ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មន្ទីរ​សំរាក​ព្យាបាល កម្ពុជា ប្រារព្ធ​ពិធី​អបអរសាទរ​ខួប ៩​ ឆ្នាំ និង​ក្លាយ​មន្ទីរ​សម្រាក​ព្យាបាល​ឈានមុខ​គេ​ក្នុង​ការ​ព្យាបាល​ជំងឺ​លំបាក​មានកូន​នៅ​​កម្ពុជា

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ទីរ​សំរាក​ព្យាបាល កម្ពុជា បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប ​៩ ​ឆ្នាំ របស់​ខ្លួន កាលពី​ថ្ងៃ​ទី​ ១៥…

រាជធានី​ភ្នំពេញ ៖ មន្ទីរ​សំរាក​ព្យាបាល កម្ពុជា បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប ​៩ ​ឆ្នាំ របស់​ខ្លួន កាលពី​ថ្ងៃ​ទី​ ១៥ ខែកញ្ញា ឆ្នាំ​ ២០២៣ នៅ​សណ្ឋាគារ ហា​យ​យ៉ា​ត់រី​ចេ​ន​ស៊ី ដោយ​ក្នុង​រយៈពេល ​៩ ​ឆ្នាំ​នេះ មន្ទីរ​សំរាក​ព្យាបាល កម្ពុជា បាន​និង​កំពុង​ឈានមុខ​គេក្នុង​ការ​ព្យាបាល​អ្នកជំងឺ​លំបាក​មានកូន​ជាង ​៣០០០ ​គ្រួសារ​ដោយ​ជោគជ័យ តាម​រយៈ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​បង្ក​កំណើត​កូន​ក្រៅ​ខ្លួន ដូច​ប្រទេស​ជឿនលឿន នៅ​ក្នុង​តំបន់​និង​ពិភពលោក​ដែរ​ ។

មន្ទីរ​សំរាក​ព្យាបាល កម្ពុជា ទទួល​បានការ​គាំទ្រ និង​ជឿជាក់​លើ​ការ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ចំពោះ​អ្នកជំងឺ ដោយ​ផ្តោត​លើ ប្រសិទ្ធភាព សុវត្ថិភាព និង​ក្រមសីលធម៌​វិជ្ជាជីវៈ​សុខាភិបាល ​។ ក្រុម​វេជ្ជបណ្ឌិត​ឯកទេស និង​អ្នកជំនាញ​វេជ្ជសាស្ត្រ ដែល​មាន​បទ​ពិសោធ​ច្រើន​ឆ្នាំ និង​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ បូក​រួម​ជាមួយ​បច្ចេកវិទ្យា​ចុង​ក្រោយ ធ្វើ​ឲ្យ​មន្ទីរពេទ្យ​សម្រេច​អត្រា​ជោគជ័យ​ខ្ពស់​ ។ ជា​លទ្ធផល មន្ទីរ​សំរាក​ព្យាបាល​ កម្ពុជា ទទួល​បាន​វិញ្ញាបនបត្រ ISO 9001:2015 (​គ្រប់គ្រង​រាល់​ប្រតិបត្តិការ​ទាំងអស់​) ពី​វិទ្យាស្ថាន និយ័ត​ករ British Standards Institute នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ដើម្បី​សម្រេច​បាន​នូវ​ប្រសិទ្ធភាព និង​សុវត្ថិភាព​ជូន​អ្នកជំងឺ​ ។

លើស​ពី​ឧត្តមភាព​ក្នុង​វេជ្ជសាស្ត្រ​ព្យាបាល មន្ទីរ​សំរាក​ព្យាបាល កម្ពុជា បាន​ផ្តល់​អ​ទិ​ភាព ក្នុង​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​ការ​អភិវឌ្ឍ​សមត្ថភាព​វេជ្ជបណ្ឌិត និង​អ្នកជំនាញ ដើម្បី​ធានា​ឲ្យ​បាន​នូវ​អត្រា​ជោគជ័យ​កាន់តែ​ខ្ពស់ ។ ជាក់ស្តែង កាលពី​ថ្ងៃ​ទី​ ១៨ ខែធ្នូ ឆ្នាំ​ ២០២២ មន្ទីរ​សំរាក​ព្យាបាល កម្ពុជា បាន​រៀបចំ​សិក្ខា​សាលាដំបូង​ស្តី​អំពី​បច្ចុប្បន្នភាព​នៃ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ជំនួយការ​បង្ក​កំណើត​ក្រៅ ដែល​មានការ​ចូលរួម​ពី​វាគ្មិន​ជាតិ​ និង​អន្តរជាតិ​មក​ពី​អឺ​រុ​ប សហរដ្ឋអាមេរិក សិង្ហ​បូ​រី និងវៀតណាម ក្នុង​គោលបំណង​បង្កើត​នូវ​វេទិកា​ប្រចាំឆ្នាំ​សម្រាប់​បទ​បង្ហាញ​ផ្សេង​ៗ ដែល​ផ្តល់​ចំណេះដឹង​អំពី​របកគំហើញ​ថ្មី​ៗ ក្នុង​ការ​ព្យាបាល​ជំងឺ​លំបាក​មានកូន សម្រាប់​វេជ្ជបណ្ឌិត និង​អ្នកឯកទេស​ពាក់ព័ន្ធ​សុខភាព​បង្ក​កំណើត​។ ជាមួយនឹង​អ​ទិ​ភាព​នៃ​ការ​សិក្សា​ស្រាវជ្រាវ​នេះ មន្ទីរ​សំរាក​ព្យាបាល កម្ពុជា ក៏​បាន​ផ្តល់​នូវ​ការ​បណ្តុះបណ្តាល​បច្ចេកទេស​ជា​ប្រចាំ ដល់​អ្នក​ប្រតិបត្តិ​វេជ្ជសាស្ត្រ​និង​អ្នកគ្រប់គ្រង ដើម្បី​ផ្តល់​នូវ​សេវា​ព្យាបាល​ល្អ​ប្រសើរ​បំផុត ជូន​ដល់​អ្នកជំងឺ ​។

លើស​ពី​ការ​ទទួលស្គាល់​និង​ទំនុកចិត្ត​ក្នុង​ប្រទេស ឧត្តមភាព​នៃ​មន្ទីរ​សំរាក​ព្យាបាល កម្ពុជា ក៏​ត្រូវ​បាន​ទទួលស្គាល់​ក្នុង​វេទិកា​តំបន់​ផង​ដែរ ​។ កាលពី​ថ្ងៃ​ទី​ ៩ ខែកញ្ញា ឆ្នាំ​ ២០២៣ កន្លង​ទៅ​ថ្មី​ៗ​នេះ លោកស្រី​វេជ្ជបណ្ឌិត ស៊ា​ន សុខ​ទៀង ​នាយិកា​បច្ចេកទេស​ និង​ជា​សហ​ស្ថាបនិក មន្ទីរ​សំរាក​ព្យាបាល កម្ពុជា បាន​ទទួល​កិ​តិ្ត​យស​ក្លាយជា​អ្នកតំណាង​ប្រចាំ​ប្រទេស របស់​កម្ពុជា នៅ Asia Pacific Initiative on Reproduction ( ASPIRE សន្និសីទ​អាស៊ី​បា​ស៊ី​ហ្វិ​ក​ស្តី​ពី​សុខភាព​បង្ក​កំណើត​)​ ។ វេទិកា​ដ៏​សំខាន់​នេះ ជំរុញ​ធ្វើ​អោយ​ប្រសើរ​ឡើង​ក្នុង​ប្រតិបត្តិ​ព្យាបាល​លំបាក​មានកូន​ប្រកបដោយ​គុណភាព បង្កើន​ការ​យល់​ដឹង​ពី​ការ​ឈាន​ទៅ​មុខ​នៃ​នីតិវិធី​ព្យាបាល និង​ជំរុញ​អោយ​វេជ្ជបណ្ឌិត​ឯកទេស​កាន់តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឹក្សា​និង​ព្យាបាល​អ្នកជំងឺ​លំបាក​មានកូន​ ។

លោកស្រី​វេជ្ជបណ្ឌិត ស៊ា​ន សុខ​ទៀង បាន​លើក​ឡើង​ថា ​៖ «​នាង​ខ្ញុំ​ជឿជាក់​ថា ប្រសិទ្ធភាព​និង​សុវត្ថិភាព ជា​គោលការណ៍​ចម្បង​ក្នុង​អាជីព​ជា​វេជ្ជបណ្ឌិត ​។ ក្នុង​ការ​ព្យាបាល​យើង​តែង​ចង់​មាន​ប្រសិទ្ធភាព​និង​ទទួល​បាន​លទ្ធផល​តាម​ការ​រំពឹង​ទុក ប៉ុន្តែ​សុវត្ថិភាព​របស់​អ្នកជំងឺ កាន់តែ​មាន​សារៈសំខាន់​។ ក្នុង​នាម​ជា​វេជ្ជបណ្ឌិត និង​នាយិកា​បច្ចេកទេស នៃ​មន្ទីរ​សំរាក​ព្យាបាល កម្ពុជា នាង​ខ្ញុំ​និង​បុគ្គលិក​បច្ចេកទេស​ទាំងអស់ តែងតែ​ផ្តល់​នូវ​ការ​យកចិត្តទុកដាក់​យ៉ាង​ខ្ពស់​បំផុត និង​ម៉ត់ចត់ គ្រប់ការ​ព្យាបាល​និង​គ្រប់ពេលវេលា ​។​»

គួរ​បញ្ជាក់​ផង​ដែរ​ថា អត្រា​មានកូន ត្រូវ​បាន​គេ​ផ្តល់​និយម​ន័យ​ថា ជា​ចំនួន​កូន​ជា​មធ្យម​ដែល​ស្រី្ត​អាច​មាន ក្នុង​អាយុ​ដែល​គាត់​អាច​បង្ក​កំណើត​បាន ​។ ក្រោយ​ពី​របប​ខ្មែរក្រហម ឆ្នាំ​ ១៩៧៩ អត្រា​មានកូន​នៅ​កម្ពុជា កើនឡើង​គំហុក​ជិត​ដល់​ចំនួន​ ៦ ដែល​ត្រូវ​បាន​គេ​ហៅ​ថា Post Khmer Rouge Baby Boom (​កំណើត​កូន​កើន​ដោយ​គំហុក​ក្រោយ​របប​ខ្មែរក្រហម​) ហើយ​គេ​ប្រដូច​ទៅ​នឹង World War II Baby Boom (​កំណើត​កូន​កើន​ដោយ​គំហុក​ក្រោយ​សង្គ្រាមលោក​លើក​ទី ​២) ​។

ប៉ុន្តែ បើ​តាម​សម្តី​ដកស្រង់​ចេញពី​បទ​បង្ហាញ​របស់​លោក​សាស្ត្រាចារ្យ ដូ​មី​និក ដឺ​ហ្ស៊ី​ឃ្លែ​រ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​វិទ្យាសាស្ត្រ នៃ​មន្ទីរ​សំរាក​ព្យាបាល កម្ពុជា និង​ជា​សិក្សា​ធិ​ករ​ដែល​បាន​ស្រាវជ្រាវ​និង​និពន្ធ​ជាង ​២៥០ ​អត្ថបទ​ស្រាវជ្រាវ ក្នុង​វិស័យ​សុខភាព​បង្ក​កំណើត បានអោយ​ដឹង​ថា​ ៖ «​បច្ចុប្បន្នភាព​បង្ហាញ​ថា ការ​បន្ត​យល់​ឃើញ​បែប​នេះ ជា​ការ​យល់​ច្រឡំ និង​កំណើត​កូន​កើន​ដោយ​គំហុក​ក្រោយ​របប​ខ្មែរក្រហម លែង​មាន​ទៀត​ហើយ​»​ ។ អត្រា​មានកូន​បច្ចុប្បន្ន​នៅ​ប្រទេស​កម្ពុជា បាន​ធ្លាក់​ចុះ​ច្រើន​គួរ​អោយ​កត់សម្គាល់ មក​ត្រឹមតែ​លើស​ ២​ បន្តិច​ប៉ុណ្ណោះ ស្មើនឹង​អត្រា​នៅ​ប្រទេស​វៀតណាម​ ។
លោក​សាស្ត្រាចារ្យ​បាន​បន្ថែម​ទៀត​ថា ដើម្បី​ចំនួន​ប្រជាជន​នៃ​ប្រទេស​មួយ​មាន​ស្ថិរភាព អត្រា​មានកូន​ត្រូវ​ស្ថិត​នៅ​ត្រឹម​ចាប់ពី​ ២,១​ឡើង​ទៅ ហើយ​ថា​អត្រា​ទាប​ជាង​នេះ ច្បាស់​ណាស់ មិន​អាច​ធានា​បាន​នូវ​ស្ថិរភាព​ចំនួន​ប្រជាជន​មិន​អោយ​ធ្លាក់​ចុះ​បាន​ទេ ។

បើ​មើល​ពី​ទិដ្ឋភាព​ធុរកិច្ច​អាជីវកម្ម មន្ទីរ​សំរាក​ព្យាបាល កម្ពុជា ប្រកាន់​យក​គោលការណ៍​ប្រតិបត្តិ នៃ​ភាព​ច្បាស់ ត្រូវ និង​ស្មោះត្រង់ ដើម្បី​ធានា​បាន​នូវ​ការ​ព្យាបាល​ប្រកបដោយ​ប្រសិទ្ធភាព សុវត្ថិភាព និង​ការ​ពេញចិត្ត​និង​ទំនុកចិត្ត​ខ្ពស់ ​។

លោក ហោ សំណាង ប្រធាន​ក្រុមប្រឹក្សាភិបាល​និង​ជា​អគ្គនាយក បាន​លើក​ឡើង​នូវ​ភាព​ច្បាស់លាស់​អំពី​លទ្ធផល ដែល​ត្រូវ​រួម​គ្នា​សម្រេច​ឲ្យ​ខាង​តែ​បាន នូវ​ដំណោះស្រាយ​វេជ្ជសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​សម្រាប់​ប្រជាជន​និង​ប្រទេស​កម្ពុជា​ ។ គំនិត​ផ្តួចផ្តើម​ដំបូង​ក្នុង​វិស័យ​សុខភាព​បង្ក​កំណើត​ក្នុង​ប្រទេស​កម្ពុជា និង​ការ​សម្រេចចិត្ត​ដ៏​មោះមុត បាន​ផ្តល់​ឱកាស​ដល់​គ្រឹះស្ថាន​នេះ ចូលរួម​យ៉ាងច្រើន​ឥត​ឧបមា ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សង្គម​រួម​មាន ការ​លែងលះ អស់សង្ឃឹម បាក់ទឹកចិត្ត និង​អំពើ​ហិ.ង្សា​ក្នុង​គ្រួសារ ដែល​ផ្តើម​ចេញ​មក​ពី​វិបត្តិ​មិន​មានកូន និង​សម្រាល​បញ្ហា​សេដ្ឋកិច្ច ដោយ​ជួយ​កាត់​បន្ថយ​ចំណាយ​ច្រើន​សន្ធឹកសន្ធាប់ របស់​ប្រជាជន​កម្ពុជា ក្នុង​ការ​ទៅ​ទទួល​សេវា​ព្យាបាល​នេះ នៅ​បរទេស ​។

«​កាល​ណោះ ខ្ញុំ​ព្យាយាម​ណាស់ ហើយ​នៅ​តែ​មិន​មានកូន​ ។ ខ្ញុំ​អស់សង្ឃឹម ​។ ខ្ញុំ​ក៏​បានលឺ​ពី​ការ​ព្យាបាល​លំបាក​មានកូន ​។ ខ្ញុំ​សម្រេចចិត្ត​ថា​ព្យាបាល​ ។ ខ្ញុំ​សម្រេច​បំណង​បានកូន​១ ដែល​ជា​កូន​បង្ក​កំណើត​ក្រៅ​ខ្លួន​ទី​១​របស់​កម្ពុជា​ ។ ឥឡូវនេះកូន​ខ្ញុំ​អាយុ ​៨ ​ឆ្នាំ​ហើយ​» នេះ​ជាស​ម្តី​របស់​អ្នកស្រី បេង ចាន់​រី ដែល​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្រុងព្រះសីហនុ​ ។ ឥឡូវនេះ អ្នកស្រី​មានកូន​ ២ ​ហើយ ​៕ អត្ថបទសហការ