ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន កូ​កា កូ​ឡា កម្ពុជា បន្ត​ផ្តល់​ទឹក​ស្អាត​ដល់​សហគមន៍​ក្នុង​ខេត្តកំពង់ចាម

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន កូ​កា​-​កូ​ឡា កម្ពុជា បាន​សម្ពោធ​ប៉ម​ចម្រោះ​ទឹក​ស្អាត Aqua Towers & ម៉ាស៊ីន​លាង​សម្អាត​បន្ទប់ទឹក​AquaSan…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន កូ​កា​-​កូ​ឡា កម្ពុជា បាន​សម្ពោធ​ប៉ម​ចម្រោះ​ទឹក​ស្អាត Aqua Towers & ម៉ាស៊ីន​លាង​សម្អាត​បន្ទប់ទឹក​AquaSan គម្រោង​ទី ​៣២ ក្រោម​វត្តមាន​របស់​ឯកឧត្តម ផា​ន អូន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ដែល​នាំ​មក​នូវ​ទឹក​ស្អាត​ដល់​សិស្ស​ជាង ១៣០០​នាក់​នៅ​វិទ្យាល័យ​ហ៊ុន​សែន គរ និង​សាលា​បឋម​សិក្សា ប៊ុ​ន រ៉ា​នី ឃុំ​គរ ខេត្តកំពង់ចាម ​។

នេះ​គឺជា​ប៉ម​ចម្រោះ​ទឹក​ស្អាត Aqua Towers ទី ​១ ដែល​ត្រូវ​បាន​ដំឡើង​ក្នុង​ឆ្នាំ ​២០២២ ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង AquaTower បន្ថែម​ពីលើ​ប៉ម​ចម្រោះ​ទឹក​ចំនួន ៣១ ​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ដាក់​អោយ​ដំណើរការ​រួច​ហើយ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​គិត​ចាប់ពី​ឆ្នាំ​ ២០១៦ ​មក ​។

ក្រុមហ៊ុន កូ​កា​-​កូ​ឡា កម្ពុជា ក្រោម​ការ​សហការ​ជាមួយនឹង​មូលនិធិ Planet Water មាន​គោលបំណង​ផ្តល់​លទ្ធភាព​ទទួល​បាន​ទឹក​ស្អាត និង​សុវត្ថិភាព ព្រមទាំង​កន្លែង​លាង​សម្អាត​ដៃដល់​ប្រជាជន​ប្រហែល ១២.៦០០ ​នាក់​ក្នុង​មួយ​ថ្ងៃ ដោយ​ផ្តោត​លើ​កុមារ​អាយុ​ចាប់ពី ១២ ឆ្នាំ​ឡើង​ទៅ ​។ លើស​ពី​នេះ​ទៀត គម្រោង​នេះ​មាន​គោលបំណង​ជំរុញ​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​ពាក់ព័ន្ធ​នឹង​ការ​លើកកម្ពស់​ការ​អនុវត្ត​កម្មវិធី​អប់រំ​សុខភាព ការ​ប្រើប្រាស់​ទឹក​ស្អាត​ប្រកបដោយ​ប្រសិទ្ធភាព និង​ការ​ថែរក្សា​អនាម័យ​ផ្ទាល់ខ្លួន​សម្រាប់​សិស្សានុសិស្ស​ក្នុង​ចំនួន​រហូត​ដល់ ៤.៦៥៥​ នាក់ ព្រមទាំង​បង្កើន​ការ​ចូលរួម​របស់​សហគមន៍ ជុំវិញ​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​លទ្ធភាព​ទទួល​បាន​ទឹក​ស្អាត​ ។

បន្ទាប់​ពី​ដំឡើង​ប៉ម​ជ​ម្រោះ​ទឹក​ស្អាត AquaTower រួច ឯកឧត្តម ផា​ន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ប៉ម​ចម្រោះ​ទឹក​ស្អាត​នេះ​ជូន​លោក លាង រុន នាយក​វិទ្យាល័យ​ហ៊ុន​សែន គរ និង​សាលា​បឋម​សិក្សា ប៊ុ​ន រ៉ា​នី ឃុំ​គរ ពី​សំណាក់​លោក Arup Sinha Roy នាយក​ផ្នែក​ហិរញ្ញវត្ថុ​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន កូ​កា​-​កូ​ឡា កម្ពុជា ​។

ឯកឧត្តម ផា​ន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប មាន​ប្រសាសន៍​ថា​ ៖ «​ការ​បង្កើន​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ និង​ការ​គ្រប់គ្រង​ធនធានទឹក​ប្រកបដោយ​ប្រសិទ្ធភាព ពិតជា​អាច​ជំរុញ​កំណើនសេដ្ឋកិច្ច​និង​ការ​រីក​ចម្រើន​របស់​សង្គម​ជាតិ និង​អាច​រួមចំណែក​យ៉ាងច្រើន​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ហើយ​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ឃុំ​គរ នៃ​ស្រុក​ព្រៃឈរ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​កម្ពុជា និង ក្រុមការងារ​ស្ម័គ្រ សម្រាប់ AQUATOWER តាម​រយៈ​គំនិត​ផ្តួចផ្តើម​ទឹក​ស្អាត​របស់​កូ​កា​-​កូ​ឡា វា​នឹង​ធានា​ថា​កុមារ​នៅ​ទី​នេះ​នៅ​ក្នុងស្រុក​ព្រៃឈរ​នឹង​ធំ​ឡើង​នៅ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​មាន​សុខ​ភាពល្អ​ជាមួយនឹង​ទឹក​ស្អាត និង​សុវត្ថិភាព» ។​

លោក Arup Sinha Roy នាយក​ផ្នែក​ហិរញ្ញវត្ថុ​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន កូ​កា​-​កូ​ឡា កម្ពុជា បាន​ថ្លែង​ថា ​៖ «​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​មិន​បញ្ឈប់​នៅ​ត្រឹមតែ​ការ​តំឡើង​ប៉ម​ចម្រោះ​ទឹក​ស្អាត​ថ្មី​ក្នុងថ្ងៃនេះ​ប៉ុណ្ណោះ​ទេ​។ យើង​នឹង​បន្ត​គាំទ្រ និង​សហការ​យ៉ាង​ពេញទំហឹង​ជាមួយ​មូលនិធិ Planet Water ក្នុង​ការ​អនុវត្ត​កម្មវិធី​អប់រំ​សុខភាព ការ​ប្រើប្រាស់​ទឹក​ស្អាត​ប្រកបដោយ​ប្រសិទ្ធភាព ការ​ថែរក្សា​អនាម័យ​បរិស្ថាន ការ​អប់រំ បណ្តុះបណ្តាល​ប្រជា​សហគមន៍​អំពី​ការ​ថែរក្សា​ការពារ​ប៉ម​ចម្រោះ​ទឹក​នេះ រួម​ទាំង​ការ​ធ្វើ​លំហែ​ទាំ​រយៈពេល ៥ ឆ្នាំ ក្រោយ​ការ​ដំឡើង​នេះ​» ​។

លោក Arup Sinha Roy បន្ថែម​ថា ​៖ «​នៅ​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​កម្ពុជា បរិស្ថាន សង្គម និង​អភិបាលកិច្ច (ESG)​ គឺជា​ចក្ខុវិស័យ​របស់​យើង​ដែល​បាន​ផ្សា​ភ្ជាប់​ទៅ​នឹង​របៀប​ដែល​យើង​ប្រតិបត្តិការ​អាជីវកម្ម​ ។ កត្តា​ប្រាក់​ចំណេញ​មាន​សារៈសំខាន់ ប៉ុន្តែ​មិនមែន​មាន​តែ​កត្តា​នេះ​តែ​មួយ​មុខ​ទេ​ ។ កត្តា​ធនធានមនុស្ស និង​ការ​យកចិត្តទុកដាក់​ទៅ​លើ​ភព​ផែនដី​រិ​ត​តែ​សំខាន់​ ។ ហើយ​នោះ​ហើយ​ជា​មូលហេតុ​ដែល​គំនិត​ផ្តួចផ្តើម ESG របស់​យើង​គឺ​ផ្តោត​លើ​ការ​បង្កើត​អាជីវកម្ម​ប្រកបដោយ​ចីរភាព​ជាង​មុន និង​ផ្តល់​នូវ​អនាគត​រួម​គ្នា​កាន់តែ​ប្រសើរ ដោយ​បង្កើត​ភាព​ខុស​គ្នា​ជា​វិជ្ជមាន​អំពី​ការ​រស់នៅ​របស់​ប្រជាជន សហគមន៍ និង​ភព​ផែនដី​របស់​យើង ​។ ចក្ខុវិស័យ​នេះ​បង្កើត​អោយ​មាន​សសរស្តម្ភ​ធំ​ៗ​ចំនួន​៥​រួម​មាន​៖ ពិភពលោក​គ្មាន​សំរាម ការ​ផ្តល់​ទឹក​ស្អាត​ត្រលប់​ទៅ​សហ​គម​ន៏​វិញ ការ​ផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី អាកាសធាតុ និង​សុខុមាលភាព​សហគមន៍​»​ ។

ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ក្រុមហ៊ុន កូ​កា​-​កូ​ឡា កម្ពុជា បាន​ពង្រីក​ភាព​ជា​ដៃគូ​របស់​ខ្លួន​ជាមួយ​មូលនិធិ Planet Water ដែល​រហូត​មក​ដល់​ពេល​នេះ​ក្រុមហ៊ុន​បាន​ដំឡើង​ប៉ម​ចម្រោះ​ទឹក​ស្អាត Aqua Towers & ម៉ាស៊ីន​លាង​សម្អាត​បន្ទប់ទឹក​AquaSan ចំនួន ៣១​ កន្លែង​សម្រាប់​ប្រជាជន ៥៥.០០០​ នាក់​ក្នុង​សហគមន៍​ជនបទ​ដាច់​ស្រយាល​និង​ខ្វះខាត​ទឹក​ក្នុង​ខេត្ត​ចំនួន​១៦​ ។ នៅ​ឆ្នាំ​នេះ ក្រុមហ៊ុន​រំពឹង​ថា​នឹង​ដំឡើង​ប៉ម​ចម្រោះ​ទឹក​និង​ម៉ាស៊ីន​លាង​សម្អាត​បន្ទប់ទឹក​ចំនួន ៩ ​ទៀត​នៅ​តំបន់​ដែល​ខ្វះខាត​ទឹក​ស្អាត​ប្រើប្រាស់​ ។ ជាមួយនឹង​ការ​ដំឡើង​បន្ថែម​ទាំងនេះ នឹង​បម្រើ​ជា​ប្រ​យោ​ជ​ន៏​ដល់​សហគមន៍​នានា​នៅ​ទូ​ទាំង ២៥​ខេត្ត​ក្រុង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

ជា​ក្រុមហ៊ុន​ភេសជ្ជៈ​គ្មាន​ជាតិ​ស្រវឹង ឈានមុខ​គេ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា​-​កូ​ឡា (CBC) ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ១០០% របស់​សម្ព័ន្ធ​ក្រុមហ៊ុន Bottling Investments Group (BIG) ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ១០០% របស់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​ ។ CBC មាន​មោទនភាព​ក្នុង​នាម​ជា​អ្នក​ផលិត ផ្គត់ផ្គង់ និង​អ្នក​ចែកចាយ​ទទួល​បាន​សិទ្ធិ​ផ្ដាច់មុខ​របស់​ក្រុមហ៊ុន កូ​កា​-​កូ​ឡា និង​សម្រាប់​ផលិតផល​ក្រុមហ៊ុន Monster Energy Company ក្នុង​ប្រទេស​កម្ពុជា ​។

CBC គឺជា​រោងចក្រ​ថ្មី​បំផុត​របស់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា នៅ​ក្នុង​តំបន់​អាស៊ី ​។ រោងចក្រ​នេះ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ គ្របដណ្ដប់​លើ​ផ្ទៃដី ១២,៥ ហិ​កតា ហើយ​មាន​ទំហំ​ធំ​ជាង​ទីតាំង​ចាស់​រហូត​ដល់​ទៅ ១០ ដង ​។ រោងចក្រ​ថ្មី​នេះ​បាន​ជួយ​បង្កើន​សមត្ថភាព​ផលិត​របស់​យើង​បាន​ច្រើន ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន និង​អ្នក​ប្រើប្រាស់​ក្នុងស្រុក​របស់​យើង នា​ពេល​បច្ចុប្បន្ន និង​នា​ពេល​អនាគត ៕ ដោយសហការ