ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ជា ចាន់តូ ចូលរួមប្រជុំថ្នាក់ដឹកនាំវិស័យហិរញ្ញវត្ថុក្នុងអាស៊ាន ជាមួយ IMF

1 ខែ មុន

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១ ឯកឧត្តម ជា ចាន់តូ…

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំតុមូលតាមរយៈប្រព័ន្ធអនឡាញ រវាងមូលនិធិរូបិយវត្ថុអន្តរជាតិ និងអាស៊ាន ដែលមានការចូលរួមពីថ្នាក់ទេសាភិបាល ធនាគារកណ្តាល និងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងប្រចាំឆ្នាំក្នុងគោលបំណងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំវិស័យហិរញ្ញវត្ថុក្នុងអាស៊ាន បានជួបពិភាក្សាជាមួយនាយិកាមូលនិធិរូបិយវត្ថុ ពាក់ព័ន្ធនឹងទស្សនវិស័យសេដ្ឋកិច្ចតំបន់ បញ្ហាប្រឈម កាលានុវត្តភាព ការអនុវត្តនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងកិច្ចគាំទ្ររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ។

ក្នុងនាមកម្ពុជា ជាប្រទេសប្រធានអាស៊ាននៅឆ្នាំ ២០២២ ឯកឧត្តម ទេសាភិបាល បានមានមតិនៅក្នុងអង្គប្រជុំពីសារៈសំខាន់នៃតួនាទីរបស់មូលនិធិរូបិយវត្ថុអន្តរជាតិក្នុងការគាំទ្រប្រទេសជាសមាជិកអាស៊ាន តាមរយៈការផ្តល់ជំនួយបច្ចេទេស ការកសាងសមត្ថភាព ហើយនៅក្នុងវិបត្តិកូវីដ-១៩ នេះ IMF បានបង្កើនវិភាជន៍អេសដេអែ (SDR) សម្រាប់ពង្រឹងជំនឿទុកចិត្តនិងបង្កើនលំហរនៃការអនុវត្តនយោបាយសេដ្ឋកិច្ច ។ ឯកឧត្តម ក៏បានឯកភាពលើប្រសាសន៍របស់លោកជំទាវ Kristalina Georgieva ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ និងមតិថ្នាក់ដឹកនាំវិស័យហិរញ្ញវត្ថុអាស៊ាន ដែលថា ការចាក់វ៉ា់ក់សាំង គឺជាគន្លឺះនៃការងើបឡើងពីវិបត្តិ ហើយលំហនៃការបន្តការប្រើប្រាស់នយោបាយគាំទ្រ និងការគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាកម្លាំងចលករជំរុញល្បឿននៃការងើបឡើង ។ 

នាឱកាសនោះដែរ ឯកឧត្តម ទេសាភិបាល ក៏បានជម្រាបជូនអង្គប្រជុំអំពីកិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនការចាក់វ៉ាក់សាំង ដែលបច្ចុប្បន្ន អត្រាប្រជាជនទទួលបានវ៉ាក់សាំងមានចំនួនប្រមាណជាង ៨០% នៃប្រជាជនសរុប ខ្ពស់ជាងកម្រិតដែលមូលនិធិរូបិយវត្ថុអន្តរជាតិបានផ្តល់អនុសាសន៍ដល់ប្រទេសជាសមាជិកថា គួរសម្រេចការចាក់វ៉ាក់សាំងយ៉ាងហោចឱ្យបាន ៤០% នៅចុងឆ្នាំ ២០២១ និង ៧០% នៅឆ្នាំ ២០២២ សម្រាប់គាំទ្រការងើបឡើងនៃសេដ្ឋកិច្ច ។

លើសពីនេះ ឯកឧត្តម ទេសាភិបាល ក៏បានគាំទ្រការលើកឡើងពាក់ព័ន្ធនឹងនយោបាយស្តារសេដ្ឋកិច្ចរបស់ IMF តាមរយៈការប្រើប្រាស់នយោបាយសរុបបញ្ចូលគ្នា ដើម្បីកាត់បន្ថយផលប៉ះពាល់នៃវិបត្តិនិងគាំទ្រការងើបឡើងនៃសេដ្ឋកិច្ច ដែលឱ្យឈ្មោះថា (Integrated Policies Framework) ។ កន្លងមក រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវគោលនយោបាយជាកញ្ចប់ ស្របនឹងទិសដៅនេះដែរ ជាមួយនឹងការដាក់ចេញផែនការនយោបាយស្តារច្បាស់លាស់ ដែលផ្តោតលើ ការស្តារ ការកែទម្រង់ និងការពង្រឹងភាពធន់ (Recover, Reform and Resilience) ។ ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា បានចូលរួមយ៉ាងសកម្ម ក្នុងការពង្រឹងស្ថិរភាពប្រព័ន្ធធនាគារ ការគាំទ្រនិរន្តរភាពនៃការផ្តល់ហិរញ្ញប្បទានដល់សេដ្ឋកិច្ច ការជួយសម្រាលបន្ទុកដល់ប្រជាជននិងវិស័យសេដ្ឋកិច្ចដែលរងផលប៉ះពាល់ ដោយបានអនុញ្ញាតឱ្យមានការរៀបចំឥណទានឡើងវិញ ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ។ 

ជាចុងបញ្ចប់ ឯកឧត្តម ក៏បានស្នើឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិបន្តផ្តល់កិច្ចសហប្រតិបត្តិការគាំទ្របន្ថែមទៀត ដល់ប្រទេសសមាជិកអាស៊ាន ជាពិសេសនៅក្នុងអំឡុងពេលស្តារសេដ្ឋកិច្ច ជាមួយនឹងបញ្ហាប្រឈមដែលអាចកើតឡើងនាពេលខាងមុខ ដូចជា លំហការអនុវត្តនយោបាយគាំទ្រកាន់តែរួមតូច និងការប្រែប្រួលការអនុវត្តនយោបាយរូបិយវត្ថុវិត្ថារកម្មរបស់ប្រទេសអភិវឌ្ឍន៍ធំៗ ដូចជាការធ្វើប្រក្រតីកម្មនយោបាយ តាមរយៈបង្កើនអត្រាការប្រាក់ គោល ឬកាត់បន្ថយការផ្តល់សាច់ប្រាក់ដល់ទីផ្សារ ដែលនាំឱ្យមានការប្រែប្រួលលំហូរមូលធន ចេញពីប្រទេសកំពុងលូតលាស់និងកំពុងអភិវឌ្ឍន៍ និងសម្ពាធលើអត្រាប្តូរប្រាក់ ជាដើម ៕