ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ បន្ត​ងើបឡើង​វិញ​ជា​លំដាប់ ទោះ​ជួប​បញ្ហា​ប្រឈម រាលដាល់​នៃ​ជំងឺ​កូ​វី​ដ​ ១៩ និង​ការ​កើនឡើង ​នូវ​អតិផរណា​ក៏​ដោយ

2 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ នា​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២២ ឯកឧត្តម ជា ចាន់​តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ…

រាជធានីភ្នំពេញ៖ នា​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២២ ឯកឧត្តម ជា ចាន់​តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ លោក​បណ្ឌិត Hoe Ee Khor ប្រធាន​សេដ្ឋវិទូ​នៃ​អង្គភាព​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​+៣ (AMRO) ព្រមទាំង​គណៈប្រតិភូ ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ ក្រោយ​ពី​បាន​បំពេញបេសកកម្ម​ វាយតម្លៃ​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​ នៅ​ប្រទេស​កម្ពុជា ចាប់តាំងពី​ថ្ងៃ​ទី​២០ ខែកក្កដា ដល់​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២២ រួច​មក ​។

លោក​បណ្ឌិត​បាន​សម្ដែង​ការ​អបអរសាទរ ​ចំពោះ​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា ដែល​បន្ត​ងើបឡើង​វិញ​ជា​លំដាប់ ទោះបីជា​ជួបនឹង​បញ្ហា​ប្រឈម ​នៃ​ការ​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ និង​ការ​កើនឡើង​នូវ​អតិផរណា​ក៏​ដោយ​ ។ លោក​បណ្ឌិត ក៏​បាន​កោតសរសើរ​អំពី​ប្រសិទ្ធភាព ​នៃ​ការ​គ្រប់គ្រង​ជំងឺ​កូ​វី​ដ​-១៩ បាន​យ៉ាង​ល្អ​ប្រសើរ ហើយ​អាច​ឱ្យ​កម្ពុជា​ បើក​ដំណើរការ​ប្រទេស និង​សកម្មភាព​សេដ្ឋកិច្ច​ឡើង​វិញ​យ៉ាង​ឆាប់រហ័ស ដែល​គាំទ្រ​ដល់​ការ​ងើបឡើង​នៃ​សេដ្ឋកិច្ច​ ។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម ទេសាភិបាល បាន​ថ្លែងអំណរគុណ​ចំពោះ AMRO ដែល​បាន​ចូលរួម​វាយតម្លៃ​ស្ថានភាព​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​កម្ពុជា ដោយ​បាន​ផ្ដល់​អនុសាសន៍​សំខាន់​ៗ និង​ផ្តល់​ជំនួយ​បច្ចេកទេស ព្រមទាំង​បាន​រួមចំណែក​អភិវឌ្ឍ​សមត្ថភាព​មន្ត្រី​-​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា​ តាម​រយៈ​កម្មវិធី​ហាត់​ការងារ​ នៅ​ការិយាល័យ AMRO ផ្ទាល់ ​។

ឯកឧត្តម ទេសាភិបាល ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ AMRO ដែល​បាន​រួមចំណែក​គាំទ្រ​កម្ពុជា ​ក្នុង​នាម​ជា​សហ​ប្រធាន​នៃ​កិច្ចប្រជុំ​អាស៊ាន​+៣ នា​ពេល​កន្លង​មក និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​សំខាន់​របស់​អង្គភាព AMRO ក្នុង​ការ​ចូលរួម​ពង្រឹង​ប្រតិបត្តិការ​នៃ​យន្តការ​ពហុ​នី​យ​កម្ម​គំនិត​ផ្ដួចផ្ដើម​ឈៀង​ម៉ៃ (CMIM) និង​ការ​ពង្រឹង​សំណាញ់​សុវត្ថិភាព​ហិរញ្ញវត្ថុ​ក្នុង​តំបន់​អាស៊ាន​+៣ ៕ អត្ថបទ​សហការ