
ធនាគារជាតិ ផ្សព្វផ្សាយលទ្ធផលការងារក្នុងឆ្នាំ២០២១ និងទិសដៅឆ្នាំ ២០២២
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១៣ និងទី ១៤ ខែមករា ឆ្នាំ ២០២១ ធនាគារជាតិនៃកម្ពុជា…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១៣ និងទី ១៤ ខែមករា ឆ្នាំ ២០២១ ធនាគារជាតិនៃកម្ពុជា…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១៣ និងទី ១៤ ខែមករា ឆ្នាំ ២០២១ ធនាគារជាតិនៃកម្ពុជា បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងទិសដៅការងារឆ្នាំ ២០២២ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី-បុគ្គលិកផងដែរ ។ ដើម្បីបង្ការការឆ្លងនៃជំងឺកូវីដ-១៩ និងគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល សមាជិក-សមាជិកាចូលរួមសន្និបាតនេះត្រូវបានបែងចែកឱ្យចូលរួមជាលក្ខណៈអនឡាញផង និងដោយផ្ទាល់ផង ។
គោលបំណងនៃសន្និបាតនេះ គឺដើម្បីអបអរសាទរនិងផ្សព្វផ្សាយ អំពីលទ្ធផលការងារដែលធនាគារជាតិនៃកម្ពុជាសម្រេចបានក្នុងឆ្នាំ ២០២១ និងទិសដៅការងារឆ្នាំ ២០២២ សំដៅឈានទៅបន្តសម្រេចឱ្យបាននូវជោគជ័យថ្មីៗបន្ថែមទៀត សម្រាប់ប្រព័ន្ធធនាគារក៏ដូចជាសេដ្ឋកិច្ចកម្ពុជាទាំងមូល ។
ឯកឧត្តម ជា ចាន់តូ មានប្រសាសន៍ថា ៖ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២១ មានភាពល្អជាងឆ្នាំ ២០២០ ដែលគាំទ្រដោយការងើបឡើងនៃសេដ្ឋកិច្ចពិភពលោកដែលបានជួយជំរុញការនាំចេញ គួបផ្សំនិងការអនុវត្តប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលនូវវិធានការគាំទ្រសេដ្ឋកិច្ច វិធានការគ្រប់គ្រងការឆ្លងរាលដាលនៅក្នុងសហគមន៍ និងការសម្រេចចាក់វ៉ាក់សាំងដល់ប្រជាជនបានប្រមាណ ៩០% នៃប្រជាជនសរុប ដែលបានបើកឱ្យសកម្មភាពសេដ្ឋកិច្ចដំណើរការឡើងវិញជាលំដាប់ ។
កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថា សម្រេចបានក្នុងរង្វង់ ៣% នៅឆ្នាំ ២០២១ ធៀបនឹង -៣,១% ឆ្នាំ២០២០ ជាមួយអត្រាអតិផរណា ២,៩% ដែលជាកម្រិតទាប អាចគ្រប់គ្រងបាន ។ ធនាគារជាតិនៃកម្ពុជាបានធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ តាមរយៈការលក់ប្រាក់ដុល្លារអាមេរិកជាង ៥០០ លាន ដើម្បីស្រូបយកប្រាក់រៀលពីសេដ្ឋកិច្ច និងរក្សាអត្រាប្តូរប្រាក់ទីផ្សារឱ្យមានស្ថិរភាពក្នុងរង្វង់ ៤.០៩៩ រៀលក្នុងមួយដុល្លារអាមេរិក ។
ធនាគារជាតិនៃកម្ពុជា បានបន្តដាក់ចេញវិធានការបុរេសកម្មនានា ជាពិសេសការបន្តការបន្ធូរបន្ថយបទប្បញ្ញត្តិ និងការអនុវត្តនយោបាយរូបិយវត្ថុវិត្ថារកម្ម ដែលផ្តល់លទ្ធភាពឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានសាច់ប្រាក់គ្រប់គ្រាន់ សម្រាប់ពង្រឹងស្ថានភាពដើមទុន និងលើកកម្ពស់សមត្ថភាពគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព ព្រមទាំងបន្តអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះរៀបចំឥណទានឡើងវិញ សរុបចំនួន ៣៧០.៧៨៥ គណនី ស្មើនឹង ២២,៤ ទ្រីលានរៀល (៥,៥ ប៊ីលានដុល្លារអាមេរិក) ដែលបានសម្រាលបន្ទុករបស់ប្រជាពលរដ្ឋនិងអាជីវកម្មបានមួយកម្រិត ។
ស្របតាមដំណើរការសេដ្ឋកិច្ច និងការរស់នៅតាមគន្លងថ្មី ធនាគារជាតិនៃកម្ពុជាបានអភិវឌ្ឍ និងអនុញ្ញាតឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិកត្រូនិក ដែលបានសម្រួលដល់ការទូទាត់និងការផ្ទេរប្រាក់ ក្នុងប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគទាំងក្នុង និងក្រៅប្រទេស ។
អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានពង្រឹងជាប្រចាំនូវការអនុវត្ត ច្បាប់ បទប្បញ្ញត្តិ និងកាតព្វកិច្ចនានាពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មរបស់បុគ្គលរាយការណ៍ ។ នៅឆ្នាំ ២០២១ ធនាគារជាតិនៃកម្ពុជាបានទទួលពានរង្វាន់ជាបន្តបន្ទាប់ ពីទស្សនាវដ្តីអន្តរជាតិ The Banker, ពីភ្នាក់ងារប្រឹក្សាយោបល់និងវាយតម្លៃក្នុងវិស័យហិរញ្ញវត្ថុ The Asian Banker និងថ្មីៗនេះពីទស្សនាវដ្តីជប៉ុន Nikkei លើសមិទ្ធផលដែលធនាគារជាតិនៃកម្ពុជាសម្រេចបាន ក្នុងការអភិវឌ្ឍប្រព័ន្ធធនាគារ ប្រព័ន្ធទូទាត់ និងសេដ្ឋកិច្ចជាតិ ៕ ដោយសហការ
ចែករំលែកព័តមាននេះ