ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ភាពយន្ត​រឿង​ «លោកគ្រូ​ប្រពន្ធ​ល្អ​» ធ្វើឱ្យ លោក ព្រហ្ម ម៉ា​ញ រំភើបចិត្តខ្លាំងនឹកស្មានមិនដល់

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន ក្នុង​ពិធី​សម្ពោធ​រឿង «លោកគ្រូ​ប្រពន្ធ​ល្អ​» កាលពី​ថ្ងៃ​ទី​ ៣ ខែតុលា ឆ្នាំ ​ឆ្នាំ…

រាជធានីភ្នំពេញ ៖ នៅក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន ក្នុង​ពិធី​សម្ពោធ​រឿង «លោកគ្រូ​ប្រពន្ធ​ល្អ​» កាលពី​ថ្ងៃ​ទី​ ៣ ខែតុលា ឆ្នាំ ​ឆ្នាំ ២០២២ វិ​រៈ​សិល្បករ​ជើង​ចាស់ លោក ព្រហ្ម ម៉ា​ញ បាន​បង្ហាញ​ពី​អារម្មណ៍​រីករាយ​យ៉ាង​ខ្លាំង ដោយ​លោក​បញ្ជាក់​ថា ​ភាពយន្ត​ដែល​លោក​សម្ដែង​ជា​តួឯក​នេះ នឹង​គ្រោង​យក​ទៅ​ផ្សព្វផ្សាយ​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​នៅ​ក្រៅប្រទេស និងត្រៀម​ដាក់​បញ្ចាំង​លក់​សំបុត្រ​នៅ​តាម​រោងភាពយន្តនា​បណ្ដា​ប្រទេស​មួយ​ចំនួន ​។

លោក​ថា ភាពយន្ត​នេះ​ផលិតករ​កងចក្រ​ភាពយន្ត ក្រោម​ការ​សហការ​ជាមួយ​ផលិតកម្ម​ដើម​ត្នោត របស់​លោក ឆាយ បូ​រ៉ា បាន​បញ្ជាក់​ពី​គម្រោង​រួច​ហើយ ថា​នឹង​យក​ភាពយន្ត​នេះទៅ​កាន់​ឆាក​អន្តរជាតិ​ ។ លោក​ថា ​នេះ​មិនមែន​ជា​ស្នាដៃ​លើក​ដំបូងដែល​លោក​បាន​សម្ដែង​នោះ​ទេ តែ​គឺជា​រឿង​ដំបូង​ដែល​លោក​បាន​សម្ដែង​ជា​តួឯក និងជា​រឿង​ដែល​លោក​បាន​សម្ដែង ក្រោយ​ល្បី​ជាតា​រា​អា​យ៉ៃ​ ។

លោក​ថា កាលពីមុន​សង្គ្រាម លោក​បាន​សម្ដែង​កុន​ជា​ច្រើន​រឿង​ណាស់ តែ​មិន​ល្បី​នោះ​ទេ ទើប​លោក​មាន​អារម្មណ៍​រីករាយ​យ៉ាង​ខ្លាំង ដែល​ត្រូវ​បាន​ផលិតករ​ជ្រើស​អោយ​សម្ដែង​ជា​តួ​លោកគ្រូ ដែល​ធ្វើ​អោយ​លោក​ពេញចិត្ត​យ៉ាង​ខ្លាំង ព្រោះ​ជា​ការ​សម្ដែង​ដែល​ត្រូវ​នឹង​ជំនាញ​ជា​គ្រូ​កន្លង​មក​របស់​លោក​ដែល​តែងតែ​បង្ហាត់​អា​យ៉ៃ និងសិល្បៈ​ផ្សេង​ៗ​ផង​ដែរ​ ។ ក្នុង​រឿង​នេះ ក៏​បាន​បន្សល់​នូវ​ប្លង់​ដែល​ធ្វើ​អោយ​លោក​តែងតែ​អួល​ដើម​ករ​គ្រប់ពេល​នឹក​ដល់​ផង​ដែរ គឺ​ប្លង់​ដែល​ត្រូវ​បាន​នាយក​សាលា​បណ្ដេញចេញ ហើយ​ធ្វើ​អោយ​លោក​ត្រូវ​បោះបង់​អាជីព​ដែល​លោក​ស្រលាញ់​ ។

មិ​ន​ខុស​ពី​ការ​លើក​ឡើងរបស់លោក ព្រហ្ម ម៉ាញ លោក ឆាយ បូ​រ៉ា ដែល​ជា​អ្នកដឹកនាំ​សម្ដែង​មួយ​រូប បាន​អះអាង​ថា​ភាពយន្ត​នេះ គឺ​ពិតជា​បាន​ត្រៀមខ្លួន​ដើម្បី​ឆ្ពោះទៅ​កាន់​ទីផ្សារ​ពិតប្រាកដ​មែន ទើប​ស្នាដៃ​មួយ​នេះ ត្រូវ​បាន​ផលិតកម្ម​របស់​លោក និងផលិតកម្ម​កងចក្រ សម្រិតសម្រាំង​ទាំង​គុណភាព និងស្ដង់ដារ ព្រោះតែ​ចង់អោយ​មានការ​ទទួលស្គាល់​ក្នុង​ពេល​ឆ្ពោះទៅ​កាន់​ទីផ្សារ​ខាងក្រៅ​នេះឯង​ ។

ភាពយន្ត​នេះ​ត្រូវ​បាន​កំណត់​ដាក់​លក់​សំបុត្រ​គ្រប់​រោង​ចាប់ពី​ថ្ងៃ​ទី​ ៥ ខែតុលា តទៅ ហើយ​គម្រោង​នាំ​យក​ទៅ​ក្រៅប្រទេស មិន​ទាន់​កំណត់​ថ្ងៃ​ច្បាស់​នៅឡើយ​ទេ ​។ លោក​ក៏​បង្ហាញ​មោទនភាព​ខ្ពស់​ផង​ដែរ ដែល​ក្នុង​ពិធី​សម្ពោធ​រឿង​នេះ គឺ​មាន​តារា​សិល្បៈ និងភ្ញៀវ​កិត្តិយស​ចូលរួម​កុះករ ហើយ​ក្នុង​ពិធី​ដាក់​បញ្ចាំង​សាកល្បង​កាលពី​ប៉ុន្មាន​ថ្ងៃមុន ក៏​មាន​អ្នក​បាន​ទស្សនា​ជា​ច្រើន​សរសើរ​ថា​ ភាពយន្ត​នេះ​ល្អមើល​ ៕ អត្ថបទសហការ