រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១0 ខែមករា ឆ្នាំ ២០២២ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា រួមជាមួយនឹងអង្គការភ្លែនអន្តរជាតិកម្ពុជា បានដាក់ចេញជាផ្លូវការនូវការអនុវត្តកម្មវិធីទឹកស្អាត និងអនាម័យនៅគ្រប់កម្រិតសាលារៀនទាំងអស់ក្នុងខេត្តព្រះសីហនុ ក្នុងពិធីបើកបរវេសនកាលឆ្នាំសិក្សា ២០២១-២០២២ ក្រោមអធិបតីភាពរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ ។
ក្នុងកម្មវិធីនេះដែរ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្រោមការឧបត្ថម្ភសប្បុរសធម៌របស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប គំនិតផ្តួចផ្តើមរួមគ្នាជាមួយនឹងអង្គការភ្លែនអន្តរជាតិគ្រោងនឹងដំឡើងកន្លែងលាងដៃដែលដំណើរការដោយឈ្នាន់សរុបចំនួន ១៩៨ នៅទូទាំង ៩៩ សាលារៀនទាំងអស់ក្នុងខេត្តព្រះសីហនុ ត្រឹមខែមេសាឆ្នាំ ២០២២ នេះ ។ លើសពីនេះទៅទៀត មូលនិធិព្រីនស៍ ក៏បានបរិច្ចាគឧបករណ៍វាស់កម្តៅចំនួន ៩៩០ គ្រឿង ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់មូលនិធិក្នុងការផ្តល់នូវបរិយាកាសសាលារៀនប្រកបដោយសុវត្ថិភាពដល់ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ ។
យោងតាមប្រសាសន៍របស់លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ទាំងគ្រូបង្រៀន និងសិស្សានុ សិស្សតម្រូវឲ្យអនុវត្តតាមវិធានការការពារដូចជាការលាងដៃឲ្យបានញឹកញាប់ ការរក្សាគម្លាត និងការពាក់ម៉ាស់ជាដើមដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ។ លោកជំទាវបានបន្តថា៖ «នៅបំណាច់នៃគម្រោងនេះ សិស្សានុសិស្សចំនួន ៣៩ ០១៩នាក់ មកពីសាលាបឋមសិក្សាចំនួន ៧២ សាលា សាលាអនុវិទ្យាល័យចំនួន ១៨ សាលា និងវិទ្យាល័យចំនួន ៩ សាលា ក្នុងស្រុកព្រៃនប់ ស្រុកស្ទឹងហាវ ស្រុកកំពង់សីលា កោះរុង នឹងទទួលបានបរិក្ខារសម្រាប់លាងដៃនេះ» ។
ជាមួយគ្នានេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានលើកឡើងនូវសាររបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដោយគូសបញ្ជាក់ថាក្នុងខែកញ្ញា ឆ្នាំ ២០២១ ក្រសួងអប់រំ យុវជន និងកីឡាបានអនុញ្ញាតឲ្យបើកសាលារៀនឡើងវិញ បន្ទាប់ពីឃើញភាពល្អប្រសើរនៃការចាក់វ៉ាក់សាំងទៅលើកុមារដែលមានអាយុចាប់ពី ៥ ឆ្នាំឡើងទៅ ។ ឯកឧត្តមបានបន្តថា «ជាមួយនឹងវិធានការប្រកបដោយប្រសិទ្ធភាពនេះ យើងមានមោទនភាពដែលអាចនិយាយបានថា ថ្ងៃនេះជាទំព័រថ្មីសម្រាប់សិស្សានុសិស្សកម្ពុជា ជាពិសេសកុមារដែលទើបតែចុះឈ្មោះចូលរៀនដើម្បីចាប់ផ្តើមដំណើរនៃការអប់រំរបស់ពួកគេក្រោមទស្សនទានថ្មីគឺ “គន្លងប្រក្រតីភាពថ្មីក្នុងវិស័យអប់រំ” » ។
តាមរយៈការចាប់ផ្តើមជំហានដំបូងរបស់ខ្លួនក្នុងឆ្នាំថ្មីក្នុងយុទ្ធនាការ «ត្រឡប់ទៅសាលារៀនវិញ» នេះ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានដើរតួនាទីយ៉ាងសកម្មក្នុងការចូលរួមចំណែកពង្រឹង និងផ្តល់ភាពអង់អាចដល់សិស្សានុសិស្សកម្ពុជាដើម្បីឲ្យពួកគេទទួលបាននូវអនាគតដ៏ប្រសើរមួយ ហើយតួនាទីដ៏សំខាន់នេះត្រូវបានមើលឃើញតាមរយៈការផ្តល់អាហារូបករណ៍ ចេនហ្ស៊ី ដល់សិស្សកម្ពុជាចំនួន ៤០០ នាក់ ដែលជាកម្មវិធីដ៏លេចធ្លោមួយក្នុងចំណោមកិច្ចផ្តួចផ្តើមដទៃទៀតរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ។
លោក Cliff Koh ដែលជាអគ្គលេខាធិការ នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានមានប្រសាសន៍ថា៖ «ពួ្កយើងជឿជាក់ថាកិច្ចផ្តួចផ្តើមក្នុងការបើកសាលារៀនវិញប្រកបដោយសុវត្ថិភាពនេះគឺជាការចូលរួមចំណែកដ៏មានសារៈសំខាន់ និងចាំបាច់បំផុតសម្រាប់កាលៈទេសៈមួយនេះ ។ យើងពិតជាមានសេចក្តីសោមនស្សរីករាយដែលបានធ្វើការ និងរៀនសូត្រពីអង្គការភ្លែនអន្តរជាតិដែលជាអង្គការមួយធ្វើការជួយ និងគាំទ្រដល់ការអភិវឌ្ឍន៍របស់កុមារក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ២០ ឆ្នាំមកនេះ ។ ហើយវាក៏ពិតជាកិត្តិយសសម្រាប់ពួកយើងខ្លាំងណាស់ដែលត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងកម្មវិធីថ្ងៃនេះ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ និងឯកឧត្តម គួច ចំរើន ដើម្បីដាក់ចេញនូវកម្មវិធីទឹកស្អាត និងអនាម័យជាមួយនឹងអង្គការភ្លែនអន្តរជាតិ» ។
លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទីនៃអង្គការភ្លែនអន្តរជាតិកម្ពុជាបានមានប្រសាសន៍ថា៖ «អង្គការភ្លែនអន្តរជាតិកម្ពុជានឹងធ្វើការសហការជាមួយនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាឲ្យបានថា តំណាងសាលាចំនួនពីរនាក់ មាននាយកសាលាម្នាក់ និងគ្រូបង្រៀនម្នាក់នឹងបានរៀនពីរបៀបដំឡើង ប្រើប្រាស់ ជួសជុល និងថែទាំបរិក្ខារទាំងនោះ ។ គម្រោងនេះទៀតសោតមានគោលបំណងធ្វើឲ្យប្រាកដថា ៩០% នៃសិស្សានុសិស្ស ជាពិសេសកុមារតូចៗនឹងបានរៀន និងយល់ដឹងអំពីការរក្សាអនាម័យ និងវិធានការការពារជំងឺកូវីដ-១៩» ។
ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយនៅកម្ពុជា ដែលមានក្រុមហ៊ុនជាច្រើនធ្វើការផ្តោតលើវិស័យស្នូលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និង បម្រើសេវាអតិថិជន ។ អាជីវកម្មសំខាន់ៗរបស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបនៅកម្ពុជា រួមមាន ក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ក្រុមហ៊ុន Belt Road Capital Management ព្រមទាំងក្រុមហ៊ុន Awesome Global Investment Group ។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងនេះ ក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប មានអាជីវកម្មប្រមាណជាង ៨០ នៅក្នុងប្រទេសកម្ពុជា ដែលកំពុងប្រតិបត្តិការលើការអភិវឌ្ឍវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យាម្ហូបអាហារ និងភេសជ្ជៈ និងវិស័យប្រណិតភាពនៃជីវិត ។ល។
ការកើនឡើងនូវការវិនិយោគផ្ទាល់ពីបរទេស ដែលកើតចេញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសឈានមុខ និងការចូលរួមនាពេលអនាគតនៅក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ត្រូវបានរំពឹងថានឹងដើរតួនាទីជាកត្តាលីករដ៏សំខាន់មួយ ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាក្រោមការគាំទ្រពីគំនិតផ្តួចផ្តើមគោលនយោបាយទ្រទ្រង់វិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាល ។
ដោយប្រើបណ្តាញអ្នកជំនាញផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម និងហិរញ្ញវត្ថុនៅទូទាំងទ្វីបអាស៊ី សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប បានកសាងមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់លំហូរមូលធនក្នុងស្រុក និងអន្តរជាតិ ។ សម្ព័ន្ធនេះប្តេជ្ញាយ៉ាងមុតមាំចំពោះការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា ។ ជាក់ស្តែង សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប កំពុងតែអភិវឌ្ឍន៍គម្រោងទេសចរណ៍ និងលំនៅឋានទីក្រុងរាម នាពេលខាងមុខដែលនឹងក្លាយជាគម្រោងអចលនទ្រព្យប្រកបដោយនិរន្តរភាពដំបូងគេបង្អស់នៅកម្ពុជា ក្នុងនោះដែរ សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប មានគោលបំណងធានាបាននូវការវិនិយោគសរុបចំនួន ១៦ពាន់លានដុល្លារសហរដ្ឋអាមេរិកសម្រាប់តំបន់ទាំងមូល ។ គម្រោងនេះស្ថិតនៅទីតាំងយ៉ាងងាយស្រួលដោយគ្រាន់តែធ្វើដំណើរ រយៈពេល ១០ នាទីពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុប៉ុណ្ណោះ ដែលក្នុងគោលបំណងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុផងដែរ ។
អង្គការភ្លែនអន្តរជាតិ គឺជាអង្គការដែលផ្តោតលើការអភិវឌ្ឍ និងមនុស្សធម៌ ដោយជួយលើកកម្ពស់ដល់សិទ្ធិកុមារ និងសមភាពចំពោះក្មេងស្រី។ យើងនៅតែបន្តប្រឹងប្រែងទាំងអស់គ្នាដើម្បីទិសដៅថ្មីដែលផ្តោតសំខាន់លើសិទ្ធិកុមារ និងសមភាពសម្រាប់ក្មេងស្រី ដោយធ្វើការរួមគ្នាជាមួយកុមារ យុវជន អ្នកគាំទ្រ ក៏ដូចជាដៃគូនានារបស់យើង។ ជាមួយនឹងបទពិសោធន៍ជាង ៨០ ឆ្នាំនៅទូទាំងពិភពលោក កម្មវិធីរបស់អង្គការអង្គការភ្លែនអន្តរជាតិ មានគោលបំណងគាំទ្រដល់ក្មេងស្រី និងក្មេងប្រុសឱ្យបានចូលរៀន ចូលរួមក្នុងការដឹកនាំ ការសម្រេចចិត្ត និងតស៊ូប្រឹងប្រែង ហើយបានចាប់ផ្តើមដំណើរការក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ 2002 ។
នៅខែតុលា ឆ្នាំ ២០២១ អង្គការភ្លែនអន្តរជាតិកម្ពុជា បានបើកដំណើរការយុទ្ធសាស្ត្ររយៈពេល ៥ ឆ្នាំទៅមុខទៀតនោះមានចំនួន ៤ រួមមាន ៖ (១) ការចាប់ផ្តើមជាមួយសុខភាពល្អ ការរួមបញ្ចូលកម្មវិធីអាហារូបត្ថម្ភកម្មវិធីការគាំពារ និងអភិវឌ្ឍន៍កុមារតូច និងទឹកស្អាត និងអនាម័យដើម្បីធានាថាក្មេងស្រី និងក្មេងប្រុសមានការចាប់ផ្តើមដោយយុត្តិធម៌នៅក្នុងជីវិត និងអាចធ្វើការជ្រើសរើសដោយសេរី និងព័ត៌មានអំពីរាងកាយរបស់ពួកគេ ។ (២) កិច្ចការពារជំនាន់ថ្មី ផ្តោតទៅលើ OCSE, អ្នកស្រឡាញ់ភេទដូចគ្នា, CEFM, កុមារដែលទុកចោលរួមទាំងកម្មវិធីឆ្លងដែនដើម្បីរក្សាកុមារជាពិសេសក្មេងស្រី និងយុវជនឱ្យមានសុវត្ថិភាព ។ (៣) ការរៀនមួយជីវិតដោយផ្តោតលើ IQE ការអភិវឌ្ឍជំនាញ និងជំនាញជីវិតរួមទាំងសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ និងសិទ្ធិដើម្បីធានាថាកុមារជាពិសេសក្មេងស្រី និងស្ត្រីវ័យក្មេងទទួលបានចំណេះដឹង ជំនាញ និងទំនុកចិត្តដែលពួកគេត្រូវការដើម្បីសម្រេចបាននូវសិទ្ធិរបស់ពួកគេ និងឈានដល់សក្តានុពលពេញលេញ ។ និង (៤) ភាពដឹកនាំរបស់ក្មេងស្រី ការពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំភាពជាពលរដ្ឋសកម្ម និងការចូលរួមរបស់ប្រជាពលរដ្ឋធានាថាក្មេងស្រី និងស្ត្រីវ័យក្មេងមានចំណេះដឹងជំនាញ និងទំនុកចិត្តដើម្បីជោគជ័យ ៕ ដោយសហការ
ចែករំលែកព័តមាននេះ