
បណ្តាញផ្សព្វផ្សាយធំៗ ៣ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលធំជាងគេនៅកម្ពុជា
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២១ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្នុងនេះរួមមានទូរស្សន៍…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២១ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្នុងនេះរួមមានទូរស្សន៍…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២១ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្នុងនេះរួមមានទូរស្សន៍ CBS និង Digital Sky របស់អ្នកឧកញ៉ា គិត ម៉េង បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយទូរទស្សន៍ធំៗចំនួន២ រួមមានក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប និងក្រុមហ៊ុនហង្សមាសគ្រុប ដែលជាការបោះជំហានដ៏ធំមួយ ដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ ឌីជីថលធំជាងគេនៅកម្ពុជា។
ពីធីចុះហត្ថលេខានេះបានប្រព្រឹត្តទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា ភ្នំពេញ ដែលមានការចូលរួមជាផ្លូវការដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោកឧកញ៉ា ឆាល វ៉ាន់ ទីប្រឹក្សាក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប អ៉ឹង ឆៃងួន ប្រធានក្រុមហ៊ុន ទូរទស្សន៍ហង្សមាសគ្រុប។
កម្មវិធីនេះ ក៏មានការចូលរួមផងដែរ ពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន ព្រមទាំងមន្ត្រីរាជការ និងពាណិជ្ជករឆ្នើមជាច្រើនរូប។
ក្នុងគោលបំណងនៃអនុស្សរណៈនេះ គឺដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថល ដែលមានឈ្មោះថា “សម្ព័ន្ធទូរទស្សន៍កម្ពុជា គ្រុប ខូ អិល ធី ឌី” ដែលមានការចូលរួមភាគហ៊ុនដោយ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្រុមហ៊ុនទូរទស្សន៍បាយ័ន និងក្រុមហ៊ុនទូរទស្សន៍ហង្សមាស។ ក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលថ្មីមួយនេះ នឹងដាក់ឱ្យដំណើរការនូវថ្នាលទូរទស្សន៍ឌីជីថល ដែលនឹងផ្តល់ជូននូវសេវា និងជម្រើសទូរទស្សន៍ឌីជីថលដោយសម្បូរបែប ព្រមទាំងមានប៉ុស្តិ៍ច្រើនប្រភេទ សំដៅលើកស្ទួយចំណេះដឹង ការកម្សាន្ត និងទស្សនីយភាពត្រជាក់ៗ ដែលនាំមកនូវភាពសុខដុមរមនាដល់ក្រុមគ្រួសារកម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា៖ «នេះជាផ្នែកមួយនៃចក្ខុវិស័យរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប សម្រាប់ធ្វើឱ្យប្រទេសកម្ពុជាមានឌីជីថលពេញលេញ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមសម្រេចឱ្យបានឧស្សាហកម្មជំនាន់ 4.0 ហើយនេះក៏ជាគំនិតផ្តួចផ្តើមមួយក្នុងការដាក់វិស័យសោតទស្សន៍ និងផ្សព្វផ្សាយ ឱ្យទៅជាប្រព័ន្ធឌីជីថលផងដែរ»។
អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍បន្តថា ៖ «យើងមានសេចក្តីសោមនស្សរីករាយ ដែលបានចាប់ដៃគូសហការគ្នាបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលថ្មីនេះ ដែលនឹងចូលរួមចំណែកជួយដល់ការអនុវត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជម្រុញឱ្យរាល់បណ្តាញផ្សព្វផ្សាយឯកជន និងរដ្ឋ ដើម្បីប្តូរការផ្សាយពីអាណាឡូកទៅជាការផ្សាយលើថ្នាលទូរទស្សន៍ឌីជីថលវិញ»។
ក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលថ្មីនេះ មានភារកិច្ចត្រួតពិនិត្យគុណភាព រូបភាព វីដេអូ សម្លេង និងកម្មវិធីផ្សាយ នៅលើប្រព័ន្ធផ្សព្វផ្សាយតាមរយៈច្រកចេញចូលតែមួយ ហើយក៏ចូលរួមធានាបាននូវការផ្លាស់ប្តូរ ការផ្សាយពីប្រព័ន្ធអាណាឡូកទៅជាប្រព័ន្ធឌីជីថលដោយរលូន ឱ្យបានទាន់ពេលកំណត់មុនឆ្នាំ ២០២៣។
ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ក្នុងការគាំទ្រការកែប្រែឱ្យប្រទេសកម្ពុជា មានឌីជីថលពេញលេញ។ បណ្តាក្រុមហ៊ុនក្នុងផ្នែក ICT របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រួមមាន Cellcard, Ezecom, Wing Money, CBS និង Digital Sky បាននឹងកំពុងធ្វើការជារួមគ្នា ដើម្បីសម្រេចយុទ្ធសាស្ត្រធ្វើឱ្យប្រទេសកម្ពុជាមានឌីជីថលពេញលេញ។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុននីមួយៗបានបម្រើទស្សនីយអារម្មណ៍ ចំណេះដឹង និងការកម្សាន្ត ក្នុងវិស័យសោតទស្សន៍ ជូនប្រជាជនកម្ពុជា អស់រយៈពេល ២៥ ឆ្នាំមកហើយ រហូតមកដល់ពេលនេះ ក្រុមហ៊ុនយើងមានបទពិសោធន៍ ជំនាញ និងធនធានមនុស្សយ៉ាងមុតមាំនៅក្នុងឧស្សាហកម្ម សោតទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយ។
ចែករំលែកព័តមាននេះ