រាជធានីភ្នំពេញ ៖ ក្រោយពីមានការផ្ទុះឡើងនូវជំងឺរាតត្បាតជាសាកលជាង ២ ឆ្នាំកន្លងមក បច្ចេកវិទ្យាត្រូវបានប្រេីប្រាស់យ៉ាងទូលំទូលាយដើម្បីប្រាស្រ័យទាក់ទងគ្នាដូចជា ធ្វេីការងារ លក់ផលិតផល បង្ហាញឬផ្សព្វផ្សាយពាណិជ្ជកម្ម ។ល។ ហើយអ្វីដែលជាកត្តាចាំបាច់សម្រាប់មនុស្សនោះគឺ ម្អូបអាហារ គ្រឿងទេសនានា ភេសជ្ជៈផ្សេងៗដែលយើងត្រូវមាន ហេីយអ្នកខ្លះត្រូវចេញទៅក្រៅដើម្បីទិញទំនិញ និងម្ហូបអាហារ ចំណែកអ្នកខ្លះទៀតបានជ្រើសរើសមធ្យោបាយទិញទំនិញ និងអាហារតាមអនឡាញ និងតាមការកុម្ម៉ង់ដឹកជញ្ជូនជាដើម ។
ដោយយល់ឃើញពីហានិភ័យខ្ពស់នៃការចេញក្រៅ ដើម្បីទៅដល់ហាងនានា ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបន្តអភិវឌ្ឍន៍ ម៉ូបាលអ៊ែប របស់ខ្លួនឱ្យកាន់តែប្រើសើរ ទាន់សម័យ ឆាប់រហ័ស ហើយថ្មីៗនេះ ធនាគារបានសម្ពោធដាក់ឱ្យអតិថិជនប្រើប្រាស់ អេស៊ីលីដាអ៊ីសប ដែលជាអ៊ែបមួយសម្រួលដល់ការបញ្ជាទិញទំនិញពីហាងដោយមិនចាំបាច់ទៅដល់ហាងផ្ទាល់ ។
យោងតាមប្រសាសន៍លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី ថ្មីៗនេះបានឱ្យដឹងថា ៖ «អេស៊ីលីដាអ៉ីសប (ផ្សារអនឡាន) គឺមានន័យថា យើងយកហាងទំនិញទាំងអស់ មកដាក់ក្នុងកម្មវិធីអ៊ែបនេះ ហេីយដែលហាងទំនិញនីមួយៗមានមុខទំនិញរ៉ាប់ម៉ឺនមុខសម្រាប់អតិថិជន ជ្រើសរើស និងបញ្ជាទិញទំនិញដែលខ្លួនត្រូវការ ។ បច្ចុប្បន្ន អ៉ីសប មានហាងជាច្រេីន ហេីយមានហាង ១ ក្នុងចំណោមហាងទាំងអស់គឺមានទំនិញចម្រុះ ១ ម៉ឺន ២ ពាន់មុខ រីឯ ៤ ហាងទៀតដែលអ៊ែបកំពុងអភិវឌ្ឍ និងមានមុខទំនិញរាប់រយមុខដូចគ្នា ។ គោលដៅរបស់យើងគឺយើងចង់ឱ្យមានហាងទំនិញច្រើននៅក្នុង អេស៊ីលីដាអ៊ីសបដើម្បីជាដៃគូជាមួយនឹងធនាគារ អេស៊ីលីដា ដើម្បីមានមុខទំនិញចម្រុះ និងដើម្បីអោយប្រជា ជនចៀសវាងពីការធ្វើដំណើរ ទៅដល់ហាងដោយផ្ទាល់» ។
លោកបណ្ឌិត អ៉ិន ចាន់នី បានបន្តថា អេស៊ីលីដាអ៉ីសប គឺជួយកាត់បន្ថយពេលវេលាអតិថិជន ហើយអតិថិជនគ្រាន់តែចាប់កាន់ទូរសព្ទរួចជ្រើសរើសទំនិញ ហើយបញ្ជាទិញជាការស្រេច មិនចាំបាច់រង់ចាំយូរ ហេីយទំនិញនឹងមកដល់ដៃយើងយ៉ាងឆាប់រហ័ស ដែលនេះគឺជាបំណងដ៏មានសារៈសំខាន់នៃធនាគារ អេស៊ីលីដាទៅតាមទស្សនៈ និងបេសកម្មរបស់ធនាគារ គឺយើងតែងតែរិះរកវិធីណាដែលយើងអាចផ្លាស់ប្តូរទៅតាមតម្រូវការរបស់អតិថិជន ។
ក្នុងការបង្កើតអេស៊ីលីដាអ៉ីសប ធនាគារបានផ្តោតទៅលើចំណុចសំខាន់ៗដូចជា ៖
– ធនាគារតែងតែស្តាប់នូវអនុសាសន៍ល្អៗរបស់អតិថិជន ព្រោះថាអតិថិជនខ្លះគាត់បានផ្តល់យោបល់ល្អៗថាយើងនៅខ្វះអ្វីខ្លះ ។ល។ និងផ្សារភ្ជាប់ទៅនឹងភាពជឿនលឿនទាន់សម័យ ហើយអនុសាសន៍ទាំងនោះអេស៊ីលីដាមានក្រុមប្រឹក្សាសម្រាប់ពិគ្រោះមតិរបស់អតិថិជន និងធ្វើការវាយតម្លៃដើម្បីឆ្លើយ តបទៅនឹងសេចក្តីត្រូវការរបស់អតិថិជន ។
– ចៀសវាង ឬទប់ស្កាត់ការឆ្លងនូវជំងឺផ្សេងៗតាមរយៈ ការជួបជុំគ្នាដោយផ្ទាល់ ដូចនេះយើងបានគិតឃើញថា យើងត្រូវតែយកអ៊ីសបដើម្បីនាំយកដៃគូសហការ ដែលយើងបានធ្វើការជាមួយមកបង្កើតហាងទំនិញ ។ ប្រសិនបើយើងមិនរៀបចំហេដ្ឋារចនាសម្ព័ន្ធជូនអតិថិជនអោយបានល្អប្រសើរនោះទេ នោះវាអាចនឹងមានផលប៉ះពាល់ទាំងអស់គ្នា ប៉ុន្តែយើងមិនរង់ចាំថា ជំងឺឆ្លងធ្វើអោយមានការលំបាកដល់យើងនោះទេ គឺយើងតែងតែរកវិធីយ៉ាងណាដើម្បីមានភាពងាយស្រួលដល់អតិថិជន និងធនាគារមុនជានិច្ច ។
សម្រាប់ការអភិវឌ្ឍន៍ផលិតផលអេស៊ីលីដាអ៉ីសប របស់ធនាគារ គឺមាន ៣ ដំណាក់កាល ដោយយកចិត្តទុកដាក់ជាមួយអតិថិជនជាសំខាន់ ដំណាក់កាលទាំងនោះរួមមាន ៖
ដំណាក់កាលទី ១ ៖ រើសអតិថិជនអោយបាន ។
ដំណាក់កាលទី ២ ៖ បង្រៀនគាត់អោយចេះ ។
ដំណាក់កាលទី ៣ ៖ បម្រើពួកគាត់អោយបានល្អ ។ ហើយតាមដានមើលពីការប្រើប្រាស់ ថាតើមានគុណភាពកម្រិតណា ដើម្បីយើងធ្វើការកែលម្អរជាបន្តបន្ទាប់ ។
លោកបណ្ឌិត អ៉ិន ចាន់នី បានបន្តថា ទាំង ៣ ដំណាក់កាលនេះ គឺយើងបង្រៀន បណ្តុះបណ្តាលធនធានរបស់ធនាគារដើម្បីបម្រើដល់អតិថិជននៅ ពេលពួកគាត់មានសំណួរ ឬផ្តល់ជាអនុសាសន៍ មិនមែនមានន័យថាទាញគាត់អោយចូលមកហើយ ប្រលែងពួកគាត់ចោលនោះទេ គឺទាញគាត់អោយចូលប្រើប្រាស់អ៉ីសបហើយ បង្រៀនគាត់ពីរបៀបប្រើប្រាស់ ណែនាំហើយតាមមើលទៀត ថាតើពួកគាត់មានអនុសាសន៍សម្រាប់ធនាគារយើងដែលខ្វះខាតចំពោះពួកគាត់ ។
លោកបណ្ឌិត អ៉ិន ចាន់នី បន្ថែមថា ៖ «នៅពេលអតិថិជនមានបញ្ហាគឺយើងដោះស្រាយភ្លាម មិនអោយអតិថិជនរងចាំសិន ចាំ ២ ទៅ ៣ ថ្ងៃទៀតនោះទេ គឺថាម៉ោងប៉ុន្មានក៏ដោយក៏យើងដោះស្រាយអោយភ្លាមៗតែម្តង ក៏ព្រោះថាយើងមានមជ្ឍមណ្ឌលទំនាក់ទំនងអតិថិជនដែលធ្វើការ ២៤ ម៉ោង លើ ២៤ ម៉ោង ការឆ្លើយនេះគឺជាការដោះស្រាយតែម្តង មិនមែនអោយរង់ចាំសិននោះទេ ។ ហើយធានាបាននូវសុវត្ថិភាពក្នុងការទូទាត់ដែលខុស ឬច្រឡំ មានន័យថា ប្រសិនខុស ឬច្រឡំ គឺយើងនឹងសម្រួលអោយគាត់ទទួលបានប្រាក់វិញ មិនអោយអតិថិជនដាក់ទៅខុសហើយបាត់លុយនោះទេ» ។
គោលដៅ គឺចាប់ផ្តើមពីក្រុងភ្នំពេញ ប៉ុន្តែជាក់ស្តែងគម្រោងគឺមិនធ្វើតែក្នុងក្រុងភ្នំពេញនោះទេ គឺនឹងធ្វើគ្រប់ខេត្តក្រុងទូទាំងប្រទេសរួមទាំងខេត្តដែលនៅដាច់ស្រយាលផងដែរ ។ ប៉ុន្តែយើងចាប់ផ្តើមពីក្នុងក្រុងសិនក្រោមហេតុផលត្រូវមានដៃគូសហការអោយបានច្រើនសិន និងត្រូវបង្ហាត់បង្ហាញអតិថិជន ដើម្បីអោយពួកគាត់មានភាពជឿជាក់ក្នុងការប្រើប្រាស់ ហើយយើងនឹងចាប់ផ្តើមធ្វើការពង្រីកទៅ តាមបណ្តាខេត្តនានា ។
តើអ្នកបានប្រើប្រាស់ អេស៊ីលីដាអ៉ីសប ហើយ ឬនៅ ? ប្រសិនបើអ្នកមិនទាន់បានដោនឡូត អេស៊ីលីដាម៉ូបាលអ៊ែប នោះទេ សូមធ្វើការដោនឡូន អីឡូវនេះ ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនពី ធនាគារ អេស៊ីលីដា ៕
ចែករំលែកព័តមាននេះ