ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឧកញ៉ា ឡេ​ង ប្រុស ​ឧបត្ថម្ភ ៥ ​ពាន់​ដុល្លារ ដល់​កីឡាករ​បាល់ទាត់​កម្ពុជា ក្រោយ​យកឈ្នះ​កោះ​ហ្កាំ ​ ២-១

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ លោក​ឧកញ៉ា ឡេ​ង ប្រុស អគ្គនាយក​ក្រុមហ៊ុន «​ណា​វ៉ា​ត់​ត្រា ខ្នាត​យក្ស​» ប្រកាស​ឧបត្ថម្ភ​ថវិកា ៥…

រាជធានី​ភ្នំពេញ​ ៖ លោក​ឧកញ៉ា ឡេ​ង ប្រុស អគ្គនាយក​ក្រុមហ៊ុន «​ណា​វ៉ា​ត់​ត្រា ខ្នាត​យក្ស​» ប្រកាស​ឧបត្ថម្ភ​ថវិកា ៥ ​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក ជូន​ដល់​ក្រុម​កីឡាករ​បាល់ទាត់​កម្ពុជា បន្ទាប់​ពី​ពួក​គេ​បាន​យកឈ្នះ​លើ​កីឡាករ​កោះ​ហ្កាំ ក្នុង​ជើង​ទី ​២ ដោយ​លទ្ធផល ២-១ នៃ​វគ្គ​ជម្រុះ Play-Off នៅ​កីឡដ្ឋាន​ប្រទេស​បា​រ៉ែ​ន កាលពី​យប់មិញ​ ។

ឧកញ៉ា ដែល​មាន​អតីតភាព​ជា​ពលករ​នៅ​ប្រទេស​កូរ៉េ​រូប​នេះ បាន​បញ្ជាក់​ប្រាប់ថា លោក​មាន​សេចក្តី​រីករាយ​ជា​ខ្លាំង ក្រោយ​ពេល​ឃើញ​កីឡាករ​កម្ពុជា​យកឈ្នះ​កោះ​ហ្កាំ​ជា​បន្តបន្ទាប់​ ។ សម្រាប់​រូប​លោក​ជ័យជម្នះ​នេះ គឺជា​មោទនភាព និង​អំណរ​សាទរ​សម្រាប់​ជាតិខ្មែរ ហើយ​ក៏​ជាការ​លើក​កិត្យានុភាព​កម្ពុជា​លើ​វិស័យ​កីឡា​ផង​ដែរ ​។

លោក​បន្ត​ថា ការ​ឧបត្ថម្ភ​ថវិកា ៥ ​ពាន់​ដុល្លារ​នេះ គឺជា​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​កីឡា​នៅ​កម្ពុជា ជួយ​លើកទឹកចិត្ត និង​ផ្តល់​កម្លាំងចិត្ត​ក្រុម​កីឡាករ​កម្ពុជា ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​ក្រុម​កីឡាករ​កម្ពុជា ​។

ជាមួយ​ការ​ឧបត្ថម្ភ​នេះ លោក​ឧកញ៉ា ឡេ​ង ប្រុស ក៏​បា​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​វិស័យ​កីឡា និង​ក្រុម​កីឡាករ​គោព្រៃ​កម្ពុជា​ទាំង មូល ចំពោះ​កិច្ច​ប្រឹងប្រែង និង​នាំ​មក​នូវ​កិត្តិយស​សម្រាប់​ជាតិ​មាតុភូមិ​ ។ លោក​ឧកញ៉ា ក៏​បាន​ជូនពរ​ឱ្យ​ក្រុម​គោព្រៃ​របស់​កម្ពុជា បន្ត​យកឈ្នះ​ក្នុង​ការ​ប្រកួត​នៅ​វគ្គ​បន្តបន្ទាប់​ទៀត ​។

សូម​បញ្ជាក់​ថា ការ​ប្រកួត​ក្នុង​ជំនួប​ជើង​ទី​ ២ នៃ​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Asian Cup China 2023 Qualifiers (Play-Off) នៅ​កីឡដ្ឋាន Khalifa Sport City ប្រទេស​បា​រ៉ែ​ន កាលពី​យប់មិញ​ កម្ពុជា បាន​យកឈ្នះ​កោះ​ហ្គាំ ២-១ ខណៈ​ជើង​ទី ​១ យកឈ្នះ ១-០​ ។ ជ័យជម្នះ​នេះ ធ្វើ​ឱ្យ​កម្ពុជា ទទួល​បាន​កៅអី​មួយក្នុង​ចំណោម ២៤​ ក្រុម នៅ​ជុំ​ទី ​៣ នៃ​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី​នេះ ជាមួយ​ឥណ្ឌូ​នេ​ស៊ី ដែល​បាន​ឆ្លង​ផុត​វគ្គ Play-Off ដូច​គ្នា ​។

វគ្គ​ជម្រុះ​ជុំ​ទី ​៣ នឹង​ត្រូវ​ចាប់ឆ្នោត​បែងចែក​ជា ៦​ ពូ​ល ដោយ​ពូ​ល​នីមួយ​ៗ​មាន ៤ ​ក្រុម ខណៈ​ការ​ប្រកួត នឹង​ចាប់ផ្ដើម​ពី​ដើមខែ​កុម្ភៈ ដល់​ចុងខែ​កញ្ញា ឆ្នាំ​២០២២ ដើម្បី​ចម្រាញ់​ក្រុម​ខ្លាំង​ឡើង​ជុំ​ផ្ដាច់ព្រ័ត្រ នៅ​ចិននា​ឆ្នាំ​ ២០២៣​ ។

ជាមួយ​លទ្ធផល​ជោគជ័យ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ឧបត្ថម្ភ ១០ ​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ជ័យជម្នះ​ជើង​ទី​ ១ សម្តេច​តេ​ជោ បាន​ឧបត្ថម្ភ ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​ក្រុម​កីឡាករ ៕ ដោយ​សហការ