រាជធានីភ្នំពេញ ៖ ថ្លែងក្នុងពិធីប្រជុំបូកសរុបការងារឆមាសទី ១ កាលពីពេលថ្មីៗកន្លងមកនេះ លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា «រដ្ឋាភិបាលបាននិងកំពង់អនុវត្តបណ្តើរៗលើសង្គមឌីជីថលដែលមានន័យថា រដ្ឋាភិបាលផ្តោតលើការបញ្ចូលបច្ចេកវិទ្យានៅគ្រប់វិស័យទាំងរដ្ឋ និងឯកជន ដើម្បីពន្លឿនប្រតិបត្តិការផ្សេងៗ ក៏ដូចជាដើរឱ្យទាន់រីកចម្រើននៃបច្ចេកវិទ្យាពិភពលោក» ។
លោកឧកញ៉ាបានបន្តទៀតថា «គ្រូបង្រៀនត្រូវចូលរួមគាំទ្រ និងអភិវឌ្ឍសមត្ថភាព ព្រមទាំងចាប់យកបច្ចេកវិទ្យាថ្មីៗ ពីព្រោះវិធីសាស្ត្របង្រៀននឹងប្រែប្រួលឆ្ពោះទៅរកការបង្រៀនបែបចម្រុះ ដែលវិធីសាស្ត្រនេះអនុញ្ញាតឱ្យសិស្សរៀនក្នុងថ្នាក់ខ្លះ រៀនតាមអនឡាញខ្លះ និងសិក្សាដោយខ្លួនឯងតាមរយៈមេរៀនជាវីដេអូ និងប្រភពឯកសារអនឡាញ ក៏ដូចជាអ៊េបរបស់សាលាផងដែរ» ។ លោកបានបន្ថែមទៀតថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការបង្រៀន នឹងជួយជំរុញសិស្សានុសិស្សអាចត្រៀម និងសម្របខ្លួនបណ្តើរក្នុងការសិក្សា ក៏ដូចជារស់នៅក្នុងបរិបទសង្គមថ្មីនេះ ។
ម្ចាស់គ្រឹះស្ថានអប់រំខាងលើបានបញ្ជាក់ថា «លោកគ្រូអ្នកគ្រូគួរផ្លាស់ប្តូរវិធីសាស្ត្របង្រៀនបែបបុរាណ ដែលគ្រូបង្រៀនមានតួនាទីជាអ្នកផ្ទេរចំណេះដឹង មកប្រើវិធីសាស្ត្របែបសិស្សមជ្ឈមណ្ឌលវិញ ដែលគ្រូបង្រៀនមានតួនាទីជាអ្នកសម្របសម្រួលការសិក្សា ដោយដឹកនាំសកម្មភាពសិស្សសិក្សាស្រាវជ្រាវ និងណែនាំពីប្រភពមេរៀន ។ ការកែប្រែនេះនឹងឆ្លើយតបនឹងបម្រែបម្រួលប្រព័ន្ធអប់រំគរុកោសល្យថ្មីរបស់ពិភពលោកផងដែរ» ។
លោកបានរំលឹកថា ក្នុងសម័យកូវីដ សាលារៀនជាច្រើនបានប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការបង្រៀនសិស្សពីចម្ងាយ តែបច្ចុប្បន្ននេះកូវីដចប់ពិតមែន ប៉ុន្តែការបង្រៀនតាមប្រព័ន្ធឌីជីថលមិនទាន់បញ្ចប់ទេ នៅតែបន្តរហូតដល់ថ្ងៃអនាគត ។
លោកឧកញ៉ាបានសង្កត់ធ្ងន់ថា «លោកគ្រូអ្នកគ្រូត្រូវផ្តោតសំខាន់លើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល គរុកោសល្យបង្រៀនបែបចម្រុះ និងសិស្សមជ្ឈមណ្ឌល ដែលជាបំនិនថ្មីត្រូវចាប់យក ដើម្បីជួយជំរុញវិស័យអប់រំប្រកបដោយគុណភាពសម្រាប់យុវជនជំនាន់ក្រោយ» ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ