ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្នុង​វិស័យ​ធនាគារ អង់គ្លេស​បាន​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ ផ្តល់​ជំនួយ​បច្ចេកទេស និង​​ពង្រឹងសមត្ថភាព​លើ​ផ្នែក​ហិរញ្ញប្បទាន​បៃតង

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា បាន​ជួប​សម្តែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ជាមួយ​លោក​ជំទាវ​បណ្ឌិត ជា សិរី…

រាជធានីភ្នំពេញ ៖ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា បាន​ជួប​សម្តែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ជាមួយ​លោក​ជំទាវ​បណ្ឌិត ជា សិរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស ធនាគារជាតិ​នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី​ ៧ ខែកុម្ភៈ ឆ្នាំ​២០២៣​ ។

ក្នុង​ឱកាស​នៃ​ជំនួប​នោះ លោក​ជំទាវ ជា សិរី បាន​ស្វាគមន៍​ឯកឧត្តម Dominic Williams មក​បំពេញបេសកកម្ម​ជា​ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស ​ប្រចាំ​នៅ​កម្ពុជា ចាប់ពី​ខែសីហា ឆ្នាំ ​២០២២ មក​ ។ លោក​ជំទាវ​បាន​ថ្លែងអំណរគុណ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​គាំទ្រ​របស់​ចក្រភព​អង់គ្លេស​មក​លើ​ការ​អភិវឌ្ឍ​កម្ពុជា ដោយនៅ​ក្នុង​វិស័យ​ធនាគារ អង់គ្លេស​បាន​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​តាម​រយៈ​ការ​ផ្តល់​អាហារូបករណ៍ ការ​ផ្តល់​ជំនួយ​បច្ចេកទេស ​និង​ការ​ពង្រឹងសមត្ថភាព​លើ​ផ្នែក​ហិរញ្ញប្បទាន​បៃតង ការ​អភិវឌ្ឍ​ន៍ដោយ​គិតគូរ​ពី​បរិស្ថាន សង្គម ​និង​អភិបាលកិច្ច ដែល​ស្រប​នឹង​គោលដៅ​របស់​កម្ពុជា​ និង​ក្នុង​ក្រប​ខណ្ឌ ជា​ពិសេស​អាស៊ាន​ ។

ឯកឧត្តម Dominic Williams បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​ការ​គាំទ្រ​ទាំងនេះ ហើយ​ស្ថានទូត​អង់គ្លេស​នឹង​បន្ត​សហការ​គាំទ្រ នៅ​លើ​ផ្នែក​ទាំងនេះ​ទៀត និង​ត្រៀមខ្លួន​ផ្តល់​ការ​គាំទ្រ​ដល់​កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​ពាក់ព័ន្ធ​នានា ​។

លោក​ជំទាវ ជា សិរី ក៏​បាន​ជម្រាប​ជូន​ពី​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ​ថា សេដ្ឋកិច្ច​កម្ពុជា​បាន​ទទួលផល​ប៉ះពាល់​ពី​វិបត្តិ​កូ​វី​ដ​-១៩ ជា​ពិសេស នៅ​ឆ្នាំ​ ២០២០ ហើយ​បាន​ងើបឡើង​វិញ​ជា​បន្តបន្ទាប់ ដែល​គាំទ្រ​ដោយ​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ការ​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ និង​ការ​ចាក់​វ៉ាក់សាំង​ការពារ​បាន​គ្រប់គ្រាន់​យ៉ាង​ឆាប់រហ័ស ហើយ​បាន​បើក​ប្រទេស​ឡើង​វិញ​នៅ​ឆ្នាំ ​២០២១ ដែល​ធ្វើ​ឱ្យ​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​ត្រឡប់​មក​ប្រក្រតី​ភាព​វិញ​ ។

នៅ​ឆ្នាំ ​២០២២ ​កន្លង​មក កម្ពុជា​បាន​ទទួល​រង​ផល​ប៉ះពាល់​ពី​ការ​កើនឡើង​នៃ​អតិផរណា ដែល​បណ្តាល​មក​ពី​ការ​កើនឡើង​ថ្លៃ​ប្រេង និង​ម្ហូបអាហារ ក្រោម​ឥទ្ធិពល​នៃ​សង្គ្រាម​រុ​ស្សី អ៊ុយ​ក្រែ​ន ប៉ុន្តែ​កម្រិត​អតិផរណា​បាន​ធ្លាក់​ចុះ​មក​វិញ​ជា​បន្តបន្ទាប់​រហូត​ដល់​កម្រិត​ប្រមាណ ៣% នៅ​ចុងឆ្នាំ​ ២០២២​ ។ កម្ពុជា​ក៏​បាន​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ដោយ​ការ​បង្កើន​មុខទំនិញ​ផលិត​និង​នាំ​ចេញ ដែល​រួមចំណែក​គាំទ្រ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ ។ ចំណែកឯ​ក្នុង​វិស័យ​ទេសចរណ៍ ភ្ញៀវ​ទេសចរ​ក្នុងស្រុក​បាន​វិល​រក​ភាព​ប្រក្រតី​វិញ​នៅ​ឆ្នាំ​ ២០២២ ហើយ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​កើនឡើង​ខ្ពស់​ជាង​ការ​រំពឹង​ទុក ថ្វីបើ​នៅ​មាន​កម្រិត​ទាប​ជាង​គ្រា​មុន​វិបត្តិ​ក៏​ដោយ ​។

នៅ​ឆ្នាំ ​២០២៣​ នេះ សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា បន្ត​ងើបឡើង​ថែម​ទៀត ក៏​ប៉ុន្តែ​ក៏​ប្រឈម​នឹង​ភាព​មិន​ច្បាស់លាស់​ច្រើន​ដែរ ដោយសារ​ភាព​មិន​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​ពិភពលោក ជា​ពិសេស​ការ​ថយ​ចុះ​កំណើន​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ដែល​កម្ពុជា​នាំ​ទំនិញ​ចេញ ​។

ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​ជំទាវ​បាន​ស្នើ​សុំ​ឱ្យ​ស្ថានទូត​អង់គ្លេស បង្ហាញ​ពី​ឱកាសល្អ​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា និង​បង្កើន​តម្រូវការ​នាំ​ទំនិញ​ចូល​ពី​កម្ពុជា ដោយសារ​សក្តានុពល​នៃ​សេដ្ឋកិច្ច​កម្ពុជា ជា​ពិសេស​ស្ថិត​ក្នុង​តំបន់​ប្រកបដោយ​ថាមភាព​ ។ ពាក់ព័ន្ធ​បញ្ហា​ដុល្លា​រូប​នី​យ​កម្ម​នៅ​កម្ពុជា លោក​ជំទាវ បាន​សង្កត់ធ្ងន់​ថា គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​និង​ធនាគារជាតិ​នៃ​កម្ពុជា មិនមែន​ធ្វើ​បដិដុល្លារូបនីយកម្ម​ដោយ​បង្ខំ​នោះ​ទេ តែ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ជា​លំដាប់​ស្រប​តាម​ស្ថានភាព​ទីផ្សារ និង​ការ​ពង្រឹង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​ ។

ឯកឧត្តម Dominic Williams បាន​អបអរសាទរ​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​របស់​កម្ពុជា ដែល​ក្នុង​នោះ​កំណើន​បន្ត​ងើប​ឡើងជា​លំដាប់ អតិផរណា​កើនឡើង​ក្នុង​កម្រិត​មធ្យម​ហើយ​ថយ​ចុះ​យ៉ាង​ឆាប់រហ័ស រក្សា​បាន​ទុនបម្រុង​អន្តរជាតិ​ខ្ពស់​គ្រប់គ្រាន់ ហើយ​ប្រព័ន្ធ​ធនាគារ​មាន​ភាព​ធន់​និង​រួមចំណែក​ក្នុង​ការ​គាំទ្រ​កំណើន​និង​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​វិបត្តិ​ទាំង​កូ​វី​ដ​-១៩ និង​រលក​អតិផរណា ​។ ឯកឧត្តម Dominic Williams បាន​ជម្រាបសួរ​ពី​វ​ឌ្ឍ​ភាព​ និង​បញ្ហា​ប្រឈម​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ ​។

លោក​ជំទាវ បាន​ជម្រាប​ជូន​ថា វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា និង​លើកកម្ពស់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ ចំពោះ​ប្រជាជន​ក្រីក្ រ​។ លើស​ពី​នេះ វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន​កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះ​ពី​ការ​ប្រើប្រាស់​កម្ចី​ក្រៅផ្លូវការ ដែល​ភាគច្រើន​មាន​អត្រា​ការ​ប្រាក់​ខ្ពស់​ហួសហេតុ និង​អាច​ឱ្យ​ប្រជាជន​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​សម្រាប់​អភិវឌ្ឍ​អាជីវកម្ម ជា​ពិសេស​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ៕ អត្ថបទសហការ