ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ជនសង្ស័យជាជនជាតិចិនចំនួន២០នាក់ក្នុងស្ត្រីម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ូលិសស្នងការនគរបាលខេត្តព្រះសីហនុចាប់ខ្លួនពាក់ព័ន្ធករណីជាប់សង្ស័យបទល្មើស២ផ្សេងពីគ្នា ។ ដោយក្នុងនោះជនជាប់សង្ស័យចំនួន៤នាក់ជាជនជាតិចិនត្រូវបានចាប់ខ្លូននៅវេលាម៉ោង២ជិតភ្លឺយប់ ថ្ងៃទី២៧ ខែធ្នូនេះ ស្ថិតក្នុងភូមិលេខ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ។
ចំណែកជនជាប់សង្ស័យចំនួន១៦នាក់ ស្ត្រីម្នាក់ ត្រូវបានចាប់ខ្លួននៅពេលរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវមួយកន្លែងស្ថិតនៅភូមិ០៣ សង្កាត់០៤ ក្រុងខេត្តព្រះសីហនុ (តំបន់ជិតម្ដុំក្បែរក្លិបកម្សាន្ត L.V) ។ ជនសង្ស័យខាងលើ ក្រោយពេលចាប់ខ្លូនត្រូវបានសមត្ថកិច្ចប៉ូលិសបញ្ជូនទៅស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ ភ្លាមៗផងដែរ ដើម្បីបន្តវិធានការតាមផ្លូវច្បាប់ ។
ពាក់ព័ន្ធករណីនេះលោក កុល ផ្លាលី ស្នងការរងខេត្តព្រះសីហនុបានបញ្ជាក់ថា ពិតជាមានចាប់ខ្លូន ជនជាតិចិនខាងលើ ប្រាកដមែនដោយកិច្ចការនេះ សមត្ថកិច្ចកំពុងធ្វើការសាកសួរនៅឡើយនឹងធ្វើការជាមួយស្ថានទូតបន្តចិនផងដែរ ហើយមកដល់ពេលនេះនៅមិនទាន់បញ្ជប់ការសាកសួរនៅឡើយទេ ។
គួរបញ្ជាក់ផងដែរថា ក្នុងអំឡុងរយៈពេលមួយថ្ងៃ គឺចាប់ពីយប់ថ្ងៃទី២៧ ដល់រសៀលថ្ងៃដដែល កម្លាំងសមត្ថកិច្ចប៉ូលិសស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានធ្វើការចាប់ខ្លួនជនសង្ស័យសរុបចំនួន២០នាក់ ។ ចំណែកវត្តុតាងមួយចំនួនមាន អាវុធខ្លី K59 ចំនួន១ដើម មាន៥គ្រាប់ កូនកាំបិតមុតស្រួច១ដើម ខ្នោះដៃ១គូ និងម៉ាសបិតមុខមួយចំនួនផងដែរ ដោយជនជាប់សង្ស័យទាំង៤នាក់នេះ សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមនេះអាចជាក្រុមចោរប្លន់ប្រដាប់អាវុធ ឬចាប់ជំរិតទារប្រាក់ ៕ កែសម្រួលដោយ ៖ សុឃាក់
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ