ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍ និង​រដ្ឋបាល​ខេត្តកំពត​សន្យា​ធ្វើ​ផ្លូវ​១​ខ្សែ​ចូល​សហគមន៍​ទេសចរណ៍ ត្រពាំង​សង្កែ

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ដោយ​មើលឃើញ​ពី​ការ​ខិតខំ​របស់​ប្រជា​សហគមន៍ និង​ភាព​ខ្វះខាត​ក្នុង​សហគមន៍​ទេសចរណ៍​ត្រពាំង​សង្កែ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​រួម​ជាមួយ​លោក ជាវ តា​យ…

ខេត្តកំពត ៖ ដោយ​មើលឃើញ​ពី​ការ​ខិតខំ​របស់​ប្រជា​សហគមន៍ និង​ភាព​ខ្វះខាត​ក្នុង​សហគមន៍​ទេសចរណ៍​ត្រពាំង​សង្កែ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​រួម​ជាមួយ​លោក ជាវ តា​យ អភិបាលខេត្ត​កំពត​បាន​ឯកភាព​គ្នា​កសាង​ផ្លូវ​មួយ​ខ្សែ​ប្រវែង​ប្រមាណ ៤០០​ម៉ែត្រ​ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៣៣ (​កំពត​-​កែប​) ចូល​ទៅ​កាន់​សហគមន៍​នេះ​ក្នុង​គម្រោង​ថវិកា​ប្រមាណ​៧​ម៉ឺន​ដុល្លារ នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

ការ​សន្យា​ខាងលើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជា​សហគមន៍ ទេសចរណ៍​ត្រពាំង​សង្កែ នា​រសៀល​ថ្ងៃ​ទី​១៩ ខែធ្នូ​នេះ នៅ​ទីស្នាក់ការ​សហគមន៍​ផ្ទាល់ ស្ថិត​នៅ​ភូមិ​កំពង់​កែស ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្តកំពត ។

ប្រជា​សហគមន៍​បាន​សម្តែង​នូវ​ការ​ត្រេកអរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​យកចិត្តទុកដាក់​របស់​ក្រសួងទេសចរណ៍ និង​រដ្ឋបាល​ខេត្ត​ក្នុង​ការ​កសាង​ផ្លូវ​មួយ​ខ្សែ​នោះ ហើយ​ក៏​បាន​ប្ដេជ្ញា​ខិតខំ​ថែរក្សា និង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍​មួយ​នេះ​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​បន្ថែម និង​មាន​និរន្តរភាព ។

លោក ស៊ឹ​ម ហៀ​ម ប្រធាន​សហគមន៍​ទេសចរណ៍​ត្រពាំង​សង្កែ​បាន​លើក​ឡើង​ថា នៅ​ក្នុង សហគមន៍​មាន​បម្រើ​សេវាកម្ម​ទេសចរណ៍​មួយ​ចំនួន​ដូច​ជា ជិះទូក​កាណូត​ទស្សនា​ព្រៃ កោង​កាង​តាម​ព្រែក​ត្រពាំង​សង្កែ មាន​បម្រើ​សេវាកម្ម​ស្នាក់​នៅ និង​សេវាកម្ម​ម្ហូបអាហារ ពិសេស គឺ​មានកូន​កោង​កាង​សម្រាប់​លក់​ឱ្យ​ភ្ញៀវ​ទិញ​យក​ទៅ​ដាំ​ទុកជា​អនុស្សាវរីយ៍​ផង​ដែរ ។

ទេសភាព​ព្រៃកោងកាង​នៅ​ទីនោះ ពិតជា​មាន​ភាព​ស្រស់​ស្អាត​ខ្លាំង​មែនទែន​ដែល​ភ្ញៀវ​ទេសចរ​ពិតជា​មិន​ខកចិត្ត​ឡើយ​ក្នុង​ការ​ទៅ​ទស្សនា ។ លោក​ប្រធាន​សហគមន៍​រូប​នោះ​បាន​បន្ត​ថា ក្រៅពី​ចូលរួម​ក្នុង​សកម្មភាព​ទេសចរណ៍ សហគមន៍​ទេសចរណ៍​នេះ​ក៏​ជា​ជម្រក​ព្រៃកោងកាង​ចុង​ក្រោយ និង​សំខាន់​បំផុត​ក្នុង​ខេត្តកំពត​ផង​ដែរ ដែល​នា​ពេល​បច្ចុប្បន្ន សហគមន៍​បាន និង​កំពុង​ខិតខំ​អភិរក្ស និង​ដាំ​កូន​កោង​កាង​ឡើង​វិញ​នៅ​លើ​ទឹកដី​របស់​សហគមន៍ ។

លោក ស៊ឹ​ម ហៀ​ម បាន​បញ្ជាក់​ថា ព្រៃកោងកាង គឺជា​គម្រប​កាបូន​ដ៏​សំខាន់​មិន​ចាញ់​ព្រៃឈើ​ក្នុង​តំបន់​ធំ​ៗ​នៅ​កន្លែង​ដទៃ​ឡើយ ប៉ុន្តែ​ប្រជាជន​ភាគច្រើន​មិន​បាន​យល់​ពីសារ​ប្រយោជន៍​របស់​វា​ដោយ​លោក​អះអាង​ថា ដល់​ថ្នាក់​មាន​ស្ថាប័ន​បរិស្ថាន​អន្តរជាតិ​មួយ​ចំនួន ក៏​បាន​មក​ដល់ទី​នេះ និង​មានការ​ទទូច​សុំ​ឱ្យ​បង្កើន​ផ្ទៃដី​ដាំ​ដុះ​ព្រៃកោងកាង​នេះ​ឱ្យ​បាន​កាន់តែ​ធំ​ព្រោះ​វា​ផ្ដល់​អត្ថប្រយោជន៍​យ​យ៉ាងច្រើន​ដល់​បរិស្ថាន ។

នា​ឱកាស​នោះ​លោក​រដ្ឋមន្ត្រី ថោ​ង ខុន ក៏​បាន​ជំរុញ​ឱ្យ​ប្រជា​សហគមន៍​បង្កើន​ការ​ដាំ​ដុះ​កូន កោង​កាង​នេះ​ឱ្យ​បាន​កាន់តែ​ច្រើន​ថែម​ទៀត ដើម្បី​រួមចំណែក​រក្សា​ស្ថិរភាព​បរិស្ថាន​ស្ថិរភាព គម្រប​កាបូន អភិរក្ស​ព្រៃ​កម្រ​របស់​ជាតិ បង្កើន​មច្ឆា​ជាតិ ក្នុង​សមុទ្រ បង្កើន​ផល​នេសាទ ពិសេស គឺ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យមក​ទស្សនា​កាន់តែ​ច្រើន និង​ឱ្យ​ពួក​គេ​បាន​មើលឃើញ​អំពី​ព្រៃកោងកាង​កម្ពុជា​ផ្ទាល់​តែ​ម្ដង ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ