រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ជីស៊ី អូរឫស្សី ឯ.ក ដែលជាអ្នកអភិវឌ្ឍគម្រោងផ្សារ ជីស៊ី អូរឫស្សី បានប្រកាសបដិសេធចំពោះការចុះផ្សាយរបស់សារព័ត៌មានមួយចំនួន ដែលមានគោលដៅបង្ខូចឈ្មោះរបស់ខ្លួន ។
អ្នកអភិវឌ្ឍខាងលើអះអាងថា សារព័ត៌មានទាំងនោះបានចោទប្រកាន់ដោយគ្មានមូលដ្ឋានត្រឹមត្រូវ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងទំនុកចិត្តរបស់អតិថិជនមកលើក្រុមហ៊ុន ដោយក្រុមហ៊ុនមិនអាចទទួលយកការចោទប្រកាន់បែបនោះបានឡើយ ។
ដើម្បីជម្រះការចោទប្រកាន់ទាំងនេះ ក្រុមហ៊ុន ជីស៊ី អូរឫស្សី បានបញ្ជាក់នូវជំហររបស់ខ្លួន ក្នុងការចូលរួមអភិវឌ្ឍ និងវិនិយោគលើវិស័យអចលនវត្ថុនៅកម្ពុជាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចខាងក្រោម ៖
ទី ១. គម្រោងផ្សារ ជីស៊ី អូរឫស្សី របស់ក្រុមហ៊ុនជីស៊ី អូរឫស្សី គឺជាគម្រោងមួយមានលក្ខណៈច្បាស់លាស់ និងបានសិក្សាយ៉ាងល្អិតល្អន់ ដើម្បីបំពេញនូវសេចក្តីត្រូវការរបស់អតិថិជន និងសាធារណជនទាំងអស់ ដែលចាប់អាម្មរណ៍លើគម្រោងរបស់ក្រុមហ៊ុន ។ ក្រុមហ៊ុនជីស៊ី អូរឫស្សី លើកឡើងថា បច្ចុប្បន្ននេះ ខ្លួនបាននិងកំពុងបុកគ្រឹះត្រៀមលក្ខណៈសាងសង់ ឱ្យស្របតាមគម្រោងរបស់ក្រុមហ៊ុនជូនអតិថិជន ដោយមិនមានការយឺតយ៉ាវនោះទេ ។
ទី ២. ក្រុមហ៊ុន ជីស៊ី អូរឫស្សី ឯ.ក នៅតែរក្សាជំហរយ៉ាងខ្ជាប់ខ្ជួនរបស់ខ្លួន លើការអនុវត្តគម្រោងផ្សារ ជីស៊ី អូរឫស្សី និងគោរពទៅតាមខ្លឹមសារនៃកិច្ចសន្យា ដែលបានចុះជាមួយអតិថិជនទាំងអស់ ក្នុងស្មារតីសុចរិត និងការទទួលខុសត្រូវខ្ពស់បំផុត ។
យោងតាមសេចក្តីប្រកាសពត៌មានរបស់ក្រុមហ៊ុនជីស៊ី អូរឫស្សី បានបង្ហាញទៀតថា ប្រសិនបើក្រុមហ៊ុនមិនអាចបញ្ចប់ការសាងសង់ និងមិនអាចប្រគល់តូបផ្សារជូនអតិថិជនបានទាន់ពេលវេលា តាមកិច្ចសន្យាបានទេនោះ ក្រុមហ៊ុនសុខចិត្តបង់សំណងខូចខាតជូនអតិថិជនដូចមានចែងក្នុងកិច្ចសន្យា។
យោងតាមជំហរដែលបានរៀបរាប់ខាងលើនេះ ក្រុមហ៊ុនជីស៊ី អូរឫស្សី បានអំពាវនាវឱ្យអតិថិជនទាំងអស់ មានការយោគយល់ និងរង់ចាំនូវលទ្ធផលជាវិជ្ជមានពីសំណាក់ភាគីខាងក្រុមហ៊ុន។
ទន្ទឹមគ្នានេះ ក្រុមហ៊ុនក៏ប្រកាសរក្សាសិទ្ធិស្របច្បាប់របស់ខ្លួន ក្នុងការអនុវត្តវិធានការច្បាប់ ដើម្បីការពារផលប្រយោជន៍របស់អតិថិជន និងក្រុមហ៊ុនផងដែរ ក្នុងករណីដែលមានការផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋាន ឬមានខ្លឹមសារញុះញង់ ឬក្នុងចេតនាបង្ខូចកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ