ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ប្រៃសណីយ៍​កម្ពុជា ដាក់​ឱ្យ​ប្រើប្រាស់​សេវាកម្មសម្រាប់​ប្រតិបត្តិការ​ចំណូល​ពន្ធ​គ្រប់​ប្រភេទ ដែល​ប្រមូល​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ​

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នា​ថ្ងៃ​ទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២១ នៅ​សណ្ឋាគារ អូ​ឡាំ​ព្យា​ស៊ី​ធី រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ នា​ថ្ងៃ​ទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២១ នៅ​សណ្ឋាគារ អូ​ឡាំ​ព្យា​ស៊ី​ធី រាជធានី​ភ្នំពេញ ធនាគារ ប្រៃសណីយ៍​កម្ពុជា បាន​ប្រារព្ធ​ពិធី “​ដាក់​ដំណើរការ​ការ​ប្រើប្រាស់​សេវាកម្ម​របស់​ធនាគារ ប្រៃសណីយ៍​កម្ពុជា ក​.​អ សម្រាប់​ប្រតិបត្តិការ​ចំណូល​ពន្ធ​គ្រប់​ប្រភេទ​ដែល​ប្រមូល​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា អនុវត្ត​នៅ​ទូ​ទាំង​ប្រទេស​” ដែល​អនុញ្ញាត​ឱ្យ​អតិថិជន និង​សាធារណជន​ទាំងអស់​អាច​ធ្វើការ​បង់ពន្ធ​ជា​ច្រើន​ប្រភេទ ដូច​ជា​ពន្ធ​អាករ​គ្រប់​ប្រភេទ ពន្ធ​លើ​មធ្យោបាយ​ធ្វើ​ដំណើរ និង​ពន្ធ​លើ​អចលនទ្រព្យ ជូន​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​តាម​រយៈ​ធនាគារ ប្រៃសណីយ៍​កម្ពុជា​។

កម្មវិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោម​តំណាង​អធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ឯកឧត្តម អោ​ក បូ​រ៉ា ប្រតិភូ​រាជរ​ដ្ធា​ភិ​បាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា និង​ទីប្រឹក្សា​ក្រុមប្រឹក្សាភិបាល នៃ​ធនាគារ ប្រៃសណីយ៍​កម្ពុជា លោក តូច ចៅ​ចេក ប្រធាន​នាយក​ប្រតិបត្តិ នៃ​ធនាគារ ប្រៃសណីយ៍​កម្ពុជា តំណាង​ក្រុមប្រឹក្សាភិបាល នៃ​ធនាគារ ប្រៃសណីយ៍​កម្ពុជា និង​អមដំណើរ​ដោយ​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់ លោកនាយក នាយិកា​សាខា និង​អ្នកតំណាង​មក​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​ជា​ច្រើន​រូប​ផង​ដែរ​។

លោក តូច ចៅ​ចេក ប្រធាន​នាយក​ប្រតិបត្តិ នៃ​ធនាគារ ប្រៃសណីយ៍​កម្ពុជា

ជា​កិច្ច​ចាប់ផ្តើម លោក តូច ចៅ​ចេក ប្រធាន​នាយក​ប្រតិបត្តិ នៃ​ធនាគារ ប្រៃសណីយ៍​កម្ពុជា បាន​សម្តែង​ការ​ស្វាគមន៍​ទៅ​កាន់​អង្គពិធី​ទាំងមូល និង​បាន​មាន​ប្រសាសន៍​ថា​៖ ការ​បង់ពន្ធ ជា​ទំនួល​ខុស​ត្រូវ​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប​ក្នុង​ការ​ជួយ​ទ្រទ្រង់​ការ​ចំណាយ​របស់​រដ្ឋ​។ ម្យ៉ាងវិញទៀត ពន្ធ​អាករ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​ជាតិ​ក្នុង​ការ​ជួយ​ជម្រុញ​ឱ្យ​មានការ​អភិវឌ្ឍន៍​ចាប់តាំងពី​រដ្ឋបាល​ថ្នាក់​ជាតិ រហូត​ដល់​ថ្នាក់​ក្រោម​ជាតិ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ និង​ភាព​ចាំបាច់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។ ការ​ប្រមូល​ពន្ធ​បាន​ច្រើន ក៏​ធានា​បាន​នូវ​និរន្ត​ន៍ភា​ពនៃ​ការ​ចំណាយ​នានា​របស់​រដ្ឋ ជា​ពិសេស​ចំណូល​ពន្ធ​ដែល​បាន​មក​ពី​ការ​ប្រមូល​ពន្ធ​ត្រូវ​បាន​ចំណាយ​សម្រាប់​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​មាន​ដូច​ជា ការ​សាងសង់​សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន សួនច្បារ វត្ត​អារាម និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​ទៀត​ជា​ច្រើន​។

លោក តូច ចៅ​ចេក បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​៖ ធនាគារ ប្រៃសណីយ៍​កម្ពុជា ពិតជា​មាន​មោទនភាព​ណាស់​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ផ្តល់​សិទ្ធ​ដល់​ធនាគារ​ដើម្បី​ធ្វើការ​ប្រមូល​ពន្ធ និង​អាករ​ជូន​អគ្គនាយកដ្ឋាន​ពន្ធដារ​។ សព្វ​ថ្ងៃនេះ ធនាគារ ប្រៃសណីយ៍​កម្ពុជា មានទ្រព្យ​សកម្ម​សរុប​ជាង ១,០០០ លាន​ដុល្លារ​អា​មេ​រិ​ក មាន​បណ្តាញ​សាខា​ចំនួន ៥៨​សាខា រួម​បញ្ចូល​ទាំង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហ្វូ​ណ​ន ដែល​ជា​បុត្រ​សម្ព័ន្ធ​ចំនួន ៥១​សាខា និង​ម៉ាស៊ីន​អេ​ធី​អឹ​ម​ចំនួន ៧៧ ទីតាំង​ទូ​ទាំង​ប្រទេស ដែល​អាច​ផ្តល់​ជូន​ភាព​ងាយស្រួល​ដល់​អតិថិជន និង​សាធារណជន​ទាំងអស់​អាច​ធ្វើ​ដំណើរ​ទៅ​បង់ពន្ធ​ដោយ​ងាយស្រួល និង​ចំណាយ​ពេលវេលា​តិច​។ ជា​ពិសេស​ធនាគារ ប្រៃសណីយ៍​កម្ពុជា ជា​ធនាគារ​ដែល​ធ្វើ​ប្រតិបត្តិការ​តាម​បែប​ឌី​ជី​ថ​ល ដោយ​គ្រាន់តែ​ប្រើប្រាស់​ទូរ​សព្ទ​ដៃ​ប៉ុណ្ណោះ លោក​អ្នក​អាច​គ្រប់គ្រង និង​ប្រើប្រាស់​ហិរញ្ញវត្ថុ​ប្រចាំ​ថ្ងៃ​បាន ស្នើ​សុំ​ឥណទាន និង​ស្នើ​សុំ​បើក​គណនី​តាម​អន​ឡាញ​បាន​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ គម្រោង​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ធនាគារ​នឹង​អាច​បង្កើត​មុខងារ​មួយ​ដើម្បី​អាច​ឱ្យ​អតិថិជន​ទាំងអស់​ដែល​មាន​គណនី​ជាមួយ​ធនាគារ​អាច​ធ្វើការ​បង់ពន្ធ​ជូន​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​តាម​រយៈ​សេវា​ធនាគារ​ចល័ត ដោយ​មិន​ចាំបាច់​ចំណាយពេល​វេលា​មក​កាន់​សាខា​របស់​ធនាគារ​ឡើយ​។ ដូច្នេះ ចាប់ពី​ពេល​នេះ​តទៅ គ្រប់​បណ្តា​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ដែល​មាន​តម្រូវការ​បង់ពន្ធ​ដូច​ជា ពន្ធ​អាករ​គ្រប់​ប្រភេទ ពន្ធ​លើ​មធ្យោបាយ​ធ្វើ​ដំណើរ ពន្ធ​លើ​អចលនទ្រព្យ លោក​អ្នក​អាច​ប្រើប្រាស់​សេវា​ប្រមូលប្រាក់​បង់ពន្ធ​របស់​ធនាគារ ប្រៃសណីយ៍​កម្ពុជា បាន​ដោយ​មិន​ចាំបាច់​ចំណាយ​ពេលវេលា​ធ្វើ​ដំណើរ​ទៅ​កាន់​ស្នាក់​ការ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ទៀត​ឡើយ​។

ឯកឧត្តម​បណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ

ជា​កិច្ច​បន្ទាប់ ឯកឧត្តម​បណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ថ្លែងស​ន្ទ​រក​ថា​ទៅ​កាន់​អង្គពិធី​ជាមួយនឹង​ប្រសាសន៍​ថា​៖ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​អនុវត្តន៍​កម្មវិធី​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ដែល​ជា​ផ្នែក​មួយ​នៃ​មុំ​មួយ​ទាំង​៤ នៃ “​យុទ្ធសាស្ត្រ​ចតុកោណ​” របស់​រាជរដ្ឋាភិបាល​ដើម្បី​ចូលរួម​ធានា​និរន្ត​ភាព និង​គាំទ្រ​ដល់​ការ​អនុវត្ត​កម្មវិធី​កំណែទម្រង់​នេះ ឱ្យ​សម្រេច​បាន​ជោគជ័យ​រាជរដ្ឋាភិបាល នៅ​ឆ្នាំ​២០១៤ បាន​ដាក់​ចេញ និង​ប្រកាស​ឱ្យ​អនុវត្ត​នូវ “​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យម ២០១៤ – ២០១៨” ដែល​ផ្តោត​លើ​គោលការណ៍​សំខាន់​ៗ​ចំនួន​៤ គឺ ទី​១- ការ​ប្រមូល​ឱ្យ​អស់​លទ្ធភាព​នូវ​សក្តានុពល​ចំណូល​ដែល​មាន​នា​ពេល​បច្ចុប្បន្ន ទី​២- មិន​បង្កើត​ប្រភេទ​ពន្ធ​ថ្មី ទី​៣- មិន​តំឡើង​អត្រាពន្ធ និង​អាករ លើកលែងតែ​ក្នុង​ករណី​ប៉ះប៉ូវ​ដល់​ការ​បាត់បង់​ចំណូល និង​ការ​ការពារ​សុខភាព ឬ​/​និង​ការ​ការពារ​បរិស្ថាន និង ទី​៤- ធានា​ឱ្យ​បាន​នូវ​ភាព​ងាយស្រួល សមធម៌ ព្រមទាំង​ធានា​ប្រសិទ្ធភាព តម្លាភាព គណនេយ្យ​ភាព ក្នុង​ការ​គ្រប់គ្រង​និង​ប្រមូល​ចំណូល​។ ដូច្នេះ ការ​ដាក់​ចេញ និង​អនុវត្ត​នូវ​ការ​ប្រើប្រាស់​សេវាកម្ម​របស់​ធនាគារពាណិជ្ជ​ក្នុង​ការ​ទទួល​ប្រាក់​ពន្ធ និង​អាករ និង​បង់ពន្ធ​ចូល​គណនី​ទោល​រតនាគារ​ជាតិ គឺ​ដើម្បី​ឆ្លើយ​តប និង​អនុវត្ត​គោលការណ៍​ទី​៤ នៃ “​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យម ២០១៤-២០១៨”​។

ឯកឧត្តម​បណ្ឌិត កែន សម្បត្តិ បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​៖ ការ​ដាក់​ដំណើរការ​ជា​ផ្លូវការ​នូវ​ការ​ប្រើប្រាស់​សេវាកម្ម​របស់​ធនាគារ ប្រៃសណីយ៍​កម្ពុជា ក​.​អ ក្នុង​ការ​ទទួល​ប្រាក់​ពន្ធ និង​អាករ​នេះ គឺជា​ការ​បើក​ទំព័រ​ថ្មី​មួយទៀត នៃ​ការ​ចាប់​យក​នូវ​សក្តានុពល និង​កាលា​នុ​វត្ត​នៃ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធនាគារ ប្រៃសណីយ៍​កម្ពុជា ក​.​អ និង​ក៏​ជា​ការ​ចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​ជម្រុញ​រដ្ឋាភិបាល​អេ​ឡិច​ត្រូ​និ​ច (E-Government) និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ជា​ពិសេស​ជា​ការ​ឆ្លើយ​តប​ប្រកបដោយ​ប្រសិទ្ធភាព​ផង​ដែរ​ទៅ​នឹង​ផល​ប៉ះពាល់ នៃ​វិបត្តិ​ជំងឺ​បណ្តាល​មក​ពី​មេរោគ​កូ​វី​ដ​-១៩ ដែល​តម្រូវ​ឱ្យ​រក្សា​គម្លាត និង​កាត់​បន្ថយ​ការ​ជួបជុំ​គ្នា​។

ក្នុង​ឱកាស​នេះ ខ្ញុំ​ក៏​សូម​ចែករំលែក​ជូន​នូវ​បញ្ហា​ប្រឈម ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ជួប​ប្រទះ​ក្នុង​កំឡុង​ពេល​កា​រវិ​វ​ឌ្ឍ​ខ្លួន​ពី​រដ្ឋបាល​សារពើពន្ធ​ដែល​គ្រប់គ្រង​ព័ត៌មាន និង​ទិន្នន័យ​តាម​បែប​បុរាណ (Paper-based System) មក​ជា​រដ្ឋបាល​សារពើពន្ធ​បែប​ឌី​ជី​ថ​ល (Digital Tax Administration) ដែល​ត្រូវ​ជម្នះ​លើ​មជ្ឈដ្ឋាន​ខាងក្នុង​ដោយ​ផ្លាស់​ប្តូរ​ទម្លាប់ និង​ផ្នត់គំនិត​ចាស់​ៗ និង​ផ្តល់​នូវ​ការ​បណ្តុះបណ្តាល​សមត្ថភាព​បន្ថែម​របស់​មន្ត្រី និង​មជ្ឈដ្ឋាន​ខាងក្រៅ​។ លើស​ពី​នេះ​ទៀត ការ​អភិវឌ្ឍ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​រដ្ឋបាល​សារពើពន្ធ​ក្នុង​រយៈពេល ៥​ឆ្នាំ​កន្លង​មក ដែល​ជា​ការ​អភិវឌ្ឍន៍​ខ្លួន​មុន​ស្ថាប័ន​ផ្សេង​ៗ​មួយ​ចំនួន​ធំ ក៏​បានការ​លំបាក​ដោយ​ទាមទារ​នូវ​បរិយាកាស​គាំទ្រ និង​ប្រព័ន្ធ​អេកូឡូស៊ី (Eco-system) ពី​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ៗ​។

ជា​ចុង​ក្រោយ ឯកឧត្តម​បណ្ឌិត បាន​មាន​ប្រសាសន៍​ថា​៖ ការ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ការ​ប្រើប្រាស់​សេវាកម្ម​របស់​ធនាគារ ប្រៃសណីយ៍​កម្ពុជា ក​.​អ សម្រាប់​ប្រតិបត្តិការ​ចំណូល​ពន្ធ និង​អាករ​នា​ថ្ងៃនេះ គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​សម្រួល​ជម្រុញ និង​ព​ន្លឿ​ន​ការ​ផ្តល់​សេវា​បង់ពន្ធ​ជូន​អ្នក​ជាប់ពន្ធ​ឱ្យ​កាន់តែ​មាន​តម្លាភាព គណនេយ្យ​ភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិ​ភាព និង​គុណភាព ជា​ពិសេស​អាច​បង្ខិត​សេវា​បង់ពន្ធ និង​អាករ​ឱ្យ​កៀក​នឹង​អ្នក​ជាប់ពន្ធ និង​ជួយ​កាត់​បន្ថយ​ការ​លំបាក​នានា​ដោយ​ផ្តល់​មក​វិញ​នូវ​ការ​ជឿ​ទុកចិត្ត​ពី​សំណាក់​អ្នក​ជាប់ពន្ធ​ផង​ដែរ​។

គូសបញ្ជាក់​បន្ថែម​ថា ក្រៅពី​សេវា​ប្រមូលប្រាក់​បង់ពន្ធ ធនាគារ ប្រៃសណីយ៍​កម្ពុជា ក៏​មាន​បម្រើសេវា​ហិរញ្ញវត្ថុ​ជា​ច្រើន​សន្ធឹកសន្ធាប់​ផ្សេង​ទៀត​រួម​មាន សេវា​ឥណទាន សេវា​បញ្ញើ​សន្សំ សេវា​អេ​ធី​អឹ​ម សេវា​ធនាគារ​ចល័ត​តាម​ទូរ​សព្ទ ប័ណ្ណឥណទាន និង​ឥណ​ពន្ធ​វី​សា សេវា​ផ្ទេរ​ប្រាក់​ក្នុង និង​ក្រៅប្រទេស និង​សេវា​ហិរញ្ញវត្ថុ​ជា​ច្រើន​ទៀត ដោយ​គ្រប់ការ​ធ្វើ​ប្រតិបត្តិការ​ទាំងអស់​នឹង​មិន​មានការ​គិត​កម្រៃ​សេវា​ឡើយ​៕ ដោយ​សហការ