ស្ពានចាស់សម័យបារាំងទុកដដែល គ្រោងសង់ស្ពានថ្មីក្បែរគ្នាតាមលំនាំស្ពានចាស់
- បាត់ដំបង
ខេត្តបាត់ដំបង ៖ មានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីសាលាខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ស្ពានថ្មចាស់ មុខសាលាខេត្ត ដែលខូចខាតស្ទើរទាំងស្រុងពុំអាចជួសជុលបាន ។ សេចក្ដីជូនដំណឹងលើកឡើងថា ស្ពានថ្មចាស់មុខសាលាខេត្តបានសាងសង់នៅក្នុងសម័យអាណានិគមបារាងឆ្នាំ១៩១៦ មានអាយុកាល១០៣ឆ្នាំមកហើយ ។

ដើម្បីថែរក្សាស្ពាននេះ ឲ្យបានគង់វង្សយូរអង្វែង សម្រាប់ទុកជាមរតក ជូនអ្នកខេត្តបាត់ដំបង រដ្ឋបាលខេត្តបានដឹកនាំមន្ត្រីជំនាញទៅពិនិត្យ និងវាយតម្លៃពីភាពចាស់ទ្រុឌទ្រោមរបស់ស្ពាន ដោយគ្រោងជួសជុល ថែទាំឲ្យល្អប្រសើរឡើងវិញ ។ ប៉ុន្តែដោយអាយុកាលបេតុង និងប្រើប្រាស់ពុំបានត្រឹមត្រូវក្នុងសម័យសង្គ្រាម ស្ពានត្រូវបានរថយន្តធុនធ្ងន់ និងរថក្រោះបើកបរឆ្លងកាត់ បណ្ដាលឲ្យខូចខាតស្ទើរទាំងស្រុង ទាំងតួស្ពាន និងសសរគ្រឹះ ពុំអាចជួសជុលថែទាំឡើងវិញបាន ។

ដើម្បីទប់ស្កាត់គ្រោះថ្នាក់ជាយថាហេតុ រដ្ឋបាលខេត្តក៏សម្រេចផ្អាកការធ្វើដំណើរឆ្លងកាត់ ។ ចំណែកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងលិខិតផ្ញើជូនលោកជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើសុំអ្នកជំនាញពិនិត្យលើសំណើសុំរុះរើស្ពានសម័យបារាំង ស្ថិតនៅមុខសាលាខេត្តបាត់ដំបងនោះ ។

ក្រសួងវប្បធម៌យល់ឃើញថា ពុំគួររុះរើស្ពានថ្មចាស់សម័យបារាំងនោះទេ ដោយសារស្ពាននេះ មានអាយុកាលដ៏ចំណាស់ជាងគេ១០០ឆ្នាមកហើយ ជាសំណង់បេតិកភណ្ឌទីក្រុងនៅសល់តែមួយគត់ក្នុងខេត្តបាត់ដំបង និងនៅសល់តែមួយគត់ក្នុងប្រទេសកម្ពុជា ដែលមានតម្លៃប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម នគរូបនីយកម្ម និងបរិស្ថាន ។ ម្យ៉ាងទៀត ស្ពាននេះចាត់ទុកជាមរតកដ៏កម្រ គួរតែរក្សាទុក និងជួសជុលឡើងវិញ ហើយប្រើប្រាស់ជាស្ពានថ្មើរជើង ។

ទាក់ទតិននឹងរឿងនេះ លោកខាន់ ម៉ាណេ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាទីប្រឹក្សាសម្តេចក្រឡាហោមស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានបញ្ជាក់ថា «សម្តេចក្រឡាហោមគ្មានគម្រោងវាយស្ពានថ្មចាស់ទ្រុឌទ្រោមនោះទេ យើងនឹងអភិរក្សជាបេតិកភណ្ឌជាតិ ។ ដើម្បីសម្រួលចរាចរណ៍ដែលចាប់ផ្តើមកកស្ទះម្តងម្កាល នៅក្នុងក្រុងបាត់ដំបង តាមអនុសាសន៍សម្តេចក្រឡាហោមស ខេង ឲ្យជំនាញសហការជាមួយរដ្ឋបាលខេត្តរកប្រភពថវិកាដើម្បីសាងសង់ស្ពានមួយទៀតនៅជិតគ្នា »។

នាល្ងាចថ្ងៃទី១៩ ខែធ្នូ រដ្ឋបាលខេត្តបាត់ដំបបានធ្វើសេចក្តីជូនដំណឹងបន្ថែម ស្តីពីការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ស្ពានថ្មចាស់ទាំងមធ្យោបាយធ្វើដំណើរ និងថ្មើរជើង ដោយសារស្ពានមានសភាពចាស់ទ្រុឌទ្រោម និងបែកប្រេះស្រាំខ្លាំង ខណៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានត្រួតពិនិត្យហើយ និងរកថវិកាដើម្បីជួសជុល ថែទាំស្ពានថ្មចាស់នេះ ។ ទន្ទឹមនេះ សម្តេចក្រឡាហោមស ខេង បានអំពាវនាវដល់សប្បុរសជនក្នុងស្រុកដើម្បីសាងសង់ស្ពានថ្មីមួយនៅក្បែរស្ពានថ្មចាស់ ក្នុងរចនាបថប្រហាក់ប្រហែលគ្នា ៕












ចែករំលែកព័តមាននេះ