រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋ ប្រមាណជាង២០នាក់ បានជួបប្រមូលផ្តុំគ្នា ធ្វើតវ៉ាទទួចសុំអោយអាជ្ញាធររាជធានីភ្នំពេញជួយអន្តរាគមន៍ រុះរើសំណង់លោក យិតសូវួច ដែលជាគ្រូបង្រៀន ដែលបានសាងសង់របងស័ង្កសីរំលោភយកដីផ្លូវ លេខ១៩៤៤ដោយបង្រួមផ្លូវពី២០ម៉ែត្រ នៅសល់តែ១០ម៉ែត្រ និងបានធ្វើរបងព្រមទាំងសង់សំណង់ផ្សេងទៀត បិទផ្លូវលេខ ១៩៤៤នេះទាំងស្រុងតែម្តង ។
ការតវ៉ានេះបានផ្ទុះឡើង កាលពីវេលាប្រមាណ ៣ រសៀលថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២១ ដោយប្រជាពលរដ្ឋ បាននាំគ្នា ជួបប្រមូលផ្តុំគ្នាលើកប្លង់ដី ដែលមានផ្លូវ ២០ ម៉ែត្រ និងរូបថតសម្តេចតេជោ ហ៊ុន សែន ព្រមទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ព្រោងព្រាត ដោយឈរ នៅលើដងផ្លូវ ដែលត្រូវបានគេរំលោភ ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ១៩៤៤ ខាងលិចអតីត រ៉ាដា ក្នុងភូមិទំនប់១ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមលោកឃឹម ដានី ដែលជាតំណាងប្រជាពលរដ្ឋ បានធ្វើការចោទប្រកាន់ថាបុគ្គល ឈ្មោះយិត សូវួច បានសាងសង់ របងបិទផ្លូវលេខ ១៩៤៤ មិនអោយធ្វើចរាចរណ៍ តាំងពីខែ កក្កដា ឆ្នាំ ២០១៦ ហើយបានបន្តសកម្មភាពធ្វើរបងរំលោភយកផ្លូវសាធារណៈ អស់១០ម៉ែត្របន្ថែមទៀត យកជាកម្មសិទ្ធិឯកជននៅចំណុច ក្បាលដីលេខ ១៤៤៦,១៤៤៧,១៤៤៨,១៤៤៩,និងកែងផ្ទះសំណាក់ម្អម ក្នុងប្លង់ដែលមានក្បាលដីលេខ ១៤១១ កាលពីកំឡុង ខែ វិឆ្ឆិកា ឆ្នាំ ២០២០ រហូតដល់ថ្ងៃនេះ។បន្ទាប់ពី មានការរំលោភយកដីផ្លូវ លោកក៍បានដាក់ពាក្យបណ្តឹងទៅសាលាសង្កាត់ ខណ្ឌហើយ សង្កាត់ក៍បានជួបដោះស្រាយ ដោយឈ្មោះ យិត សូវួច បានឯកភាពរួសរើចេញ តែក្រោយមកគាត់បានក្រឡាស់សំដីវិញ ។ នៅពេលថ្មីនោះ គាត់ក៍ប្តឹងរដ្ឋបាលរាជធានីភ្នំពេញ តែរដ្ឋបាលរាជធានីភ្នំពេញថា អោយខណ្ឌជាអ្នកដោះស្រាយ ។
ដោយសារតែឈ្មោះ យិត សូវួច ដែលគេអះអាងថាជាគ្រូបង្រៀនច្បាប់ នៅតែបន្តសកម្មភាព រំលោភបំពាន់ច្បាប់ ដោយយកដីផ្លូវ មកធ្វើជាកម្មសិទ្ធិទើបពួកគាត់បាននាំគ្នាតវ៉ា។ ពលរដ្ឋក៏បានអោយដឹងទៀតថា នៅឆ្នាំ ២០១៦ ពួកគាត់ចំនួន ៥ គ្រួសារបានមកទិញដីពីឈ្មោះ យិត សូវួច ដែលកាលនោះនៅក្នុងប្លង់មានផ្លូវ ២០ ម៉ែត្រហើយពេលធ្វើប្លង់រឹងមានផ្លូវ ២០ ម៉ែត្រដែលស្រាប់តែឈ្មោះ យិត សូវួច ធ្វើរបងរំលោភយកអស់ ១០ ម៉ែត្រ ទទឹងនិងបណ្តោយ ប្រមាណជាង ២០ ម៉ែត្រទៅវិញ ។
ប្រជាពលរដ្ឋ ក៏បានសំណូមពរដល់ សម្តេចតេជោ ហ៊ុន សែន ក៍ដូចជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាជួយអន្តរាគមន៍ អោយរក្សាទុកផ្លូវនេះ ២០ ម៉ែត្រ និងសូមជួយ អន្តរាគមន៍ បើកផ្លូវនេះធ្វើចរាចរណ៍ឡើងវិញ។ បើគេមានសិទ្ធរំលោភយក ១០ ម៉ែត្រ ពួកគាត់ក៏មានសិទ្ធិអាចរំលោភយក ១០ ម៉ែត្របានដែរ? លោកជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី បានអោយដឹងថា ផ្លូវលេខ ១៩៤៤ នេះជាផ្លូវរដ្ឋមានទំហំទទឹងប្រវែង ២០ ម៉ែត្រ ។ នោះបើតាមភូមិ បាលចុះយកម៉ាស៊ីនទៅបាញ់វាស់វែង ហើយត្រូវបានឈ្មោះ យិត សូវួច ធ្វើរបងរំលោភយកដោយបង្រួមនៅសល់តែទទឹង ១០ ម៉ែត្រ ។
កន្លងមក បន្ទាប់ពីមានបណ្តឹងប្រជាពលរដ្ឋ អាជ្ញាធរសង្កាត់បានកោះអញ្ចើញ ភាគីទាំង២មកដោះស្រាយចំនួន ៣ លើករួចមកហើយ តែពុំទទួលបានផទ្ធល។ ទន្ទឹមនឹងការចោទប្រកាន់នេះ លោក យិត សូវួច បានឱ្យកោះសន្តិភាពដឹងថាលោកធ្វើរបងត្រឹមត្រូវ តាមប្លង់និងតាមការអនុញ្ញាតពីសាលារាជធានីភ្នំពេញ។ លោក យិត សូវួច ក៏បានឱ្យដឹងទៀតថា កាលពីកំឡុងឆ្នាំ ១៩៩៨ គាត់បានមកទិញដីខាងលើ ដោយមានប្រធានភូមិ បញ្ជាក់ពីប្រវត្តិដីត្រឹមត្រូវ ។ នៅឆ្នាំ ២០០៥ កាលពីលោក កែប ជុតិមា ជាអភិបាលរាជធានីភ្នំពេញក៏បានធ្វើផែនទីផ្លូវទំហំ ២០ម៉ែត្រលើដីរបស់គាត់ដែរ ។
ក្រោយមកឆ្នាំ ២០១៩ គាត់បានទៅធ្វើប្លង់ សាសារាជធានីភ្នំពេញ មិនចេញប្លង់អោយគាត់ក៏បានប្តឹងតវ៉ា ហើយត្រូវសាលារាជធានីភ្នំពេញ បង្រួមផ្លូវពីទទឹង ២០ ម៉ែត្រ មកទទឹង ១០ ម៉ែត្រវិញ។ បន្ទាប់ពីបង្រួមរួចក៏បានចេញប្លង់រឹងឱ្យគាត់។ គាត់ធ្វើរបងនេះទៅតាមច្បាប់អនុញ្ញាតតែប៉ុណ្ណោះ។ គេនិយាយថា បើមានការអនុញ្ញាតបង្រួមផ្លូវមែន ត្រូវបង្រួមទាំងសងខាង និងតាមបណ្តោយផ្លូវនេះទាំងមូល មិនត្រូវបង្រួមតែម្នាក់ឯង និងតែម្ខាងបែបនោះទេ ?៕ ម៉េង ធា ៖ ដោយសហការ
ចែករំលែកព័តមាននេះ