រាជធានីភ្នំពេញ ៖ ឯកឧត្ដម ជា ចាន់តូ បានស្នើឱ្យថ្នាក់ដឹកនាំ មន្ត្រីថ្នាក់ស្រុក និងឃុំទូទាំងស្រុកសន្ទុកឱ្យបន្តរួមគ្នាពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សង្គមឱ្យបានល្អ ពិសេសការទប់ស្កាត់និងលប់បំបាត់សកម្មភាពគ្រឿងញៀ.ននៅតាមមូលដ្ឋានដើម្បីរួមចំណែកធ្វើឱ្យការអនុវត្តផែនការ ភូមិ ឃុំ មានសុវត្ថិភាព ទទួលបានប្រសិទ្ធិភាពខ្ពស់ និងផ្ដល់ភាពកក់ក្ដៅដល់ការរស់នៅប្រជាជន ។
ការស្នើរបស់ ឯកឧត្ដម ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសន្ទុក ធ្វើឡើងក្នុងឱកាសដែលឯកឧត្ដមអញ្ជើញជាអភិបតីភាព ក្នុងផ្សព្វផ្សាយខ្លឹមសាររបាយការណ៍របស់គណអចិន្ត្រៃយ៍ នៃគណកម្មាធិការកណ្ដាល ស្ដីពីសភាពការណ៍ទូទៅ និងការងារបក្សឆ្នាំ ២០២០ និងទិសដៅភារកិច្ចឆ្នាំ ២០២១ ដល់ថ្នាក់ដឹកនាំមន្ត្រីបក្សស្រុក ឃុំ និងក្រុមយុវជនគណបក្សទូទាំងស្រុកដែលប្រារព្វធ្វើនៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២១ ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ជា ចាន់តូ ក៏បានជម្រុញឱ្យមានការពង្រីកកសាងកម្លាំងយុវជន ដែលជាបន្តវេនផងដែរក្នុងនោះត្រូវផ្ដល់អាទិភាព ដល់កម្លាំងយុវជនជាស្ត្រី។ ជាមួយនេះដែរ ឯកឧត្ដមនូវបានក្រើនរំលឹក ឱ្យបន្តរួបរួមសាមគ្គីគ្នា ថែរក្សាស្ថេរភាពនយោបាយនិង សន្តិភាព និងបន្តរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចឱ្យបានល្អ ហើយត្រូវបង្កើនបន្តការប្រុងប្រយត្ន័ និងប្រឆាំងដាច់ខាតរាល់ការឧបាយកលណា ដែលប៉ុនប៉ងបំផ្លាញរាល់សមិទ្ធផល ដែលប្រជាជននិងរាជរដ្ឋាភិបាលបានខិតខំកសាងយ៉ាងលំបាកកន្លងមកនេះ ។
ប៉ុន្តែទោះជាយ៉ាងនេះក៏ដោយឯកឧត្ដម ជា ចាន់តូ បានបញ្ជាក់ដែរថា ៖ «ទោះយើងមានកម្លាំងបន្តវេននិងមន្ត្រីល្អៗយ៉ាងណាដ៏ដោយ តែបើខ្វះការសាមគ្គីនិងការឯកភាពគ្នា នោះយើងគឺមិនអាចសម្រេចបានដោយជោគជ័យ នូវការងារនិងទិសដៅសំខាន់ៗ និងភាពរឹងមាំរបស់គណបក្សបានឡើយ។ ដូចនេះដើម្បីសម្រេចឱ្យបាន នូវផែនការនិងទិសដៅចំបងៗរបស់បក្ស ដែលកំពុងដឹកនាំដោយរាជរដ្ឋាភិបាល ឱ្យបានជោគជ័យនោះ កត្តាសំខាន់ដែលត្រូវបន្តយកចិត្តទុកដាក់មុនគេនោះគឺការសាមគ្គីភាព គុណធ៌ម និងវិន័យ»។
នៅក្នុងឱកាសនោះដែរឯកឧត្ដម ជា ចាន់តូ បានស្នើឱ្យមន្ត្រីបក្សតាមមូលដ្ឋានទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ក្នុងទប់ស្កាត់ការពារនៃរីករាលដាលនៃជម្ងឺកូវីដ១៩ ពិសេសនៅពេលបុណ្យចូលឆ្នាំចិន វៀតណាម នាខាងមុខនេះឱ្យបាន ដោយត្រូវអនុវត្តឱ្យបានដាច់ខាត តាមប្រសាសន៍អំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន និងការណែនាំក្រសួងសុខាភិបាល ៕ ដោយសហការ
ចែករំលែកព័តមាននេះ