិត បន្ថែមទៀតថា នាដើមខែធ្នូខាងមុខ សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ នឹងរៀបចំជាសន្និសីទបង្ហាញពីវិធីព្យាបាល ហៅថា Medical Conference រយៈពេល ២ ថ្ងៃ ពីថ្ងៃទី ២ ដល់ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៣ ដើម្បីបណ្តុះបណ្តាល និងបង្ហាញពីវិធីព្យាបាលទៅតាមប្រភេទជំងឺប្រកបដោយជំនាញ និងវិជ្ជាជីវៈ ។
ជាមួយគ្នា អ្នកឧកញ៉ា លាង ឃុន បានលើកឡើងថា ក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍សង្គមជាតិតាមរយៈសកម្មភាពផ្សេងៗ ជាក់ស្តែងការឧបត្ថម្ភថវិកាជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោនៅថ្ងៃនេះជាសកម្មភាពមួយដែលមិនអាចខ្វះបាន ដើម្បីការងារមនុស្សធម៌ជូនប្រជាពលរដ្ឋ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ