ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Ford ប្រកាសចេញរថយន្ត​ Ford Ranger ម៉ូឌែលឆ្នាំ 2023 ជំនាន់ថ្មី (វីដេអូ)

2 ឆ្នាំ មុន

ទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី, ថ្ងៃទី 24 ខែវិចិ្ឆកា ឆ្នាំ2021 ៖ ក្រុមហ៊ុន Ford បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាមួយនឹងការសម្ពោធរថយន្ត…

ទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី, ថ្ងៃទី 24 ខែវិចិ្ឆកា ឆ្នាំ2021 ៖ ក្រុមហ៊ុន Ford បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាមួយនឹងការសម្ពោធរថយន្ត Pickup ជំនាន់ថ្មីរបស់ខ្លួននោះគឺរថយន្ត Ford Ranger ម៉ូឌែលឆ្នាំ 2023 ជំនាន់ថ្មី (The Next-Gen Ford Ranger) ដែលត្រូវបានរចនារូបរាងថ្មីទាំងស្រុងទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ ហើយរថយន្តនេះនឹងក្លាយជារថយន្តដែលមានភាពឆ្លាតវៃ មានភាពបត់បែន និងសមត្ថភាពខ្លាំងបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តនៃរថយន្ត Pickup ។

ដោយប្រើជំនាញ និងបទពិសោធន៍នៃការផលិតរថយន្ត Ford អស់រយៈពេលជាច្រើនឆ្នាំ និងការស្វែងយល់អំពីតម្រូវការរបស់អតិថិជនរថយន្ត Pickup ក្រុមហ៊ុន Ford បានធ្វើការសម្ភាសន៍អតិថិជនជាង 5,000 នាក់ និងរៀបចំសិក្ខាសាលាជាច្រើនដង ទម្រាំតែអាចផលិតរថយន្ត Ford Ranger ជំនាន់ថ្មីដែលអាចប្រើប្រាស់បានទាំងលក្ខណៈអាជីវកម្ម គ្រួសារ ការផ្សងព្រេង និងគ្រប់ដំណើរកម្សាន្តផ្សេងៗ ។

លោក Jim Farley អគ្គនាយក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ford Motor Company បានលើកឡើងថា ៖ “រថយន្តត្រកូល Ford Ranger បានមានវត្តមានក្នុងទីផ្សារអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ រថយន្ត Pickup មួយនេះតែងតែជាដៃគូដែលគួរឲ្យទុកចិត្តសម្រាប់ម្ចាស់អាជីវកម្ម កសិករ គ្រួសារ អ្នកផ្សងព្រេង អ្នកដឹកជញ្ជូន និងអតិថិជននានា នៅជាង 180 ប្រទេសជុំវិញពិភពលោក ។ សម្រាប់រថយន្ត Ford Ranger ជំនាន់ថ្មីនេះ គឺមិនត្រឹមតែជាផលិតផលដែលអតិថិជនស្រឡាញ់ពេញចិត្ត និងទិញយកមកប្រើប្រាស់ក្នុងពេលបច្ចុប្បន្ននោះទេ ប៉ុន្តែវានឹងក្លាយជាបទពិសោធន៍ថ្មីស្រឡាងមួយដែលអាចជួយបង្កើតទំនាក់ទំនងរវាងក្រុមហ៊ុន Ford និងអតិថិជនឲ្យកាន់តែរឹងមាំ និងយូរអង្វែង ។

ក្រុមហ៊ុន Ford បានបង្កើតពាក្យស្លោកសម្រាប់ម៉ូឌែល Ford Ranger ថា៖ “Living The Ranger Life ដែលវាមានន័យថា រស់នៅក្នុងជីវិតអនុរក្ស” ដែលនេះវាក៏ជាការរួមចំណែកក្នុងការចូលរួមបង្កើតរថយន្ត Ford Ranger ជំនាន់ថ្មីនេះផងដែរ ។ ជាក់ស្តែងរថយន្ត Ford Ranger ជំនាន់ថ្មីមានភាពលេចធ្លោ និងពោរពេញដោយអំណាច ដោយផ្នែកទទឹងនៃរថយន្តមានទំហំធំជាងមុនរហូតដល់ទៅ 50mm ដោយនេះមិនត្រឹមតែជាការឌីហ្សាញ តែប៉ុណ្ណោះទេ តែថែមទាំងជាការជួយសម្រួលដល់ប្រព័ន្ធជើងក្រោមថ្មីឲ្យដំណើរការកាន់តែប្រសើរជាងមុន ។ 

ជាមួយនឹងការរចនាប៉ាណាថ្មីស្រឡាង បូករួមនឹងចង្កៀងមុខប្រភេទ C-Clamp ដែលត្រូវបានរចនាជារាងអក្សរ C ប្លែកខុសពីរថយន្តដទៃ ជាប្រភេទ Matrix LED ជំនាន់ចុងក្រោយ និងអាចបញ្ចេញភ្លើងមួយជុំវិញរថយន្តតែម្តង (Zone Lighting) ដែលវាជាអត្តសញ្ញាណថ្មីមួយសម្រាប់រថយន្ត Ford Ranger ជំនាន់ថ្មីនេះ។ ផ្នែកខាងក្រោយក៏ត្រូវបានរចនាថ្មីទាំងស្រុង មានភាពធំទូលាយជាងមុនដោយការរចនាបានយកគំរូតាម Ford F-150 ជាពិសេសនោះគឺបានបំពាក់មកជាមួយនឹងអក្សរ ផុសធំ RANGER ដែលមើលទៅកាន់តែអង់អាចក្លាហាន ដែលនេះជាអ្វីដែលអតិថិជនកំពុងតែទន្ទឹងរង់ចាំជាយូរណាស់មកហើយ ។

រីឯទ្វារផ្នែកខាងក្រោយក៏អាចប្រើសម្រាប់ភ្ជាប់ជាមួយនឹងឧបករណ៍ផ្សេងៗ និងមានរន្ធសាកថ្មទំហំធំដែលងាយស្រួលក្នុងការប្រើប្រាស់ជាប្រភេទអាជីវកម្ម និងដំណើរកម្សាន្តបែបផ្សងព្រេង។ ចំណុចថ្មីមួយដែលរថយន្ត Ford Pickup ជំនាន់មុនៗមិនធ្លាប់បានបំពាក់នោះគឺឈ្នាន់ជាន់នៅចំហៀងកាងផ្នែកខាងក្រោយ (Rear Load Box Access Step) ដែលអនុញ្ញាតឲ្យឡើងចុះរថយន្តតាមផ្នែកចំហៀងដោយមិនចាំបាច់ឡើងជាន់លើសំបកកង់ដូចមុននោះទេ នេះជាចំណុចដែលអាចបញ្ជាក់ថា Ford កាន់តែគិតគូរពីអ្នកប្រើប្រាស់រថយន្ត ហើយចំណុចនេះគេសង្កេតឃើញថាមិនទាន់មានរថយន្ត Pickup ណាមួយមានបំពាក់ឈ្នាន់បែបនេះនៅឡើយទេ ដោយនេះស្តែងឲ្យឃើញពីក្រុមហ៊ុន Ford កាន់តែយកចិត្តទុកដាក់ដល់អ្នកប្រើប្រាស់ ។

ផ្នែកខាងក្នុងត្រូវបានរចនារូបរាងថ្មីទាំងស្រុង ដែលមានលក្ខណៈធំទូលាយ ស្រឡះ ទំនើប និងប្រណីតជាងមុន ហើយសម្ភារតុបតែងលម្អផ្នែកខាងក្នុងត្រូវបានធ្វើឡើងពីស្បែកប្រណីតលំដាប់ខ្ពស់ដែលកាន់តែផ្តល់នូវផាសុកភាព ផ្តល់ភាពងាយស្រួលដល់អ្នកបើកបរ និងអ្នករួមដំណើរ ។ អ្វីដែលកាន់តែពិសេសអស្ចារ្យបំផុតនោះគឺអេក្រង់ Touch Screen ចំកណ្តាលទំហំ 10.1 អ៊ីញ ឬ 12 អ៊ីញ ទៅតាមម៉ូឌែលនៃរថយន្ត និងបច្ចេកវិទ្យា SYNC 4 ជំនាន់ចុងក្រោយបំផុត ដែលអនុញ្ញាតឲ្យភ្ជាប់អ៊ីនធឺណេតនៅពេលធ្វើដំណើរ និងការភ្ជាប់ជាមួយកម្មវិធី FordPassTM ដែលវានឹងបង្កើតបទពិសោធន៍ថ្មីមួយសម្រាប់អ្នកប្រើប្រាស់មុខងារកម្សាន្ត និងអត្ថប្រយោជន៍ប្រើប្រាស់ជាច្រើនទៀតដូចជា ការបញ្ឆេះពីចម្ងាយ ការត្រួតពិនិត្យស្ថានភាពរថយន្ត មុខ ងារចាក់សោ និងដោះសោពីចម្ងាយតាមរយៈទូរស័ព្ទដៃរបស់លោកអ្នក ។ល។ មិនតែប៉ុណ្ណោះរថយន្តនេះថែមទាំងមានមុខងារសាកថ្មទូរស័ព្ទឥតខ្សែ (Wireless Charging) រន្ធសាកថ្ម USB មុខក្រោយ និងរន្ធសាកថ្ម USB Type C ផងដែរ។  កុងទ័រក៏បានរចនាថ្មីទាំងស្រុងដែលសម្រាប់ជំនាន់ថ្មីនេះ Ford បានប្រើប្រាស់កុងទ័រ Digital ទំហំ 8អ៊ីញដែលអាចបង្ហាញនូវព័ត៌មាននានាអំពីរថយន្តដែលផ្តល់នូវរូបភាពរស់រវើកច្បាស់ល្អ ។

បច្ចេកវិទ្យាថ្មីដែលអតិថិជនកំពុងទន្ទឹងរង់ចាំសម្រាប់រថយន្ត Ford Ranger Pickup នោះគឺ ៖

-ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ (360 Degree Camera View) ផ្តល់នូវរូបភាពច្បាស់ល្អ មានភាពរស់រវើកចំកណ្តាលនៃអេក្រង់ធំទំហំ 10.1អ៊ីញ ឬ 12 អ៊ីញ លាតសន្ធឹងពីលើចុះក្រោមរាងជាទ្រវែង (Portrait)

-ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ (On and Off-Road Drive Modes)  ដែលប្រព័ន្ធនេះដូចទៅនឹងរថយន្ត Ford Ranger Raptor និង Ford F-150 Raptor ដែលជាប្រព័ន្ធមួយជួយសម្រួលដល់អ្នកបើកបរអាចជ្រើស​ Mode នៃការបើកបរទៅស្ថានភាពផ្លូវដូចជា រអិល ខ្សាច់ ភក់ និងការអូសសណ្តោងជាដើម ។

-ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច (Electric Parking Brake) ជួយសម្រួលដល់ការដាក់ហ្រ្វាំងដៃមានភាពលឿនរហ័ស និងបត់បែន ។

-អ្វីដែលកាន់តែអស្ចារ្យមួយទៀតនោះគឺការរចនាចង្កឹះលេខជំនាន់ថ្មីរូបរាងស្រស់ស្អាតបែបស្ព័រ  បូករួមជាមួយនឹងប្រព័ន្ធប្តូរលេខអេឡិចត្រូនិច (All New E-Shifter)  ដែលមានប្រអប់លេខ 10 វគ្គអូតូ និងអាចប្រើប្រាស់លេខដៃរហូតដល់ទៅ 6 លេខ ដែលអាចឲ្យអ្នកបើកបរប្តូរលេខពេលកំពុងបើកបរកាន់តែផ្តល់ភាពងាយស្រួលថែមមួយកម្រិតទៀតសម្រាប់អ្នកបើកបរ ។

យោងតាមការចេញប្រកាសពីក្រុមហ៊ុន Ford នៅប្រទេសអូស្រ្តាលី បានបង្ហាញឲ្យឃើញថា Ford បានបន្ថែមជម្រើសម៉ាស៊ីនជូនអតិថិជនដែលក្នុងនោះមានរហូតដល់ 4 ជម្រើសដូចជា​ ៖

-ម៉ាស៊ីនម៉ាស៊ូតទំហំ 3.0L V6 Turbodiesel សម្រាប់អតិថិជនចង់បានជម្រើសនៃថាមពល និងកម្លាំងបង្វិលជុំបន្ថែមទៀតសម្រាប់ការអូសសណ្តោង ដឹកទំនិញធ្ងន់ៗ និងការបើកបរលើផ្លូវមានឧបសគ្គ ។

-ម៉ាស៊ីនម៉ាស៊ូត Single-Turbo ដែលផ្តល់នូវថាមពលកម្លាំងបង្វិលជុំ និងសន្សំសំចៃប្រេងដែលស័ក្តិសមសម្រាប់ការប្រើប្រាស់ទូទៅ និងបែបអាជីវកម្មខ្នាតតូច និងមធ្យម ។

-ម៉ាស៊ីនម៉ាស៊ូត Bi-Turbo ដែលជាប្រភេទម៉ាស៊ីនដែលបានធ្វើកំណែទម្រង់ថ្មីមានលក្ខណៈទំនើបជាងមុន សម្រាប់អតិថិជនដែលចង់បានថាមពល និងកម្លាំងខ្លាំងតែក៏ត្រូវការការសន្សំសំចៃប្រេង ។

-ម៉ាស៊ីនសាំងប្រភេទ 2.3L EcoBoost ស៊ីឡាំង 4 នេះជាលើកដំបូងដែលក្រុមហ៊ុន Ford បានបំពាក់ម៉ាស៊ីនសាំងប្រភេទ EcoBoost លើរថយន្ត Ford Ranger Pickup ។

ជាសរុបមកវិញ សម្រាប់ម៉ូឌែល Ford Ranger ជំនាន់ថ្មីនេះ Ford បានកែរូបរាងថ្មីទាំងស្រុងទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុង ជាពិសេសនោះគឺប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ថ្មីចុងក្រោយដែលចំណុចនេះគឺ Ford តែងតែឈរលើដៃគូប្រកួតប្រជែងជានិច្ច។ រថយន្ត Ford Ranger ជំនាន់ថ្មីនឹងក្លាយជារថយន្តដែលឆ្លាតវៃ ធន់រឹងមាំ និងអាចជំនះបត់បែនគ្រប់កាលៈទេសៈ ហើយនឹងក្លាយជារថយន្តដែលមានវិសាលភាពឥតដែនកំណត់ ។

យើងសង្ឃឹមថា ឆាប់ៗខាងមុខនេះ ក្រុមហ៊ុន Ford នឹងធ្វើការបញ្ចេញព័ត៌មាន និងលក្ខណៈផ្សេងៗអំពីរថយន្ត Ford Ranger ម៉ូឌែលឆ្នាំ 2023 ជំនាន់ថ្មីនេះឲ្យសាធារណៈជនជ្រាបកាន់តែច្បាស់ ៕ ដោយសហការ

https://youtu.be/gjSWz9PJaVA