ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ធនាគារ ​អេ​ស៊ី​លី​ដា​ រំពឹងប្រតិបត្តិការ​សេវា​ទូទាត់​នានា និងការ​ផ្ទេរ​ប្រាក់​តាម​អេ​ស៊ី​លី​ដា​ម៉ូ​បាល នៅ​ឆ្នាំ​នេះនឹងកើនឡើងខ្ពស់

10 ខែ មុន

រាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ធនាគារ ​អេ​ស៊ី​លី​ដា ថ្មី​ៗ​នេះបាន​បង្ហាញ​ក្ដី​រំពឹង​ខ្ពស់​ថា ប្រតិបត្តិការ​សេវា​ទូទាត់​នានា ក៏​ដូច​ជា​ការ​ផ្ទេរ​ប្រាក់​តាម​រយៈ​អេ​ស៊ី​លី​ដា​ម៉ូ​បាល នៅ​ឆ្នាំ​ ២០២៣​ នេះ…

រាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ធនាគារ ​អេ​ស៊ី​លី​ដា ថ្មី​ៗ​នេះបាន​បង្ហាញ​ក្ដី​រំពឹង​ខ្ពស់​ថា ប្រតិបត្តិការ​សេវា​ទូទាត់​នានា ក៏​ដូច​ជា​ការ​ផ្ទេរ​ប្រាក់​តាម​រយៈ​អេ​ស៊ី​លី​ដា​ម៉ូ​បាល នៅ​ឆ្នាំ​ ២០២៣​ នេះ នឹង​ហក់​កើនឡើង ២ ឬ​ ៣​ ដង បើ​ធៀប​នឹង​ឆ្នាំ​ ២០២២​ ។ ការ​រំពឹង​ទុក​នូវ​កំណើន​ដ៏​ខ្ពស់​នេះ បន្ទាប់​ពី​កាលពី​ឆ្នាំ​មុន អេ​ស៊ី​លី​ដា ស​ម្រេច​បាន​កំណើន​ប្រតិបត្តិ​ដល់​ទៅ ១៣៧​ លាន​ប្រតិបត្តិការ​ឯណោះ ពោល​ គឺ​កើនឡើង​ពី ៧៧​ លាន​ប្រតិបត្តិការ​ដែល​សម្រេច​បាន​កាលពី​ឆ្នាំ​ ២០២១​ ។

លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់​ទីផ្សារ ធនាគារ អេ​ស៊ី​លី​ដា បាន​បង្ហាញ​ពី​ភាព​រីក​ចម្រើន​របស់​អេ​ស៊ី​លី​ដា​ម៉ូ​បាល ក្នុង​ការ​រួមចំណែក​ជួយ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ដែល​កំពុង​មានការ​ពេញ​និយម និង​រីក​ចម្រើន​ខ្លាំង​នៅ​កម្ពុ​ជានា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​។

តាម​រយៈ​ភាព​រីក​ចម្រើន​នៃ​វិស័យ​នេះ លោកស្រី សុខ សោភា ជឿជាក់​ថា នៅ​ឆ្នាំ​ ២០២៣​ នេះ ប្រតិបត្តិការ​ទូទាត់​នានា ក៏​ដូច​ការ​ផ្ទេរ​ប្រាក់ តាម​រយៈ​អេ​ស៊ី​លី​ដា​ម៉ូ​បាល នឹង​កើនឡើង​ ២ ឬ​ ៣​ ដង​ឯណោះ បើ​ធៀប​នឹង​ឆ្នាំ ​២០២២ ខណៈ​ដែល​ធនាគារ​អេ​ស៊ី​លី​ដា នៅ​តែ​បន្ដ​លើកទឹកចិត្ត​ដល់​អតិថិជន​ឆ្លាត​វៃ​របស់​ខ្លួន ក្នុង​ការ​ប្រើប្រាស់​អេ​ស៊ី​លី​ដា​ម៉ូ​បាល ដែល​ជា​សេវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដ៏​ចាំបាច់ និង​ទំនើប​ទាន់សម័យ​សម្រាប់​មនុស្ស​សម័យ​ថ្មី ​។

ការ​បង្ហាញ​ពី​ក្ដី​រំពឹង​នៃ​កំណើន​ខ្ពស់​នេះ ត្រូវ​បាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ធនាគារ​ អេ​ស៊ី​លី​ដា​ រូប​នេះអះអាង​ថា គឺ​វា​សម​ស្រប​ទៅ​នឹង​និន្នាការ​នៃ​ការ​ពេញ​និយម​ប្រើប្រាស់​សេវា​ទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នៅ​កម្ពុជា ដែល​កំពុង​មាន​សម្ទុះ​យ៉ាង​ខ្លាំងក្លា​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រោម​ការ​ជំរុញ និង​អភិវឌ្ឍ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ជា​ច្រើន ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ ។

ជាក់ស្ដែង នៅ​ឆ្នាំ​ ២០២២ កន្លង​ទៅ ការ​ធ្វើ​ប្រតិបត្តិការ​ទូទាត់​នានា និង​ផ្ទេរ​ប្រាក់​នៅ​លើ​អេ​ស៊ី​លី​ដា​ម៉ូ​បាល​ មាន​ចំនួន ១៣៧​ លាន​ប្រតិបត្តិការ ក្នុង​ទំហំ​ទឹកប្រាក់​ជិត ១៦០​ លាន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​២០២១ ដែល​មាន​ត្រឹមតែ ៧៧​ លាន​ប្រតិបត្តិការ ជាមួយ​ទំហំ​ទឹកប្រាក់​ប្រមាណ ៨៨ ​លាន​ដុល្លារ​ប៉ុណ្ណោះ ពោល​គឺ ទំហំ​ទឹកប្រាក់​ប្រតិបត្តិការ​នេះ មានការ​កើនឡើង​ជាង ៨០% ឯណោះ ​។ នេះ​បើ​តាម​ការ​អះអាង​របស់​លោកស្រី សុខ សោភា​ ។

របាយការណ៍​ប្រចាំឆ្នាំ ​២០២២ របស់​ធនាគារជាតិ នៃ​កម្ពុជា​បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ ​២០២២ ចំនួន​គណនី​អី​វ៉ា​ឡេ​ត បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ដល់​ជិត ១៨ លាន​គណនី ហើយ​ចំនួន​ប្រតិបត្តិការ​របស់​សេវា​ទូទាត់​សង​ប្រាក់​វិញ បាន​កើន​ដល់ ១​ពាន់​លាន​ប្រតិបត្តិការ ក្នុង​ទំហំ​ទឹកប្រាក់ ២៧២ ​ពាន់​លាន​ដុល្លារ កើនឡើង ៣៤% ដែល​ស្មើនឹង​ជាង ១០​ ដង​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ ។

បើ​តាម​ធនាគារជាតិ ប្រព័ន្ធ​ផាត់ទាត់​ជាតិ និង​ប្រព័ន្ធ​សេវា​ទូទាត់​រហ័ស កំពុង​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្ន​កម្ម​ឱ្យ​មាន​ភាព​ប្រសើរ​ជាង​មុន ហើយ​ស្តង់ដារ KHQR កូដ ត្រូវ​បាន​ម្ពោ​ធ​ដាក់​ឱ្យ​ប្រើប្រាស់ ដើម្បី​ពង្រឹង​សុវត្ថិភាព កាត់​បន្ថយ​ចំណាយ​ប្រតិបត្តិការ និង​ជំរុញ​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ ។ យ៉ាងណាមិញ ប្រព័ន្ធ​បាគង ដែល​ជា​ប្រព័ន្ធ​ទូទាត់​កន្លោង បាន​ជួយ​សម្រួល​អន្តរ​ប្រតិបត្តិការ​រវាង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ បង្កើន​ប្រសិទ្ធភាព​ក្នុង​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់ និង​ជំរុញ​ការ​ទូទាត់​ដោយ​មិន​ប្រើប្រាស់​សាច់ប្រាក់ ​។

សូម​បញ្ជាក់​ថា ធនាគារជាតិ​នៃ​កម្ពុជា ក៏​បាន​ជំរុញ​ឲ្យ​មានការ​ការ​ទូទាត់​ឆ្លង​ដែន​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​នេះ ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ផង​ដែរ ដែល​បច្ចុប្បន្ន​កំពុង​ជំរុញ​ត​ភ្ជាប់​ការ​ទូទាត់​ឆ្លង​ដែន ជាមួយ​ប្រទេស​ឡាវ និង​វៀតណាម បន្ទាប់​ពី​សម្រេច​បានការ​ត​ភ្ជាប់​ជាមួយ​ប្រទេស​ថៃ និង​ម៉ា​ឡេ​ស៊ី ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង​ការ​ផ្ទេរ​ប្រាក់​ឆ្លង​ដែន​ឱ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​ឆាប់រហ័ស និង​សុវត្ថិភាព ​៕ អត្ថបទសហការ