ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោះសន្តិភាព​ចេញផ្សាយ​ភ្លាម នាំ​គ្នា​ឆ្លើយ​​យករួចខ្លួន​ភ្លាម ដូច​កុហក​ខ្លួនឯង​មែន (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្រោយ​ពី​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ចេញ​សេចក្ដី​ប្រកាស​ព័ត៌​មាន ដែល​អះអាង​ថា មន្ត្រី​ខ្លួន​បាន​និង​កំពុង​ប្រឹងប្រែង​យកចិត្តទុកដាក់​ជួយ​ដល់​កសិករ​ដែល​បាន​ប្រមូល​ផលដំណាំ ហើយ​កំពុង​ប្រឈម​នឹង​បញ្ហា​ទីផ្សារ ត្រូវ​បាន​គេហទំព័រ​មួយ​ចំនួន…

ខេត្តបាត់ដំបង ៖ ក្រោយ​ពី​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ចេញ​សេចក្ដី​ប្រកាស​ព័ត៌​មាន ដែល​អះអាង​ថា មន្ត្រី​ខ្លួន​បាន​និង​កំពុង​ប្រឹងប្រែង​យកចិត្តទុកដាក់​ជួយ​ដល់​កសិករ​ដែល​បាន​ប្រមូល​ផលដំណាំ ហើយ​កំពុង​ប្រឈម​នឹង​បញ្ហា​ទីផ្សារ ត្រូវ​បាន​គេហទំព័រ​មួយ​ចំនួន និង​បណ្ដាញ​​សង្គម​នានា យក​ទៅ​ផ្សព្វផ្សាយ​ព្រោងព្រាត ស្រាប់តែ​ពេល​នេះ​មាន​កសិករ​មួយ​ចំនួន​ដែល​កំពុង​ប្រឈម​នឹង​ទីផ្សារ​នេះ បាន​ចង្អុលមុខ​មន្ទីរ​កសិកម្ម​ខេត្ត​ចំ​ៗ​ថា «​ការ​ឆ្លើយ​តប​របស់​មន្ទីរ​កសិក​កម្ម គ្រាន់តែ​ដើម្បី​យករួចខ្លួន និង​ភូត​កុហក​ថ្នាក់ដឹកនាំ​តែ​ប៉ុណ្ណោះ ធាតុ​ពិត​គេ​មិន​ធ្លាប់​ឃើញ​មុខមន្ត្រី​កសិកម្ម​ណា​ម្នាក់​ចុះ​ទៅ​ដល់ទី​តាំង​ដំណាំ​របស់​កសិករ​ឡើយ​»​។

កោះសន្តិភាព បាន​ធ្វើ​បទ​សម្ភាសន៍​ផ្ទាល់ ជាមួយ​កសិករ​ដែល​ខ្លះ​ដែល​កំពុង​ប្រមូល​ផលដំណាំ និង ខ្លះ​ទៀត​កំពុង​ដាំ​បន្ត​ជា​ច្រើន​កន្លែង កាលពី​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២០​នេះ ហើយ​ក្នុង​ចំណោម​នោះ កសិករ​ស្ទើរ​ទាំងអស់​សុទ្ធតែ​បាន​អះអាង​ថា «​កន្លង​មក ពួក​គេ​មិន​ធ្លាប់​ឃើញ​មុខមន្ត្រី​ជំនាញ​ណា​ម្នាក់ នៃ​មន្ទីរ​កសិកម្ម​ខេត្ត ចុះ​ដល់ទី​តាំង​ដីចំការ​កសិករ​ដោយ​ផ្ទាល់ ដើម្បី​ណែនាំ ឬ​ពន្យល់​កសិករ​អំពី​ការ​ដាំ​ដុះ ឬ ផ្ដល់​មតិយោបល់​អំពី​ថា តើ​ដាំ​ដុះ​បែប​ណា​.​? ពេល​ណា? ដើម្បី​ឲ្យ​សម​ស្រប​ទៅ​នឹង​តំលៃ​នៅ​ទីផ្សារ​»​។

ប្រជា​កសិករ​ភាគច្រើន បាន​លើក​ឡើង​ថា នៅ​ពេល​កសិករ​ជួប​បញ្ហា ហើយ​មានការ​ផ្សព្វផ្សាយ​ព្រោងព្រាត ទើប​មាន​មន្ត្រី​កសិកម្ម​មួយ​ចំនួន​ធ្វើ​ជា​ភ្ញាក់ផ្អើល នាំ​គ្នា​បោះចោល​ជើង​ដប់​ចុះ​ព្រោងព្រាត​ទៅ​អើត​មើល​កសិករ​ដល់​ចំការ រួច​ថត​សែ​ល​ហ្វី និង​ធ្វើ​របា​ការណ៍​មិន​ស្មោះត្រង់​មួយ ដើម្បី​ដាក់​ជូន​ថ្នាក់លើ​ពិនិត្យ និង​មើល​កំសាន្ត​។

គេហទំព័រ​កោះសន្តិភាព បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២៦ ខែធ្នូ ២០១៩ នូវ​ព័ត៌មាន​ពាក់ព័ន្ធ នឹង​ម្ចាស់​ចំការ​ដំណាំ​ស្ពៃជើងទា នៅ​ភូមិ​តា​គ្រក់ ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល គឺ​លោក អ៊ឹម សុ​ភ័​ក្រ បាន​ចែក​ជូន​ស្ពៃ​ដែល​នៅ​សេសសល់​ពី​ការ​លក់​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​នានា ដោយ​មិន​គិតថ្លៃ ដោយ​សារ​តែ​ដំណាំ​ស្ពៃ​នេះ​ធ្លាក់​តម្លៃ​ពី​៥០០​រៀល មក​នៅ​ត្រឹម​តែ​៣០០​រៀល ហើយ​ស្ទើរតែ​គ្មាន​អ្នក​ទិញ​​ទៀត​ផង​។ គួររំលឹកថា អ្នក​ភូមិ​សម្រុក​នាំ​គ្នា​កាត់​​ស្ពៃ​ក្នុង​​ចំការ​ជន​​ពិការ​ម្នាក់​យ៉ាង​ភ្លូកទឹកភ្លូកដី (​វី​ដេ​អូ)

ហើយ​មន្ទីរ​កសិកម្ម ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ដដែល​នេះ ដោយ​ច្រានចោល​ចំពោះ​ការ​ផ្សារ​របស់​គេហទំព័រ​កោះសន្តិភាព​នេះ​។ ដោយ​មន្ទីរ​នេះ បាន​អះអាង​ថា ខ្លួន​សូម​បដិ​សេធ​​ចំពោះ​កោះសន្តិភាព​ដែល​បាន​លើក​ឡើង​ថា «​មន្ត្រី​ជំនាញ​ហាក់​គ្មាន​ដំណោះស្រាយ ចំពោះ​​បញ្ហា​ខាងលើ​នេះ​ឡើយ (​បញ្ហា​ស្ពៃ​គ្មាន​ទីផ្សារ​) »​។

ជាមួយនឹង​កា​រប​ដិ​សេ​ធ មន្ទីរ​នេះ ក៏​បាន​អួត​ខ្លួនឯង​ដែរ​ថា «​មន្ទីរ​ជំនាញ ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន នៃ​ខេត្តបាត់ដំបង តែងតែបាន​និង​កំពុង​យកចិត្តទុកដាក់ តាមដាន​ជា​ប្រចាំ​នូវ​តម្លៃ ព្រមទាំង​ទីផ្សារ​កសិផល​របស់​កសិករ​មិន​ដែល​ធ្វេស​ប្រហែល​ឡើយ​»​។

ប្រជា​កសិករ​ចាស់វស្សា​នឹង​ការ​ដាំ​ដំណាំ​កសិកម្ម​ជា​ច្រើន​បាន​ហៅ «​សេចក្ដី​ប្រកាស​ព័​ត័​មាន​» របស់​​មន្ទីរ​កសិកម្ម​ខាងលើ​ថា គឺជា «​ឆ្លើយ​តប​បែប​គ្មាន​ការ​ទទួលខុសត្រូវ មិន​ឆ្លុះ​បញ្ចាំង​ទៅ​នឹង​ការ​ពិត និង​បាន​រាយការណ៍​ភូត​កុហក​ថ្នាក់ដឹកនាំ​»​។

អ្នកស្រី ឆ​ន សារី​ន អាយុ​៣៧​ឆ្នាំ ជា​កសិករ​ដាំ​ដាំំ​ណាំ​វិល​ជុំ​ម្នាក់ នៅ​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង បាន​លើក​ឡើង​ដូច្នេះ​ថា «​ខ្ញុំ​មាន​របរ​ដាំ​ដំណាំ​នេះ​ស្ទើរ​គ្រប់មុខ​ជាង​១០​ឆ្នាំ​ហើយ ខ្ញុំ​មិន​ដែល​ឃើញ​មាន​មន្ត្រី​កសិកម្ម​ណា​ម្នាក់ ចុះ​មក​ត្រួតពិនិត្យ ឬ​មក​សួរនាំ​ខ្ញុំ​ពី​បញ្ហា​​ដំណាំ​ដល់​ចំការ​ខ្ញុំ​ទេ រហូត​មក​ដល់​ពេល​នេះ​»​។ គាត់​និយាយ​ថា សូ​ម្បី​តែ​អ្នកមាន​លុយ ចាក់​ដី​លុប​ប្រព័ន្ធ​លូ​ស្ទះ​ទឹក​លិច​ខូចខាត​ដំណាំ​កសិករ​នៅ​ក្នុង​មូលដ្ឋាន ក៏​មិន​ដែល​ឃើញ​អាជ្ញា​ធរ ឬ មន្ត្រី​ជំនាញ​ណា​ចេញ​មុខ​អន្តរាគមន៍​ដែរ បើ​ទោះជា​ប្រជាពលរដ្ឋ​រាយការណ៍​ជា​បន្តបន្ទាប់​ក្ដី។

កសិករ​រូប​នេះ​បាន​បញ្ជាក់​ថា ពេល​នេះ ស្ទើរ​គ្រប់មុខ​បន្លែ​ទាំងអស់​គ្មាន​ទីផ្សារ​ទេ​។ កាលពី​ជាង​មួ​យស​ប្ដា​ហ៍​មុន ប្ដី​របស់​គាត់​បាន​បាញ់ថ្នាំ​កំទេច «​សាឡា​ត់ និង ស្ពៃ​តឿ​» ចោល​អស់​ជិត​១០​តោន ដោយសារ​តែ​តម្លៃ​ថោក ហើយ​គ្មាន​ម៉ូយ​ទិញ​»​។ អ្នកស្រី បាន​បញ្ជាក់​ថា ពេល​នេះ​គាត់​បាន​ផ្អាក​ដំណាំ​សាឡា​ត់​និង​ស្ពៃ​តឿ​ហើយ ងាក​មក​ដាំ​ស្ពៃ​ផ្កា និង​ជីគ្រប់មុខ​វិញ​។

ជាមួយ​គ្នា​នេះ កសិករ​រូប​នេះ បាន​ស្នើ​ដល់​មន្ទីរ​កសិកម្ម ដែល​អះអាង​ថា កំពុង​យកចិត្តទុកដាក់​ខ្លាំង​ដល់​កសិករ ទាំង​ការ​ដាំ​ដុះ ទាំង​ទីផ្សារ​កសិផល គួរ​ចុះ​ឲ្យ​ដល់​ដីចំការ​កសិករ ដើម្បី​ពិនិត្យ ឬ ផ្ដល់​មតិយោបល់​ជាមួយ​កសិករ​ផង កុំ​គ្រាន់តែ​និយាយ តែ​ធ្វើ​មិន​បាន​។

ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​នៅ​លើ​កាសែត​កោះសន្តិភាព​លើក​ក្រោយ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ