រាជធានីភ្នំពេញ ៖ សហព័ន្ធសេវាអប់រំនៅកម្ពុជា បានប្រកាសផ្តល់ប្រឹក្សាយោបល់ និងអត្ថប្រយោជន៍ផ្សេងៗចំនួន ៩ ចំណុចជូនដល់សមាជិករបស់ខ្លួន ដើម្បីគាំទ្រដំណើរការវិស័យអប់រំឯកជន ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ។
ក្នុងសន្និបាតបូកសរុបលទ្ធផលការងារពាក់កណ្តាលឆ្នាំ២០២១ នៅព្រឹកថ្ងៃទី៩ ខែកញ្ញានេះ ឯកឧត្តម ហុង លីម អនុប្រធានទទួលបន្ទុកកិច្ចការទំនាក់ទំនងសមាជិក នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា បានលើកឡើងពីអត្ថប្រយោជន៍ទាំង ៩ ចំណុច សម្រាប់គ្រឹះស្ថានអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនបច្ចេកវិទ្យា សម្រាប់ការអប់រំ ដែលបានចូលជាសមាជិករួមមាន ៖
- អភិវឌ្ឍជំនាញ និងចំណេះដឹងតាមរយៈការចែករំលែកចំណេះ និងបទពិសោធន៍ពីអ្នកជំនាញខាងផ្នែកអប់រំ និងអ្នកផ្គត់ផ្គង់សេវាផ្សេងៗពាក់ព័ន្ធនឹងការអប់រំ ។
- ទទួលបានឱកាសសម្រាប់អភិវឌ្ឍអាជីវកម្មសាលារៀន ជាមួយនឹងអ្នកជំនាញផ្នែកវិស័យអប់រំ ដែលជាទីប្រឹក្សា ក្រុមប្រឹក្សាភិបាល នៃសហព័ន្ធនិងដៃគូសហព័ន្ធសេវាអប់រំនៅកម្ពុជា ។
- ឱកាសទំនាក់ទំនង និងអភិវឌ្ឍជាមួយដៃគូរអប់រំក្រៅប្រទេស របស់សហព័ន្ធអប់រំនៅកម្ពុជា ។
- ទទួលបានការគាំទ្របន្ថែមទៀត ពីបទបញ្ញត្តិ និងគោលនយោបាយអប់រំពីក្រសួងពាក់ព័ន្ធ ។
- ទទួលបានអន្តរាគមន៍ពីសហព័ន្ធ និងគាំទ្រពីសាលាជាសមាជិក ជាមួយនឹងស្ថាប័នពាក់ព័ន្ធ ។
- បង្កើតនូវអំណាចនៃការចរចារ ជាសមូហភាពជាមួយអ្នកផ្គត់ផ្គង់ និងដៃគូរអាជីវកម្មនានា ។
- ទទួលបានឱកាសក្លាយជាសមាជិក នៃសភាពាណិជ្ជកម្មកម្ពុជា ។
- ទទួលបានការប្រឹក្សាយោបល់ និងការជួយសម្របសម្រួល នៅក្នុងការរៀបចំ និងដំណើរការគ្រឹះស្ថានអប់រំ ។
- ទទួលបានការប្រឹក្សាយោបល់ និងសម្របសម្រួល ដើម្បីទទួលបានហិរញ្ញប្បទានផ្សេងៗ ។
ឧកញ៉ា ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា បានឱ្យដឹងថា សហព័ន្ធបង្កើនឡើងនៅឆ្នាំ២០២០ ក្នុងទិសដៅចូលរួមជាមួយរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្ស បង្កើតប្រព័ន្ធអេកូឡូស៊ីគាំទ្រ សម្រាប់ការអប់រំ និងអាជីវកម្មក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ សហព័ន្ធផ្តល់នូវការយល់ដឹងអំពីការស្រាវជ្រាវ និងការអភិវឌ្ឍ និងការសហការគ្នារវាងរដ្ឋាភិបាល និងវិស័យឯកជន ពង្រឹងចំណេះដឹង និងវគ្គបំប៉នគរុកោសល្យដល់គ្រូបង្រៀននិងអ្នកអប់រំទូទៅ ផ្តល់សេវាប្រឹក្សាយោបល់ និងសម្របសម្រួល និងរៀបចំឯកសារសម្រាប់ការបើកដំណើរ សាលារៀនជូនដល់សមាជិក ។
គិតមកត្រឹមខែសីហា ឆ្នាំ២០២១នេះ សហព័ន្ធសេវាអប់រំនៅកម្ពុជា មានសមាជិកចំនួន ៩៤ ស្ថាប័ន ដែលមានសាលាចំណេះទូទៅជាតិ-អន្តរជាតិឯកជន វិទ្យាស្ថានបណ្តុះបណ្តាលជំនាញ និងក្រុមហ៊ុនបច្ចេកវិទ្យាសម្រាប់ការអប់រំ ក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ។ សហព័ន្ធនៅតែបន្តស្វាគមន៍ទទួលសមាជិកថ្មីបន្ថែមទៀត ដើម្បីសម្រេចបាននូវទស្សនវិស័យរួមគ្នា លើការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ៕ ដោយសហការ
ចែករំលែកព័តមាននេះ