រាជធានីភ្នំពេញ៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានបន្តកិច្ចពិភាក្សាភាគទី៦ ក្នុងក្របខណ្ឌនៃ«កម្មវិធីមគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩» ក្រោមប្រធានបទ «ពីវិស័យពាណិជ្ជកម្ម និងអាជីវកម្មលក់រាយ» នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១ នេះ ពីម៉ោង ១:៣០ រសៀលដល់ម៉ោង ៤:០០ ល្ងាច តាមប្រព័ន្ធហ្សូមដោយមានអ្នកចូលរួមចំនួន 92 នាក់ និងអ្នកទស្សនាចំនួន 296 នាក់ លើការផ្សាយបន្តផ្ទាល់តាមគេហទំព័រហ្វេសប៊ុករបស់សមាគម ។
កិច្ចពិភាក្សាបានប្រព្រឹត្តទៅ ដោយមានវត្តមានចូលរួមពីចម្ងាយរបស់សមាជិកសមាគមសហគ្រិនវ័យក្មេងនៅថ្នាក់ជាតិ និងគ្រប់សាខាតាមបណ្តាខេត្តទាំងអស់ ពិសេសភ្ញៀវកិត្តិយស និងវាគ្មិនពីស្ថាប័នពាក់ព័ន្ធដូចខាងក្រោម៖
១. លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាអគ្គនាយក វិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន
២. ឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន GGear Group និងប្រធានក្រុមប្រឹក្សាយោបលប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា
៣. អ្នកស្រី ជា សុខហៀក អគ្គនាយកា SHOPPING CENTER SORYA Co.,Ltd
៤. លោក សុខ សុផេង អគ្គនាយកប្រត្iបត្តិក្រុមហ៊ុន Tri Leang Aircon Co.,Ltd. និងសមាជិកក្រុមប្រឹក្សាភិបាល
សមាគមសហគ្រិនវ័យក្មេងកម្ពុជា
៥. លោក សាំង តារារិទ្ធ នាយកគ្រប់គ្រងក្រុមហ៊ុន S-Cool
៦. លោក លួន អានចំណេះ អ្នកគ្រប់គ្រងទូទៅ បណ្ណាគារ អិល អេ សៀវភៅ និងអនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ខេត្តសៀមរាប ។
ដោយសារតែ កូវីដ-១៩ បន្តរជះឥទ្ធិពលជុំវិញសាកលលោក វាជាការសំខាន់ណាស់ដែលត្រូវពិភាក្សាលើផលប៉ះពាល់ដែលកំពុងមាន និងចំបងៗលើវិស័យពាណិជ្ជកម្ម និងអាជីវកម្មលក់រាយ។ សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមវិស័យពាណិជ្ជកម្ម និងអាជីវកម្មលក់រាយ គឺជាវិស័យធុរកិច្ចដ៏សំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជាហើយវាជាការចែកចាយនូវផលិតផលនៅលើទីផ្សារសម្រាប់តម្រូវការប្រើប្រាសចុងក្រោយក្នុងខ្សែសង្វាក់អាជីវកម្ម។ វិស័យ ពាណិជ្ជកម្ម និងអាជីវកម្មលក់រាយ បានរងនូវផលប៉ះពាល់ជាច្រើនដូចជា ផលវិបាកនៃវិសមាមាត្រការងារ ការពឹងផ្អែកលើកម្លាំងពលកម្មដែលមានប្រាក់ឈ្នួលទាប និងរងឥទ្ធិពល ពីការវិស័យផ្សេងៗដូចជាវិស័យទេសចរណ៍ជាដើម។ យោងតាមការវាយតម្លៃផលប៉ះពាល់បឋម YEAC បានបង្ហាញថា ជាង ៨០% នៃពាណិជ្ជកម្មនិងអាជីវកម្មលក់រាយទទួលរងផលប៉ះពាល់ រំខានខ្លាំដល់ប្រតិបត្តិការអាជីវកម្មនិងសង្វាក់តម្លៃ ពីការបិតនូវច្រកអន្តរជាតិ វិធានការជាបន្តបន្ទាប់ដែលបានដាក់ចេញដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ការកាត់ផ្តាច់សង្វាក់ចែកចាយ ការបិទទីផ្សារ ការដឹកជញ្ជូន ភាពផុយស្រួយនៃការងារ ការទទួលបានហិរញ្ញប្បទានគាំពារ ឬឥណទានធនាគារជាដើម ។
លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានគូសបញ្ជក់ថាកិច្ចពិក្សាស្តីពីមគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩ លើវិស័យពាណិជ្ជកម្ម និងអាជីវកម្មលក់រាយ ជាព្រឹត្តិការណ៍ដមានសារៈសំខាន់នៃការផ្លាស់ប្តូរបទពិសោធន៍ពីអ្នកជំនាញ និងវាគ្មិនដែលពាក់ព័ន្ធ។ វាគ្មិននឹងចែករំលែកបញ្ហាប្រឈមដែលបានឆ្លងកាត់ មេរៀនដែលទទួលបាន ដំណោះស្រាយបន្ទាន់ ដើម្បីអោយអាជីវកម្មដំណើរការបានល្អក្នុងស្ថានភាពដ៏លំបាកនេះ។ លោកបានបន្ថែមថានៅក្នុងចំណោមសមាជិក និងសមាជិកាទាំង៤០០នាក់របស់សមាគម មួយភាគធំស្ថិតក្នុងវិស័យពាណិជ្ជកម្ម និងអាជីវកម្មលក់រាយ ។
ជំងឺរាតត្បាត កូវីដ-១៩ បានវិវត្តយ៉ាងឆាប់រហ័សពីវិបត្តិសង្គ្រោះបន្ទាន់ផ្នែកសុខភាព ទៅជាវិបត្តិសេដ្ឋកិច្ចសាកល ដែលបានជះឥទ្ធិពលលើវិស័យផ្សេងៗ ពិសេសប្រព័ន្ធហិរញ្ញវត្ថុ។ ជាស្វ័យប្រវត្តតម្រូវការនៃការបរិភោគ និងសេវាកម្មជុំវិញវិស័យនានាដូចជាការកំសាន្ត បដិសណ្ឋារកិច្ច ការធ្វើដំណើរ ការដឹកជញ្ជូន កិច្ចប្រជុំ និងសន្និសីទ ត្រូវបានស្រុតចុះ។ ក្រុមហ៊ុនដែលពឹងផ្អែកលើការផ្គត់ផ្គង់អន្តរជាតិ ដូចជា រថយន្ត អគ្គីសនី កសិពាណិជ្ជកម្ម រោងចក្រកាត់ដេរ ជួបប្រទះនឹងភាពរអាក់រអួលនៃដំណើរប្រតិបត្តិការរបស់ខ្លួន។ ដោយឡែក វិស័យហិរញ្ញវត្ថុ និងស្ថាប័នធនាគារ មីក្រូហិរញ្ញវត្ថុរងនូវវិបត្តិសាច់ប្រាក់ និងព្យាករណ៍ពីកំណើននៃកម្ចីអសកម្ម។ ក្រុមហ៊ុននៅក្នុងវិស័យផលិតកម្ម និងសំណង់បានធ្លាក់ចុះ និងជួបប្រទះប្រតិបត្តិការដែលថមថយ។ បច្ចុប្បន្នសេដ្ឋកិច្ចសកល ធ្លាក់ចូលក្នុងបរិបទនៃការកាត់បន្ថយការងារ និងការប៉ះប៉ូវតបស្នងឡើងវិញ ។
ដោយឡែកសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs ) ជារឿយៗរងផលប៉ះពាល់ ជាងក្រុមហ៊ុនធំៗពី វិបត្តិកូវីដ-១៩ នេះ ដែលបង្ហាញពីភាពងាយរងគ្រោះរបស់ពួកគេ។ MSMEs ជាច្រើននៅក្នុងវិស័យចម្រុះផ្សេងៗ បានរងផលប៉ះពាល់ ដូចជាអាជីវកម្មលក់ដុំ លក់រាយ ការដឹកជញ្ជូន សេវាកម្មស្នាក់នៅ ម្ហូបអាហារ អចលនទ្រព្យ សេវាកម្មវិជ្ជាជីវៈ និងសេវាកម្មលក្ខណៈបុគ្គលដទៃទៀត។ ជាទូទៅក្រុមហ៊ុនខ្នាតតូចមានភាពផុយស្រួយផ្នែកហិរញ្ញវត្ថុ និង មានសាច់ប្រាក់បម្រុងតិចជាងក្រុមហ៊ុនខ្នាតធំ ដែលជាហេតុធ្វើឱ្យពួកគេមិនសូវមានភាពធន់នឹងវិបត្តិ ។ ក្រុមហ៊ុនទាំងនេះមានសមត្ថភាពសង្វាក់ផ្គត់ផ្គង់ទន់ខ្សោយជាងដៃគូធំៗ និងមានអំណាចចរចាតិចតួច ដើម្បីអនុវត្តលក្ខខណ្ឌទូទាត់ដ៏ទាក់ទាញ។ ពួកគាត់មានភាពយឺតយ៉ាវទៅនឹងការទទួលយក ឬសម្របខ្លួនតាមពាណិជ្ជកម្មបែបបច្ចេកវិទ្យាឌីជីថល ។
ឆ្លើយតបនឹងបញ្ហាប្រឈមនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សម្រេចផ្តួចផ្តើមកិច្ចពិភាក្សាស្តីពី “មគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩” ចេញពីទស្សនៈរបស់វិស័យឯកជន ក្នុងគោលបំណងវិភាគរកមូលហេតុ ផលប៉ះពាល់ និងដំណោះស្រាយដែលនឹងរួមចំណែកគាំទ្រសហគ្រិនទាំងអស់ ក្នុងការពិនិត្យឡើងវិញនូវផែនការអាជីវកម្ម និងឱកាសនានា ដើម្បីជម្រុញការងើបឡើងវិញប្រកបដោយចីរភាព ។
កម្មវិធីមគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩ នឹងប្រព្រឹត្តទៅក្រោមទម្រង់ជាកិច្ចពិភាក្សាពិសេស និងតាមវិស័យចំនួន ១១ ចាប់ពីខែសីហា ដល់ខែធ្នូ ឆ្នាំ២០២១ ដោយមានការបោះពុម្ពជាសៀវភៅ និងផ្សាយជាសេរ៊ីនៃ សម្លេងបន្តបន្ទាប់ ដែលសាធារណៈជនអាចដកស្រង់ជាបទពិសោធន៍ និងការណែនាំ។ ប្រធានបទទាំង១១ មានជាអាទិ៍ដូចខាងក្រោម៖
កិច្ចពិភាក្សាទី១៖ កូវីដ-១៩ និង ផលប៉ះពាល់ទៅលើភូមិសាស្ត្រនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច និងលើសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។
កិច្ចពិភាក្សាទី២៖ យុទ្ធសាស្ត្រវិនិយោគសម្រាប់សហគ្រិន
កិច្ចពិភាក្សាទី៣៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យអប់រំឯកជន
កិច្ចពិភាក្សាទី៤៖ ទស្សនៈពីគ្រឹះស្ថានហិរញ្ញវត្ថុ
កិច្ចពិភាក្សាទី៥៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យកសិកម្ម និងកសិពាណិជ្ជកម្ម
កិច្ចពិភាក្សាទី៦៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យពាណិជ្ជកម្ម និងអាជីវកម្មលក់រាយ
កិច្ចពិភាក្សាទី៧៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យឡូជីស្ទីក និងដឹកជញ្ជូន
កិច្ចពិភាក្សាទី៨៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យផលិតកម្ម
កិច្ចពិភាក្សាទី៩៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យពាណិជ្ជកម្មអេឡិកត្រូនិក ពាណិជ្ជកម្មអនឡាន និងពាណិជ្ជកម្មបែបឌីជីថល
កិច្ចពិភាក្សាទី១០៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យបដិសណ្ឋារកិច្ច
កិច្ចពិភាក្សាទី១១៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យអចលនទ្រព្យ និងសំណង់
អំពី សមាគមសហគ្រិនវ័យក្មេងកម្ពុជា
សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC វ៉ាយអ៊ីអេស៊ី) ត្រូវបានបង្កើតឡើងនៅ ខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង ដែលមកពីវិស័យអាជីវកម្មផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បង្កើតឡើងជាសមាគម មិនរកប្រាក់ចំណេញ ដែលផ្តល់អំណាចដល់សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្ត្រីដើម្បីលើកកម្ពស់សហគ្រិន និង យុវជន តាមរយៈ ការបង្កើតវេទិកា ចង.ក្រង និងពង្រឹងបណ្តាញសហគ្រិន ការចែករំលែកការរៀនសូត្រពីធុរកិច្ច និងបង្កើតនូវឱកាសអាជីវកម្មនានា ដើម្បីបង្កើនផលិតភាព ការបង្កើតការងារ ការអភិវឌ្ឍសេដ្ឋកិច្ចនិងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយសម្រាប់សេដ្ឋកិច្ចកម្ពុជា ។
សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានបេសកកម្មធ្វើការក្នុងភាពជាដៃគូសហការជាមួយអ្នកពាក់ព័ន្ធនានា ដើម្បីធានាអោយមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យាឌីជីថល អាជីវកម្មបែបពេញលេញ ការច្នៃប្រឌិត និងការតបង្កើតថ្មីរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នសមាគមសហគ្រិនវ័យក្មេង មានសមាជិកចំនួន ៤០០ ដែលជាម្ចាស់អាជីវកម្មធុនមីក្រូ តូច និងមធ្យម ដែលមានសាខាតាមខេត្តចំនួន៤ កំពង់ចាម សៀមរាប បាត់ដំបង និងបន្ទាយមានជ័យ នឹងគ្រោងពង្រីកទៅកាន់ខេត្តផ្សេងទៀតជាពិសេសខេត្តតាមបណ្តាមាត់សមុទ្រ និងខេត្តមួយចំនួនដែលមានសក្តានុពលខ្ពស់ និងមានធុរកិច្ចច្រើន ៕ ដោយសហការ
ចែករំលែកព័តមាននេះ