រាជធានីភ្នំពេញ ៖ ក្នុងចំណោមអាលប៊ុមចូលឆ្នាំថ្មីរបស់ផលិតកម្ម Galaxy Navatra បទ «មាន់កម្សត់» ដែលជាការច្រៀងរួមគ្នារបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងកញ្ញា តន់ ចន្ទលីម៉ា បានក្លាយជាបទចម្រៀងមួយកំពុងតែទទួលបានគាំទ្រច្រើនដោយគិតមកដល់ថ្ងៃនេះមានអ្នក views ជាច្រើនលានដងត្រឹមតែរយៈពេលដ៏ខ្លីប៉ុណ្ណោះ ។ អ្វីដែលជាការចាប់អារម្មណ៍ក្រៅពីទឹកដមសំនៀងឆ្លើយឆ្លងដ៏ពីរោះរណ្ដំរបស់កំពូលតារាចម្រៀងទាំងពីរប្រិយមិត្តមានចាប់អារម្មណ៍លើទេសភាពនៃតំបន់ទេសចរណ៍ក្នុងវីដេអូបទចម្រៀងនោះដែរ ឬទេថាតើ ថតនៅទីតាំងណា ?
ទឹកជ្រោះដ៏ស្រស់ស្អាតក្នុងវីដេអូដែលប្រិយមិត្តបានឃើញនោះ គឺស្ថិតនៅទឹកដីខេត្ត មណ្ឌលគិរី ឈ្មោះថា «ទឹកជ្រោះ ៧ជាន់» ។ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ ក្នុងភូមិទី ១ ឃុំប៊ូស្រា ស្រុកពេជ្រាដា នៅភាគខាងជើងក្រុងសែនមនោរម្យ នៃទីប្រជុំជនខេត្តមណ្ឌលគិរី ជាប់នឹងព្រំប្រទល់ប្រទេសវៀតណាម ។
ជារឿយៗ គេតែងឃើញផលិតកម្ម Galaxy Navatra បានចុះថត MV របស់ខ្លួននៅរមណីយដ្ឋានជាច្រើននៅក្នុងប្រទេសកម្ពុជា ដើម្បីចែកជូនអ្នកគាំទ្របានទស្សនា ។ ជាស្ដែងក្នុងចំណោមអាលប៊ុមចូលឆ្នាំថ្មីនេះទេសភាពធម្មជាតិល្បីៗជាច្រើនក្នុងប្រទេសកម្ពុជា ត្រូវបានផលិតកម្មបញ្ជូនក្រុមផលិតចុះថត ហើយពេលខ្លះថែមទាំងប្រើយន្តហោះដឹកតួចុះទៅថតដោយផ្ទាល់ក៏មាន ។
តាមការឲ្យដឹងពីក្រុមអ្នកថតរបស់ផលិតកម្ម Galaxy Navatra បទ «មាន់កម្សត់» ត្រូវបានថត ២ ទីតាំងមាន «ទឹកជ្រោះ ៧ជាន់» និងលើរីស៊ត របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ នៅម្ដុំបឹងយក្សឡោមតែម្ដង ៕ ដោយសហការ
ដើម្បីឱ្យស្គាល់កាន់តែច្បាស់ តោះ ! ទស្សនាបទ «មាន់កម្សត់» នេះម្ដងទៀតទាំងអស់គ្នា ៖
ចែករំលែកព័តមាននេះ