ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អគ្គនាយកដ្ឋាន​ពន្ធដារ​ ៖ ការ​ដាក់​លក់​បារី ដែល​មិន​មាន​បិទ​តែមប្រិ៍​អាករ ឬ​បិទ​តែមប្រិ៍​អាករ​ក្លែងក្លាយ គឺជា​អំពើ​ខុសច្បាប់

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ បណ្ឌិត ម៉ិ​ញ បាន​កុសល អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​ជា​សហ​ប្រធាន​ក្រុមការងារ​ចម្រុះ ដើម្បី​ត្រួតពិនិត្យ​កាតព្វកិច្ច​បិទ​តែមប្រិ៍​អាករ​ប្រភេទ​ថ្មី សម្រាប់​បារី (​ក្រុមការងារ​ចម្រុះ​តែមប្រិ៍​)…

រាជធានី​ភ្នំពេញ​ ៖ បណ្ឌិត ម៉ិ​ញ បាន​កុសល អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​ជា​សហ​ប្រធាន​ក្រុមការងារ​ចម្រុះ ដើម្បី​ត្រួតពិនិត្យ​កាតព្វកិច្ច​បិទ​តែមប្រិ៍​អាករ​ប្រភេទ​ថ្មី សម្រាប់​បារី (​ក្រុមការងារ​ចម្រុះ​តែមប្រិ៍​) រួម​ជាមួយ​លោក​បណ្ឌិត អេ​ង រតនា ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​ធំ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​លោក ហ៊ុ​ល ប៊ុ​ន​ថា អនុប្រធាន​នាយកដ្ឋាន​បង្ការ និង​បង្ក្រាប​បទល្មើស នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា (​អគរ​) ដែល​ជា​អនុប្រធាន​ក្រុមការងារ បាន​ដឹកនាំ​អនុ​ក្រុមការងារ​ចម្រុះ​ទី ​១ ចុះ​អប់រំ ណែនាំ និង​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​អំពី​ការ​អនុវត្ត​កាតព្វកិច្ច​បិទ​តែមប្រិ៍​អាករ ប្រភេទ​ថ្មី​សម្រាប់​បារី ដល់​បណ្តា​អាជីវករ​លក់​បារី​នៅ​តាម​ផ្សារ​ទំនើប និង​ហាង​មួយ​ចំនួន​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

ក្នុង​ពេល​ចុះ​បំពេញ​សកម្មភាព​ការងារ​នេះ បណ្ឌិត ម៉ិ​ញ បាន​កុសល សហ​ប្រធាន​ក្រុមការងារ​ចម្រុះ បាន​ជម្រាប​ជូន​ដល់​បណ្តា​អាជីវករ​លក់​បារី​ទាំងនោះ​ថា គ្រប់​ផលិតផល​បារី​ទាំងអស់ ត្រូវ​តែ​មាន​បិទ​តែមប្រិ៍​អាករ ឱ្យ​បាន​ត្រឹមត្រូវ​រួចរាល់​មុន ពេល​បញ្ចេញ​ពី​រោងចក្រ និង​ដាក់​លក់​នៅ​លើ​ទីផ្សារ ដោយ​បារី​ផលិត​ក្នុងស្រុក​ត្រូវ​បិទ​តែមប្រិ៍​របស់ អគ្គនាយកដ្ឋាន​ពន្ធដារ និង​បារី​នាំ​ចូល​ត្រូវ​បិទ​តែមប្រិ៍​របស់ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​។

ការ​ដាក់​លក់​បារី​ដែល​មិន​មាន​បិទ​តែមប្រិ៍​អាករ បិទ​តែមប្រិ៍​អាករ​ក្លែងក្លាយ ឬ​បិទ​តែមប្រិ៍​អាករ​ចាស់ គឺជា​អំពើ​ខុសច្បាប់ ដែល​អ្នក​ប្រព្រឹត្ត​ (​អ្នកលក់​បារី​) រួម​ទាំង​អ្នក​ផលិត ឬ​អ្នក​នាំ​ចូល​បារី​ទាំងនោះ ត្រូវ​ប្រឈម​មុខ​នឹង​ច្បាប់​ ។ ដូចនេះ លោក​បណ្ឌិត​សហ​ប្រធាន បាន​ណែនាំ​ដល់​អាជីវករ​ទាំងនោះ​ថា មិន​ត្រូវ​ទិញ ឬ​ដាក់​លក់​បារី​ដែល​មិន​មាន​បិទ​តែមប្រិ៍​ត្រឹមត្រូវ​នោះ​ទេ ព្រោះថា ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ ក្រុមការងារ​ចម្រុះ​តែមប្រិ៍​នឹង​ចុះ​ត្រួតពិនិត្យ​ការ​អនុវត្ត​កាតព្វកិច្ច​បិទ​តែមប្រិ៍​អាករ​ប្រភេទ​ថ្មី​សម្រាប់​បារី ហើយ​បើ​ពិនិត្យ​ឃើញ​មាន​បារី ដែល​មិន​មាន​បិទ​តែមប្រិ៍​អាករ​ត្រឹមត្រូវ ក្រុមការងារ​ចម្រុះ​តែមប្រិ៍​នឹង​រឹបអូស​ភ្លាម​ៗ ហើយ​ម្ចាស់​បារី​ទាំងនោះ​នឹង​ត្រូវ​ទទួល​រង​នូវ​ការ​ផាកពិន័យ​ជា​ប្រាក់​រួម និង​ទោសទណ្ឌ​ផ្សេង​ៗ​ទៀត​ស្រប​តាម​ច្បាប់​ជា​ធរមាន​ ។

ជាមួយ​គ្នា​នេះ លោក​បណ្ឌិត​សហ​ប្រធាន​ក៏​បាន​បង្ហាញ​អំពី​លក្ខណៈ​ពិសេស​របស់​សន្លឹក​តែមប្រិ៍​អាករ ដោយ​បាន​បញ្ជាក់​ថា ទាំង​សន្លឹក​តែមប្រិ៍ របស់ អគ្គនាយកដ្ឋាន​ពន្ធដារ (​សម្រាប់​បារី​ផលិត​ក្នុងស្រុក​) និង​សន្លឹក​តែមប្រិ៍​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (​សម្រាប់​បារី​នាំ​ចូល​) ត្រូវ​បាន​ផលិត​ឡើង​ដោយ​ប្រើប្រាស់​ក្រដាស​ដែល​មានគុណ​ភាពល្អ ដោយ​ភ្ជាប់​ជាមួយ QR Code និង​បង្កប់​នូវ​ចំណុច​សុវត្ថិភាព​សំខាន់​ៗ​ជា​ច្រើន ដែល​មិន​អាច​ថតចម្លង ឬ​ក្លែងបន្លំ​បាន​ឡើយ ​។

លោក​បណ្ឌិត​សហ​ប្រធាន​ក៏​បាន​ផ្តាំ​ដល់​អាជីវករ​ទាំងនោះ​ផង​ដែរ​ថា ក្នុង​ករណី​មាន​តម្រូវការ​តែមប្រិ៍ ក្រុមហ៊ុន​អាច​ដាក់​ពាក្យ​ស្នើ​សុំ​ទិញ​មក អគ្គនាយកដ្ឋាន​ពន្ធដារ សម្រាប់​បារី​ផលិត​ក្នុងស្រុក និង អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា សម្រាប់​បារី​នាំ​ចូល ឬ​អាច​ទាក់ទង​សួរ​ព័ត៌មាន​បន្ថែម​តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​មាននៅ​លើ​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​ក្នុង​ករណី​មាន​ច​ម្ង​ល់​ផ្សេង​ៗ​ ។

សូម​បញ្ជាក់​ថា ក្នុង​យុទ្ធនាការ​ចុះ​អប់រំ ណែនាំ និង​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​អំពី​ការ​អនុវត្ត​កាតព្វកិច្ច​បិទ​តែមប្រិ៍​អាករ​ប្រភេទ​ថ្មី​សម្រាប់​បារី ក្រុមការងារ​ចម្រុះ​តែមប្រិ៍ បាន​បែងចែក​ជា​អនុ​ក្រុមការងារ​ទទួល​បន្ទុក​ ៥ ​តំបន់​ផ្សេង​ៗ​គ្នា ក្នុង​ក្របខ័ណ្ឌ ទូ​ទាំង​ប្រទេស ​។ គិត​ត្រឹម​ថ្ងៃ​ទី​ ៥ ខែមិថុនា ឆ្នាំ​២០២៣ ​នេះ ក្រុមការងារ​ចម្រុះ​តែមប្រិ៍ បាន​ចុះ​ចែក ខិត្តប័ណ្ណ​ផ្សព្វផ្សាយ អប់រំ និង​ណែនាំ​អំពី​ការ​អនុវត្ត​កាតព្វកិច្ច បិទ​តែមប្រិ៍​អាករ​ប្រភេទ​ថ្មី​សម្រាប់​បារី ដល់​អាជីវករ លក់​បារី​នៅ​តាម​ផ្សារ ផ្សារ​ទំនើប និង​ទីតាំង​លក់ដុំ​និង​រាយ បាន​ចំនួន ១ ៣០៥ ​ទីតាំង ដោយ​ក្នុង​នោះ ​៖ រាជធានី​ភ្នំពេញ ១៦២​ទីតាំង ខេត្តកំពង់ស្ពឺ ៦០​ ទីតាំង ខេត្តកណ្តាល ៤៧​ ទីតាំង ខេត្តតាកែវ ៣៨​ ទីតាំង ខេត្ត​កែប ៤០​ ទីតាំង ខេត្តកំពត ៦៥​ទី តាំង ខេត្ត​ព្រះ​សីហ​នុ ៨៨​ ទីតាំង ខេត្តកោះកុង ១៩​ ទីតាំង ខេត្តកំពង់ឆ្នាំង ៥១ ​ទីតាំង ខេត្តពោធិ៍សាត់ ៨១​ ទីតាំង ខេត្តបាត់ដំបង ៧៨ ​ទីតាំង ខេត្ត​ប៉ៃលិន ៩​ ទីតាំង ខេត្តព្រៃវែង ៦៧ ​ទីតាំង ខេត្តស្វាយរៀង ៨២​ ទីតាំង ខេត្តស្ទឹងត្រែង ៦៥​ ទីតាំង ខេត្តក្រចេះ ៤៥​ទីតាំង ខេត្ត​ត្បូងឃ្មុំ ៥៨​ ទីតាំង ខេត្តសៀមរាប ៦៩ ​ទីតាំង ខេត្តកំពង់ធំ ៤៣ ​ទីតាំង ខេត្តកំពង់ចាម ៣៨ ​ទីតាំង ខេត្តបន្ទាយមានជ័យ ៤៥ ​ទីតាំង ខេត្តឧត្តរមានជ័យ ២២ ​ទីតាំង និង​ខេត្តព្រះវិហារ ៣៣ ​ទីតាំង​ ។

ដោយឡែក អាជីវ​កម្មដ្ឋាន​លក់​បារី នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​ទៀត ក្រុមការងារ​នឹង​បន្ត​ចុះ​ជា​បន្តបន្ទាប់ តាម​ផែនការ​សកម្មភាព​ការងារ​ដែល​បាន​ដាក់​ចេញ ​។ ឆ្លៀត​ក្នុង​ឱកាស​នេះ ក្រុមការងារ​ចម្រុះ ដើម្បី​ត្រួតពិនិត្យ​កាតព្វកិច្ច​បិទ​តែមប្រិ៍​អាករ​ប្រភេទ​ថ្មី​សម្រាប់​បារី សូម​អំពាវនាវ​ដល់​លោក លោកស្រី ជា​ម្ចាស់​សហគ្រាស​ផលិត ឬ​នាំ​ចូល អ្នក​ចែកចាយ អ្នក​លក់ដុំ និង​អ្នក​លក់រាយ​បារី​ទាំងអស់​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បញ្ឈប់​ទាំងស្រុង​នូវ​ការ​ផលិត នាំ​ចូល ចែកចាយ ឬ​លក់​បារី​ដែល​មិន​មាន​បិទ​តែមប្រិ៍​អាករ​ប្រភេទ​ថ្មី ឬ​បិទ​តែមប្រិ៍​អាករ​ក្លែងក្លាយ ឬ​តែមប្រិ៍​អាករ​ដែល​ប្រើប្រាស់​រួច ដោយ​ត្រូវ​ចូលរួម​អនុវត្ត​កាតព្វកិច្ច​បិទ​តែមប្រិ៍​អាករ​ប្រភេទ​ថ្មី សម្រាប់​បារី​ឱ្យ​បាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ បើ​ពុំនោះ​ទេ​នឹង​ត្រូវ​ទទួល​រង​នូវ​ទោសទណ្ឌ​ផ្សេង​ៗ​ស្រប​តាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ផ្សេង​ៗ​ជា​ធរមាន ​៕ អត្ថបទសហការ