ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទស្សនកិច្ច​ជា​ផ្លូវការ​របស់​គណៈប្រតិភូ the Global SME Finance នៅ​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ នាថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២២ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ ​ចំពោះគណៈប្រតិភូ the…

រាជធានី​ភ្នំពេញ​៖ នាថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២២ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ ​ចំពោះគណៈប្រតិភូ the Global SME Finance ដែល​បាន​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ការិយាល័យ​កណ្តាល ​។

បណ្ឌិត អ៉ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​លើក​ឡើង​ថា គោលបំណង​នៃ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​សិក្សា​ស្វែង​យល់​ អំពី​ការ​អភិវឌ្ឍ​សហគ្រាស​ខ្នាត​តូច និង​ខ្នាត​មធ្យម វិស័យ​ធនាគារ​នៅ​កម្ពុជា ជា​ពិសេស ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ប្រកបដោយ​និរន្តរភាព ​។ លោក​បណ្ឌិត ​បាន​បន្ត​ថា ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ឆ្លងកាត់​ដំណាក់កាល​អភិវឌ្ឍន៍​ជា​ច្រើន ដោយ​ផ្តើម​ចេញពី​អង្គការ ក្រៅ​រដ្ឋាភិបាល​ក្នុងស្រុក រហូត​ក្លាយជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​មួយ​នៅ​កម្ពុជា​ ។ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី គឺជា​ធនាគារ​កម្ពុជា​ដំបូង​គេ ដែល​បាន​ពង្រីក​ប្រតិបត្តិការ​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ជិតខាង​ក្នុង​តំបន់ រួម​មាន ​ប្រទេស​ឡាវ​នៅ​ឆ្នាំ​២០០៨ និង​មី​យ៉ា​ន់​ម៉ា​នៅ​ឆ្នាំ​២០១៣ ​។ នៅ​ខែឧសភា ឆ្នាំ​២០២០ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ក្លាយជា​ធនាគារពាណិជ្ជ​ដំបូង​គេ​នៅ​កម្ពុជា ដែល​បាន​បោះផ្សាយ​លក់​ភាគហ៊ុន​របស់​ខ្លួន​ នៅ​លើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា (​ផ​.​ម​.​ក​) ​។

លោក​បណ្ឌិត មាន​សេចក្តី​សោមនស្ស ក្នុង​ការ​ចែករំលែក ព្រមទាំង​ការ​សិក្សា​ស្វែង​យល់​រវាង​គ្នា​នឹង​គ្នា​ជាមួយនឹង​គណៈប្រតិភូ ដែល​ជា​ថ្នាក់ដឹកនាំ​អង្គភាព​ធុរកិច្ច​ជុំវិញ​សកលលោក ហើយ​លោក​បណ្ឌិត​សង្ឃឹមថា ការ​ចែករំលែក​នូវ​ជំនាញ និង​បទ​ពិសោធន៍ ប្រកបដោយ​ភាព​ជោគជ័យ​នេះ គឺជា​គុណប្រយោជន៍​ល្អ​បំផុត សម្រាប់​អង្គភាព​អាជីវកម្ម​ទៅ​វិញ​ទៅ​មក ក៏​ដូច​ជា​សហគ្រាស​ខ្នាត​តូច និង​ខ្នាត​មធ្យម នៅ​ទូ​ទាំង​សកលលោក​។

អំពី​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី
ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​បួន (៤) គឺ​៖ ១) វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេ​ស៊ី​លី​ដា ២) អេ​ស៊ី​លី​ដា ស៊ី​ឃ្យួ​រឹ​ធី ភី​អិ​ល​ស៊ី ៣) ធនាគារ អេ​ស៊ី​លី​ដា ឡាវ លី​មី​ធី​ត និង ៤) ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេ​ស៊ី​លី​ដា មី​យ៉ា​ន់​ម៉ា ព្រមទាំង​មាន​ការិយាល័យ​តំណាង​នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន​ម៉ា ​។ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី មានទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង ៨,៣៤​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក សមតុល្យ​ឥណទាន​សរុប​ចំនួន ៦​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ៦,០១​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក និង​មាន​អតិថិជន​ប្រមាណ​ជាង ៣,៥៩​លាន​នាក់ គិត​ត្រឹម​ដំណាច់ខែ​មិថុនា ឆ្នាំ​២០២២​នេះ​។ គិត​ត្រឹម​ដំណាច់​សីហា ឆ្នាំ​២០២២ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី មាន​អ្នក​ប្រើប្រាស់​អេ​ស៊ី​លី​ដា​ម៉ូ​បាល​លើស ២,៥​លាន​នាក់ និង​មាន​ដៃគូ​អាជីវកម្ម​ចំនួន ១៧៥​ ពាន់ ​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​តាម​រយៈ ៖
ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី
លោក ផល សុខ​ចំរើន
មុខងា​រៈ នាយក​ប្រតិបត្តិ​រង​ទីផ្សារ នៃ​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី
ទូរ​ស័​ព្ទៈ ០១៥ ៨០០ ៩០៣
អ៊ី​ម៉ែ​លៈ phal.sokchamreoun@acledabank.com.kh
គេហទំព័​រៈ www.acledabank.com.kh ៕ អត្ថបទសហការ