រាជធានីភ្នំពេញ ៖ ធនាគារ ប្រ៊ីដ បានសហការជាមួយ បុរី វិមានភ្នំពេញ ដើម្បីអនុញ្ញាតឱ្យអតិថិជនងាយស្រួលស្នើកម្ចីឥណទានទិញផ្ទះជាមួយធនាគារក្នុងអត្រាការប្រាក់ពិសេស ។
ពិធីចុះហត្ថលេខារវាងធនាគារ ប្រ៊ីដ និង បុរី វិមានភ្នំពេញ ធ្វើឡើងនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣ ។ ការចុះកិច្ចសហប្រតិបត្តិការនេះមានអត្ថប្រយោជន៍ច្រើនដល់អតិថិជនគោលដៅ ដែលពួកគាត់អាចដាក់ពាក្យកម្ចីបានងាយស្រួល ក្នុងការទិញផ្ទះពីបុរី វិមានភ្នំពេញ ។ កម្មវិធីនេះធ្វើឡើងដោយមានអ្នកចូលរួមពីសំណាក់អគ្គនាយកប្រតិបត្តិ អ្នកគ្រប់គ្រង និងភ្ញៀវកិត្តិយសតំណាងដោយក្រុមហ៊ុនទាំងពីរភាគី ។
លោក Richard Liew អគ្គនាយកប្រតិបត្តិនៃធនាគារ ប្រ៊ីដ បានឱ្យដឹងថា អតិថិជនដែលមានបំណងចង់ទិញផ្ទះថ្មី ប៉ុន្តែគ្មានលុយគ្រប់គ្រាន់ ក៏អាចទិញផ្ទះថ្មីដើម្បីបំពេញបំណងប្រាថ្នាដែលខ្លួនចង់បាន និងប្រឹក្សាជាមួយអ្នកជំនាញផ្នែកលក់ពីខាងបុរី វិមានភ្នំពេញ និងជាមួយធនាគារពាណិជ្ជប្រ៊ីដ ។ លោក Richard Liew បានបញ្ចាក់ថា ៖ «ធនាគារពិតជាមានសេចក្តីសោមន្សរីករាយយ៉ាងខ្លាំងក្នុងការពង្រឹងទំនាក់ទំនង និងចុះកិច្ចអនុស្សរណៈយោគយល់លើការផ្តល់ជូនឥណទានគេហដ្ឋាន ជាមួយអតិថិជនរបស់ បុរី វិមានភ្នំពេញ ។ ការចុះកិច្ចសហប្រតិបត្តិការនេះ គឺជាសមិទ្ធផលរបស់ធនាគារ ប្រ៊ីដ ក្នុងការផ្តល់ជូនកម្ចីទិញគេហដ្ឋានក្នុងតម្លៃសមរម្យដែលអតិថិជនអាចទទួលបានកម្ចីរហូតដល់ទៅ ៨០ ភាគរយ នៃតម្លៃផ្ទះ និងរយៈពេលកម្ចីបានរហូតដល់ទៅ ២៥ ឆ្នាំ ជាមួយនឹងអត្រាការប្រាក់ពិសេស ។ បន្ថែមលើសពីនេះ រាល់អតិថិជនដែលទទួលបានកម្ចីពីធនាគារ ពួកគាត់នឹងទទួលបាន កាតសមាជិកដែលមានតម្លៃរហូតដល់ ៦០០ ដុល្លារសហរដ្ឋអាមេរិចដើម្បីទូទាត់ជាមួយដៃគូអាជីវកម្មរបស់ធនាគារ ប្រ៊ីដ» ។
លោក មឿង រដ្ឋា នាយកប្រតិបត្តិ នៃបុរី វិមានភ្នំពេញបានលើកឡើងថា «ការចុះកិច្ចសហប្រតិបត្តិការនេះពិតជាសំខាន់ នៅក្នុងការផ្តល់ជូនកម្ចីឥណទានជូនអតិថិជនដែល មានបំណងចង់បានផ្ទះក្នុងក្តីស្រម៉ៃរបស់ពួកគេ មិនថាគេចង់ទិញសម្រាប់រស់នៅ ឬ ប្រកបអាជីវកម្មក៏ដោយ។ ហើយបុរី វិមានភ្នំពេញគឺរីករាយដែលបានសហការជាមួយធនាគារប្រ៊ីដ លើកម្ចីទិញគេហដ្ឋាន ។
បុរី វិមានភ្នំពេញ គឺជាក្រុមហ៊ុនសាងសង់លំនៅដ្ឋាន ដែលជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន លី ហួរ គ្រុប បង្កើតឡើងដោយ អ្នកឧកញ្ញា លី ហួរ ផ្ទាល់ ។ បុរី វិមានភ្នំពេញ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១១ មក គិតមកដល់បច្ចុប្បន្នមាន ១៦ គម្រោងហើយ ទាំងនៅភ្នំពេញ និងបានបណ្ដាខេត្តមួយចំនួន ដែលមានប្រភេទផ្ទះជាច្រើនសម្រាប់ជ្រើសរើសដូចជា ៖ អគារពាណិជ្ជកម្ម ផ្ទះអាជីវកម្ម វីឡាភ្លោះ វីឡាទោលតូចធំ ផ្ទះល្វែង និង វីឡាកូនកាត់ ដែលស្ថិតនៅទីតាំងពិសេសៗដូចជា តំបន់ផ្លូវ ឯ.ក ជាសុផារ៉ា (៥៩៨) មហាវិថី ៣០ ម៉ែត្រជិតក្រសួងដែនដី តាមបណ្ដោយផ្លូវជាតិលេខ ៦ អា ជ្រោយចង្វារ និងនៅស្រុកស្នួលខេត្តក្រចេះ ជាមួយតម្លៃសមរម្យ វិធីបង់ប្រាក់ងាយស្រួលមានភាពបត់បែន និងច្រើនជម្រើស។ សម្រាប់ព័ត៌មានបន្ថែមអំពី បុរី វិមានភ្នំពេញ សូមចូលមកកាន់គេហទំព័រ ៖https://www.facebook.com/BoreyVimeanPhnomPenh ។
ដោយឡែកធនាគារពាណិជ្ជ ប្រ៊ីដ ម.ក គឺជាធនាគារក្នុងស្រុកបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងឆ្នាំ ២០១៤ ដែលជាបុត្រសម្ព័នរបស់ក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប ។ ធនាគារប្រ៊ីដ មានផ្តល់ជូននូវសេវាកម្មជាច្រើន រួមមានទាំងឥណទានទិញផ្ទះ ទិញរថយន្ត កម្ចីបុគ្គល កម្ចីអាជីវកម្ម ក៏ដូចជា ផ្តល់ជូននូវសេវាបញ្ញើ បញ្ញើសន្សំ បញ្ញើសន្សំមានកាលកំណត់ បញ្ញើឈ្លាសវៃ សេវាបើកប្រាក់បៀវត្ស និងសេវាផ្ទេរប្រាក់ ។ ធនាគារប្រ៊ីដជាធនាគារពាណិជ្ជក្នុងស្រុកដែលមានចក្ខុវិស័យក្នុងការ ក្លាយជាដៃគូហិរញ្ញវត្ថុ ដែលលោកអ្នកពេញចិត្តក្នុងថ្ងៃនេះនិងនាពេលអនាគត និង ប្តេជ្ញាផ្តល់ជូនសេវាហិរញ្ញវត្ថុដែលអ្នកអាចជឿទុកចិត្តបាន តាមរយៈស្តង់ដារសេវាកម្មសកល ធ្វើឲ្យការប្រើប្រាស់សេវាធនាគារមានភាពងាយស្រួល និងសុវត្ថិភាព ។
សម្រាប់ព័ត៌មានបន្ថែមអំពីធនាគារប្រ៊ីដសូមចូលមកកាន់គេហទំព័រ ៖http://www.bridgebank.com.kh ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ