ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​បឹង​ធំ បឹង​តូច រាប់​ពាន់​ហិ​កតា ត្រូវ​អ្នក​មាន​លុយ មាន​អំណាច បោះបង្គោល​ថ្ម​រំលោ.ភ​​យក​អស់ហើយ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ដី​បឹង​ធំ បឹង​តូច សាធារណៈ​របស់​រដ្ឋ​រាប់​ពាន់​ហិ​កតា នៅ​ក្នុងស្រុក​កៀនស្វាយ ខេត្តកណ្តាល ត្រូវ​អ្នកមាន​លុយ មាន​អំណាច បោះបង្គោល​ថ្ម​រំលោភ​បំពាន​វាត​យក​ធ្វើ​ជា​កម្មសិទ្ធិឯកជន​យ៉ាង​អនាធិបតេយ្យ​។…

ខេត្តកណ្តាល ៖ ដី​បឹង​ធំ បឹង​តូច សាធារណៈ​របស់​រដ្ឋ​រាប់​ពាន់​ហិ​កតា នៅ​ក្នុងស្រុក​កៀនស្វាយ ខេត្តកណ្តាល ត្រូវ​អ្នកមាន​លុយ មាន​អំណាច បោះបង្គោល​ថ្ម​រំលោភ​បំពាន​វាត​យក​ធ្វើ​ជា​កម្មសិទ្ធិឯកជន​យ៉ាង​អនាធិបតេយ្យ​។

ប្រ​ភ​ព័​ព៌​ត​មានបាន​ឱ្យ​ដឹង​ថា បឹង​ធំ បឹង​តូច​នេះ គឺជា​បឹង​ធម្មជាតិ​កើត​មាន​តាំងពី​ដូនតា​មក​ម៉្លេះ ហើយ​បឹង​នេះ​មាន​សារសំខាន់​សម្រាប់​ប្រជាជន​នៃ​ឃុំ​ចំនួន​៤ រស់នៅ​ជុំវិញ​មាត់បឹង​ក្នុងស្រុក​កៀនស្វាយ គឺ​ឃុំ​ឈើទាល ឃុំ​ភូមិធំ ឃុំ​គគីរ និង​ឃុំ​ដីឥដ្ឋ ដែល​ជា​តម្រូវការ​ចាំបាច់​យក​ទឹក​បឹង​នេះ​ប្រើប្រាស់​ដូច​ជា ៖ មុជ ដាំ​ស្ល និង​ស្រោចស្រព​ផលដំណាំ​ផ្សេង​ៗ ជា​ពិសេស​គឺជា​បឹង​ធម្មជាតិ​ដែល​បងប្អូន​ប្រជាជន​តែងតែ​ប្រកប​មុខរបរ​រក​នេសាទ​ត្រី ដក​ព្រលឹត ដក​ក្រអៅ​ឈួ​ក រក​ខ្យង រក​ខ្ចៅ​ជា​លក្ខណៈ​គ្រួសារ គ្រាន់​បាន​ចិញ្ចឹមជីវិត​តាំងពី​ដើម​មក​ផង​ដែរ​។

មិនតែប៉ុណ្ណោះ​បឹង នេះ​គឺជា​អាង​ស្តុ​ប​ទឹក​ដ៏​ធំ ហើយ​ក៏​ជា​ប្រព័ន្ធ​រំដោះ​ទឹកជំនន់ នា​រដូវ​ទឹក​ដំឡើង​ទៅ​តាម​បឹង​នានា នៃ​ស្រុក​ស្អាង ស្រុក​កោះធំ ស្រុក​លើក​ដែក ហូរ​ធ្លាក់​ចេញ​ទៅ​វៀតណាម​ផង​ដែរ​។

ស្រាប់តែ​ឥឡូវ បែរជា​អ្នកមាន​លុយ មាន​អំណាច មក​បោះបង្គោល​ថ្ម​រំលោភ​បំពាន​វាត​យក​ដី​បឹង​សាធារណៈ​របស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិឯកជន​យ៉ាង​គឃ្លើន ដោយ​ខ្លះ​កំពុង​តែ​ប្រើប្រាស់​គ្រឿងចក្រ​ជីក​កាយ​ចាក់​ដី​លុប​បណ្តើរ​ៗ​ហើយ តែ​ដូច​ជា​ពុំ​ឃើញ​មាន​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ស្ថាប័ន​ណា​មួយ​ចុះ​មក​ទប់ស្កាត់​បង្ក្រាប​ឡើយ ធ្វើ​ឱ្យ​មហាជន​ជា​ច្រើន​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង ខ្លាច​ទៅ​ថ្ងៃក្រោយ​គេ​ចាក់​ដី​លុប​បឹង​នេះ​អស់ ប្រជាជន​ប្រាកដជា​ជួប​ការ​លំបាក គ្មាន​ទឹក​ប្រើប្រាស់​ជាក់​ជា​មិន​ខាន​ឡើយ ណាមួយ​អាច​ប្រឈម​នឹង​ការ​លិចលង់​ផ្ទះសម្បែង និង​ផលដំណាំ នៅ​ពេល​រដូវ​ទឹក​ឡើង​។

ប្រភព​បន្ត​ទៀត​ថា អ្នក​ដែល​មក​បោះបង្គោល​ថ្ម​ព័ទ្ធ​យក​ដី​បឹង​ខាងលើ គឹ​ភាគច្រើន​សុទ្ធតែ​ជា​អ្នក​មាន​ឋានៈ ឧកញ៉ា ឯកឧត្តម អ្នកមាន​លុយ មាន​អំណាច មក​ពី​ភ្នំពេញ​។ បើ​ប្រជាពលរដ្ឋ​ធម្មតា​នោះ គឺ​មិន​អាច​ទៅ​បោះបង្គោល​ព័ទ្ធ​យក​ដី​សាធារណៈ​របស់​រដ្ឋ​បាន​នោះ​ទេ​។​បញ្ហា​នេះ ធ្វើ​ឱ្យ​មហា​ជ ដាក់​ការ​សង្ស័យ​ថា បើ​គ្មាន​ការ​ឃុបឃិត​ត្រូវរ៉ូវ​គ្នា​ជា​ប្រព័ន្ធ​នោះ​ទេ ក៏​មិន​អាច​មក​យក​ដី​រដ្ឋ​ឆៅ​ៗ​បាន​ដែរ​។

ពាក់ព័ន្ធ​ការ​រំលោភ​យក​ដី​បឹង​ធំ​-​បឹង​តូច​សាធារណៈ​របស់​រដ្ឋ​នេះ ភ្នាក់ងារ​យើង​បាន​ព្យាយាម​ទូរស័ព្ទ​សុំ​ការ​បំភ្លឺ​ពី លោក អ៊ូ ឈាង អភិបាលស្រុក​កៀនស្វាយ​ដែរ តែ​លោក​ប្រាប់​ថា​ជាប់រវល់​ប្រជុំ​បក្ស​។

ចំណែក លោក កេ​ត សុផល ប្រធាន់​ការិយាល័យ​ភូមិបាល ស្រុក​កៀនស្វាយ លោក​ក៏​ទទួល​ស្គាល់​ថា ដី​បឹង​ធំ​-​បឹង​តូច គឺ​ពិតជា​បឹង​អាង​ស្តុ​ប​ទឹក និង​ជា​ប្រព័ន្ធ​រំដោះ​ទឹក​សាធារណៈ​របស់​រដ្ឋ​ប្រាកដ​មែន ហើយ​បុគ្គល​ដែល​ទៅ​បោះបង្គោល​យក​ដី​បឹង​នោះ គឺ​គ្មាន​ច្បាប់​ទេ​។ ឥឡូវ​លោក​កំពុង​ឱ្យ​ក្រុមការងារ​សិក្សា​វាស់វែង និង​ធ្វើ​របាយការណ៍​ដាក់​ជូន ឯកឧត្តម​អភិបាលខេត្ត ដើម្បី​ចុះបញ្ជី​រក្សា​ការពារ​ដី​រដ្ឋ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ