ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ស្ថាបនា ចាប់​ដៃគូ​ជា​ផ្លូវការ​ជាមួយ​ក្រុមហ៊ុន ទ្រូ​ម៉ា​ន់​នី ដើម្បី​ប្រែក្លាយ​ភ្នាក់ងារ ទ្រូ​ម៉ា​ន់​នី ​ផ្តល់​សេវា​ដក​ប្រាក់​ដូច​ជា​ម៉ាស៊ីន​អេ​ធី​អឹ​ម

1 ឆ្នាំ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី​ ១៥ ខែសីហា ឆ្នាំ​ ២០២២ ៖ ធនាគារ ស្ថាបនា ដែល​ជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានីភ្នំពេញ, ថ្ងៃ​ទី​ ១៥ ខែសីហា ឆ្នាំ​ ២០២២ ៖ ធនាគារ ស្ថាបនា ដែល​ជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចាប់ផ្តើម​កិច្ចសហការ​ដៃគូ​ជា​ផ្លូវការ ជាមួយ​ក្រុមហ៊ុន ទ្រូ​ម៉ា​ន់​នី ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដ៏​ល្បីឈ្មោះ​មួយ​នៅ​កម្ពុជា ​។ តាម​រយៈ​ភាព​ជា​ដៃគូ​នេះ អតិថិជន​របស់​ធនាគារ ស្ថាបនា អាច​ដក​សាច់ប្រាក់​ពី​ភ្នាក់ងារ ទ្រូ​ម៉ា​ន់​នី ណាមួយ​ក្នុង​ចំណោម​ភ្នាក់ងារ​ទ្រូ​ម៉ា​ន់​នី​ជាង ១ ​ម៉ឺន ​ទីតាំង​នៅ​ទូ​ទាំង​ប្រទេស ដែល​មាន​ភាព​ងាយស្រួល​ដូច​ទៅ​នឹង​ការ​ដក​ប្រាក់​ពី​ម៉ាស៊ីន អេ​ធី​អឹ​ម (ATM) ដូច្នេះ​ដែរ ​។

លោក Jean Pierre Gagnon អនុប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ ស្ថាបនា បាន​មាន​ប្រសាសន៍​ថា ​៖ «​នៅ​ធនាគារ ស្ថាបនា យើង​ផ្តោត​ការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​ការ​ច្នៃប្រឌិត ដើម្បី​បន្ត​បម្រើ​អតិថិជន​របស់​យើង​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង ​។ ការ​ប្រែក្លាយ​រាល់​ភ្នាក់ងារ ទ្រូ​ម៉ា​ន់​នី ក្នុង​ការ​ផ្តល់​សេវា​ដក​ប្រាក់​ឱ្យ​ដូចនឹង​ម៉ាស៊ីន អេ​ធី​អឹ​ម អាច​ឱ្យ​យើង​ផ្តល់​សេវា​ធនាគារ​ប្រចាំ​ថ្ងៃ​កាន់តែ​ងាយស្រួល​ដល់​អតិថិជន​របស់​យើង​មិន​ថា ​ពួក​គេ​រស់នៅ​ទីណា​នោះ​ទេ​ ។ ជាក់ស្តែង​ណាស់ សេវា​ធនាគារ​ដ៏​ទូលំទូលាយ​មួយ​នេះ អនុញ្ញាត​ឱ្យ​ឪពុក​ម្តាយ​ផ្ញើ​ប្រាក់​ទៅ​កូន​ៗ​នៅ​ទីក្រុង ឬ ឪពុក​ដែល​ធ្វើការ​នៅ​ទីក្រុង​អាច​ផ្ញើ​ប្រាក់​ទៅ​ម្តាយ​របស់​ពួក​គាត់​នៅ​ឯ​ខេត្ត​បាន​យ៉ាង​ងាយស្រួល ​។ លើស​ពី​នេះ​ទៅ​ទៀត ខណៈ​ពេល​ដែល យើង​មាន​ម៉ាស៊ីន​អេ​ធី​អឹ​ម និង​បណ្តាញ​សាខា​យ៉ាង​ទូលំទូលាយ​ទូ​ទាំង​ប្រទេស ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន ទ្រូ​ម៉ា​ន់​នី នេះ​នឹង​ពង្រឹង​វិសាលភាព និង​ផ្តល់​ជម្រើស​កាន់តែ​ច្រើន​បន្ថែម​ទៀត​ដល់​អតិថិជន​របស់​យើង​»​ ។

លោកស្រី ឃួ​ន ហ្វ្រ​ង់​ដា​រា អគ្គ​នាយិកា​គ្រប់គ្រង​ផ្នែក​យុទ្ធសាស្ត្រ​នៃ​ក្រុមហ៊ុន ទ្រូ​ម៉ា​ន់​នី (​ខេ​ម​បូ​ឌា​) បាន​មាន​ប្រសាសន៍​ថា ​៖ «​សេវា​ធនាគារ និង​ហិរញ្ញវត្ថុ​ដែល​ក្រុមហ៊ុន​នានា​ផ្តល់​ជូន​កំពុង​មាន​ភាព​ប្រសើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នៅ​កម្ពុជា ​។ តាម​រយៈ​ភាព​ជា​ដៃគូ​នេះ យើង​នឹង​អាច​រំពឹង​ថា ​នឹង​ធ្វើ​ឱ្យ​កាន់តែ​ទំនើប​បន្ថែម​ទៀត និង​ផ្តល់​ជូន​សេវាកម្ម​តម្លៃបន្ថែម​ផ្សេង​ៗ ដែល​នឹង​ផ្តល់​ឱ្យ​កម្ពុជា​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​និង​ទូទាត់​ប្រកបដោយ​ប្រសិទ្ធភាព និង​រលូន​»​ ។

ដើម្បី​ជំរុញ​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​នេះ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ ធនាគារ ស្ថាបនា និង​ក្រុមហ៊ុន ទ្រូ​ម៉ា​ន់​នី កំពុង​ផ្តល់​ជូន​នូវ​ប្រូ​ម៉ូ​សិន​ពិសេស «ឥត​គិតថ្លៃ​សេវា​រយៈពេល ៣ ​ខែ​» ដល់​អតិថិជន​របស់​ធនាគារ ស្ថាបនា ដែល​ដក​ប្រាក់​នៅ​ភ្នាក់ងារ ទ្រូ​ម៉ា​ន់​នី ដោយ​ប្រើ​មុខងារ “Human ATM” នៅ​លើ​កម្មវិធី​ស្ថាបនា ម៉ូ​បាល (Sathapana Mobile) ដែល​ជា​កម្មវិធី​ទទួល​បាន​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​ ។ ប្រាកដ​ណាស់​សេវា​មួយ​នេះ​នឹង​នាំ​មក​នូវ​សេវា​ធនាគារ​ប្រចាំ​ថ្ងៃ​កាន់តែ​ងាយស្រួល​ជូន​ដល់​អតិថិជន និង​ផ្តល់​សេវា​ដក​ប្រាក់​ប្រកបដោយ​ភាព​ងាយស្រួល រហ័ស និង​សុវត្ថិភាព​ ។

ប្រូ​ម៉ូ​សិន​នេះ​នឹង​ផ្តល់​ជូន​អតិថិជន​ចាប់ពី​ថ្ងៃ​ទី ១៥ ខែសីហា ឆ្នាំ​ ២០២២ នេះ​តទៅ ហើយនឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​ ៣១ ខែតុលា ឆ្នាំ ​២០២២ ​។ កិច្ច​សហប្រតិបត្តិការ​រវាង​ធនាគារ ស្ថាបនា និង​ក្រុមហ៊ុន ទ្រូ​ម៉ា​ន់​នី នឹង​កើត​មាន​បន្ថែម​ទៀត​ក្នុង​ពេល​ឆាប់​ៗ​នេះ ​៕

អំពី ធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា គឺជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ដែល​មានទ្រព្យ​សកម្ម​សរុប​ជាង ២,៤ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​មាន​បុគ្គលិក​ជាង ៤.០០០​ នាក់ ​។ យើង​មាន​បណ្តាញ​សាខា​យ៉ាង​ទូលំទូលាយ​នៅ​ទូ​ទាំង​ប្រទេស​ដែល​មាន​សាខា​ជាង ១៧០ ​សាខា ស្ថាបនា ព្រី​មារ​ណ៍​ចំនួន ៣ និង​ម៉ាស៊ីន​អេ​ធី​អឹ​ម​ជាង ២៥០​ ។ យើង​ផ្តល់​ជូន​សេវា​ធនាគារ​យ៉ាង​ពេញលេញ​ដូច​ជា​ ៖ សេវា​ឥណទាន សេវា​ដាក់​ប្រាក់​បញ្ញើ សេវា ​iBanking ធនាគារ​ចល័ត ប័ណ្ណ​ឥណ​ពន្ធ និង​ប័ណ្ណឥណទាន សេវា​ផ្ទេរ​ប្រាក់​ក្នុងស្រុក និង​ក្រៅប្រទេស សេវា​ផ្ទេរ​ប្រាក់​ឆ្លង​ប្រទេស​ជាមួយ SWIFT និង​សេវា Visa B2B Connect Western Union ហិរញ្ញប្បទាន​ពាណិជ្ជកម្ម និង​សេវា​ហិរញ្ញវត្ថុ​ផ្សេង​ទៀត ​។ ក្រៅពី​នេះ យើង​ក៏​មាន​ផ្តល់​ជូន​សេវា​ប្រមូល​ពន្ធ និង​សេវា​ទូទាត់​ថ្លៃ​សេវា​សាធារណៈ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ។

ថ្មី​ៗ​នេះ ធនាគារ ស្ថាបនា ទើបតែ​ទទួល​បាន​ពានរង្វាន់ Best Mobile Banking App ឆ្នាំ​ ២០២២ និង Mobile Banking & Payment Initiative of the Year ពី​ទស្សនាវដ្ដី Global Brands Magazine របស់​ប្រទេស​អង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់​កម្មវិធី​ស្ថាបនា ម៉ូ​បាល រចនា​បទ​ថ្មី ដែល​ផ្ដល់​នូវ​សេវាកម្ម​រហ័ស ងាយស្រួល និង​សុវត្ថិភាព​ជាង​មុន​ជូន​ដល់​អតិថិជន​។ ពានរង្វាន់​ទាំង​ពីរ​នេះ​គឺជា​សក្ខីភាព​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​ដើម្បី​បម្រើ​អតិថិជន​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ ​។

អំពី​ក្រុមហ៊ុន ទ្រូ​ម៉ា​ន់​នី
ទ្រូ​ម៉ា​ន់​នី គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​អន្តរជាតិ​ឈានមុខ​គេ និង​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Ascend Money ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ​Charoen Pokphand Group (CP Group) និង​ក្រុមហ៊ុន Ant Financial (Alibaba) ដែល​ជា​ក្រុមហ៊ុន​ពីរ​ធំ​ជាងគេ​បំផុត​នៅ​តំបន់​អាស៊ី​ ។
TrueMoney Group គឺជា​ភ្លែត​ហ្វ​ម​ហិរញ្ញវត្ថុ​ដ៏​ពេញ​និយម​បំផុត​មួយ​នៅ​អាស៊ី​អាគ្នេយ៍​នា​ពេល​បច្ចុប្បន្ន​។
ក្រុមហ៊ុន ទ្រូ​ម៉ា​ន់​នី បាន​ពង្រីក​វត្តមាន​ក្នុង​ទីផ្សារ​របស់​ខ្លួន​ពី ១​ ប្រទេស ទៅ​ជា ៦ ​ប្រទេស​ក្នុង​រយៈពេល​ដ៏​ខ្លី​បំផុត ​។ បច្ចុប្បន្ន ទ្រូ​ម៉ា​ន់​នី មាន​ប្រតិបត្តិការ​យ៉ាង​រឹង​មាំ នៅ​ក្នុង​ប្រទេស​ថៃ កម្ពុជា មី​យ៉ា​ន់​ម៉ា ឥណ្ឌូ​នេ​ស៊ី វៀតណាម និង​ហ្វី​លី​ពី​ន ​។ បច្ចុប្បន្ន ទ្រូ​ម៉ា​ន់​នី មាន​បណ្ដាញ​ភ្នាក់ងារ​ធំ​ជាងគេ​បង្អស់​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​មាន ៦៥.០០០ ភ្នាក់ងារ និង​មាន​បរិមាណ​ទូទាត់​ប្រាក់​ច្រើន​ជាងគេ​បង្អស់ ពោល​គឺ​ចំនួន ៨​ ពាន់​លាន​ដុល្លា​អា​មេ​រិ​ក ក្នុង​ឆ្នាំ ​២០១៩​ ។ លើស​ពី​នេះ កម្មវិធី​ទូរស័ព្ទ TrueMoney Wallet ឈរ​នៅ​លំដាប់​ទី​ ១ នៃ​កម្មវិធី E-wallet ទាំងអស់​ក្នុង​ប្រទេស​ថៃ​ ៕ អត្ថបទសហការ