រាជធានីភ្នំពេញ ៖ តារាចម្រៀង ជុំ លីណូ បានលង់ស្រឡាញ់នារីរូបស្រស់ក្មេងខ្ចីម្នាក់ រហូតពេលនេះលោកបានសម្រេចចិត្តភ្ជាប់ពាក្យ។ មានដើមហេតុជាច្រើនដែលជម្រុញឱ្យ ជុំ លីណូ តាមយកម្ចាស់ចិត្តឱ្យបាន ដោយសារនិស្ស័យចារមករហូតឱ្យលោកហ៊ានតស៊ូដើរឱ្យដល់គោលដៅ។ លើសពីនេះអ្នកណាក៏សរសើរ ព្រោះលីណូវ័យ៣០ជាង បានប្រពន្ធអាយុ១៨ឆ្នាំ។
ជុំ លីណូ ហាក់មានយីអ៊ុនតែម្តង ដែលរាល់ពេលចម្រៀងលោកច្រៀងឃើញថា បទនោះចាក់ដោតអារម្មណ៍ប្រិយមិត្តពន់ពេក រហូតដល់ថ្នាក់ដឹកនាំលាន់មាត់សរសើរពីខ្លឹមសារ។ ម្ល៉ោះហើយមានផលវិជ្ជមាននេះ ទើបធ្វើឱ្យ ជុំ លីណូ នៅតែបន្តព្យាយាមរំលេចបទចម្រៀងថ្មីៗជាបន្តទៀត ដើម្បីឆ្លើយតបការគាំទ្រ។
ចម្រៀងមួយមានចំណងជើងថា «ទឹកភ្នែកម្តាយស្រក់លើខ្នោះដៃកូន» មានអត្ថន័យដ៏ស៊ីជម្រៅរហូតធ្វើឱ្យមាតាបិតាដែលមានកូនចៅជាបន្ទុករឹតតែព្រួយបារម្ភរាប់ការសេបគប់មិត្ត របស់កូនក្មួយនៅខាងក្រៅ។ ដូចនេះបណ្តាកូនទាំងឡាយគួរតែគិតពិចារណាធ្វើទង្វើអ្វី ដែលសង្គមទទួលយក បានចៀសឱ្យផុតទង្វើអសីលធម៌ផ្សេងៗ។
ខណៈដែលបទចម្រៀងបែបអប់រំមនុស្សនៅក្នុងសង្គម មានចំណងជើងថា «ទឹកភ្នែកម្តាយស្រក់លើខ្នោះដៃកូន» គាំទ្រច្រើនពីប្រិយមិត្តអ្នកស្ដាប់រួចមក តារាចម្រៀងលោក ជុំ លីណូ ក៏ទទួលបានការកោតសរសើរយ៉ាងពិសេស ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន ថា តារាចម្រៀងរូបនេះ មានសំនៀងពីរោះ និងស្រដៀងគ្នាទៅនឹងសំឡេងរបស់តារាចម្រៀង ខេម ពោលគឺពីរោះម្យ៉ាងម្នាក់ ពេលបកស្រាយបទចម្រៀង។
ចំណែកអនាគតភរិយា ជុំ លីណូ ដែលមានរូបសម្រស់ស្រស់ស្អាតមិនចាញ់តារាល្បីនោះ នាងមានស្រុកកំណើតនៅឃុំចំប៉ី ស្រុកអង្គជ័យ ខេត្តកំពត មិនមែនជាអ្នកសិល្បៈឡើយ។
តារាចម្រៀងមកពីខេត្តកំពង់ឆ្នាំងរូបនេះបញ្ជាក់ថា លោកមិនដឹងថានឹងដឹកដៃអនាគតភរិយាចូលរោងការនៅឆ្នាំ២០២០ ឬយ៉ាងណានោះទេ។ ប៉ុន្តែអ្វីដែលសំខាន់ចុងខែធ្នូនេះ លោកភ្ជាប់ពាក្យទុកសិន។
ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ គ្រាន់តែលោក ជុំ លីណូ បង្ហោះរូបជាមួយអនាគតភរិយាភ្លាម ធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនាំគ្នាលើកឡើងថា លោកពិតជាសំណាងណាស់ មានគូដណ្ដឹងជាស្រីស្អាតមិនចាញ់តួឯកកុននោះទេ ។ ជាពិសេសជាងនេះទៀត គឺក្មេងសាច់សខ្ចីតែម្ដង សុំសរសើរហើយ។
លីណូ នៅតែបន្តថា អនាគតភរិយាដែលមានវ័យ១៨ឆ្នាំ រកស៊ីលក់របរតាមអនឡាញគាត់ក្មេងមែន តែចរិកចាស់ទុំ គាត់និយាយស្តាប់គ្នាបាន មិនចេះប្រចណ្ឌអ្វីឡើយ។ លោកសូមសារភាពថា ពីដំបូងស្រឡាញ់គ្នាតាមទាក់ទងលើហ្វេសបុក ហើយឆាតសួរនាំ ដោយលោកសន្យាថា ឱ្យគូដណ្តឹងរូបនេះ ថតបទចម្រៀងដែលរៀបចំ ព្រោះចូលចិត្តសិល្បៈ តែក្រោយមកអត់ហៅគាត់ថតទេ គឺសារភាពសុំស្រឡាញ់តែម្តង។
ចំពោះគូដណ្តឹងលីណូវិញ ប្រាប់ថា ពេលទាក់ទងគាត់ គឺផ្តើមពីពាក្យចូលសម្តែងបទចម្រៀង ។ ប៉ុន្តែក្រោយមកអត់ហៅនាងថតទេ គឺកុហក់ រួចបែរជាសុំស្រឡាញ់នាង ធ្វើឱ្យនាងពេលនោះ អត់ជឿតែម្តង។ មូលហេតុមិនជឿ ព្រោះអ្នកសិល្បៈមិនដែលអត់មានអ្នកណាតាមស្រឡាញ់ឡើយ។
លុះក្រោយ មកចេះតែស៊ើបសួរ ហើយគាត់មានពាក្យពេចន៍ត្រង់ៗក៏សម្រេចថា ទទួលយកក្តីស្រឡាញ់ពីគាត់តែម្តង។ ចំពោះគម្រោងរៀបការប្រហែលជាចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១ ដើម្បីទុកពេលរកស៊ីសន្សំលុយទុកដាក់ឱ្យបានច្រើនដើម្បីរៀបចំផែនការណ៍គ្រួសារឱ្យល្អ។
(កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ