ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧស្សាហ៍​ចង្អោរ​ចង់​ក្អួត​ពេល​ព្រឹកមែន​ទេ ប្រហែល​មក​ពី​មូលហេតុ​ទាំងនេះ

4 ឆ្នាំ មុន

ឧស្សាហ៍​មាន​អារម្មណ៍​ចង្អោរ​ចង់​ក្អួត​នៅ​ពេល​ព្រឹក​មែន​ទេ? ក្រៅពី​មាន​ផ្ទៃពោះ​ហើយ​នោះ ក៏​នៅ​មាន​កត្តា​មួយ​ចំនួន​ដែល​បង្ក​បញ្ហា​នេះ​ឱ្យ​កើត​មាន​ឡើង​! ថា​តើ​មូលហេតុ​អ្វីខ្លះ​ដែល​អាច​បណ្ដាល​ឱ្យ​មាន​អារម្មណ៍​ចង់​ក្អួត​នៅ​ពេល​ព្រឹក? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​មូលហេតុ​ទាំងនោះ ៖ ១. ចាញ់កូន…

ឧស្សាហ៍​មាន​អារម្មណ៍​ចង្អោរ​ចង់​ក្អួត​នៅ​ពេល​ព្រឹក​មែន​ទេ? ក្រៅពី​មាន​ផ្ទៃពោះ​ហើយ​នោះ ក៏​នៅ​មាន​កត្តា​មួយ​ចំនួន​ដែល​បង្ក​បញ្ហា​នេះ​ឱ្យ​កើត​មាន​ឡើង​! ថា​តើ​មូលហេតុ​អ្វីខ្លះ​ដែល​អាច​បណ្ដាល​ឱ្យ​មាន​អារម្មណ៍​ចង់​ក្អួត​នៅ​ពេល​ព្រឹក? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​មូលហេតុ​ទាំងនោះ ៖

១. ចាញ់កូន ៖ មួយ​ក្នុង​ចំណោម​មូលហេតុ​ទូទៅ​បំផុត​នៃ​បញ្ហា​ចង្អោរ​ចង់​ក្អួត​នៅ​ពេល​ព្រឹក គឺ​ចាញ់កូន​។ អ្នកជំនាញ​ជា​ច្រើន​និយាយ​ថា​ប្រមាណ ៧០ ភាគរយ​នៃ​ស្ត្រី​មាន​ផ្ទៃពោះ​តែង​ជួប​ប្រទះ​​អាកា​រៈ​ចាញ់កូន​ពិសេស​កំឡុង​ពេល​ត្រីមាស​ដំបូង​។ អាកា​រៈ​ចាញ់កូន គឺ​គ្មាន​អ្វី​គួរ​ឱ្យ​ព្រួយ​បារម្ភ​ឡើយ​ចំពោះ​ទាំង​ម្ដាយ​និង​កូន ប៉ុន្តែ​ប្រសិនបើ​ក្អួត​ខ្លាំង ឬ​អម​មក​ជាមួយ​នូវ​រោគ​សញ្ញា​ខុស​ប្រក្រតី​ផ្សេង​ទៀត ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ទៅ​ជួប​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​។

២. ច្រាល​ទឹក​អាស៊ីត​ក្រពះ ៖ តើ​អ្នក​បាន​ទទួលទាន​អាហារ​ខ្លាញ់​ៗ ឬ​ហឹរ​មុន​ពេល​ចូល​គេង​មែន​ទេ? នោះ​មិន​ចម្លែក​ឡើយ​ប្រសិនបើ​មាន​អារម្មណ៍​ចង្អោរ​ចង់​ក្អួត​នៅ​ពេល​ព្រឹក​ភ្ញាក់​ពី​គេង​នោះ​។ ភាគច្រើន​នៃ​អាកា​រៈ​នេះ​បណ្ដាល​មក​ពី​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ​។ ជា​ញឹកញយ​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ​ច្រើន​អម​មក​ជាមួយ​នូវ​រោគ​សញ្ញា​ផ្សេង​ទៀត​ដូច​ជា​ឈឺពោះ ក្រហាយ​ទ្រូង កើន​ទឹកមាត់ និង​មាន​អារម្មណ៍​ដូច​ដែក​លោហៈ​ក្នុង​មាត់​។

៣. ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប ៖ ក្រៅពី​ច្រាល​ទឹក​អាស៊ីត​ក្រពះ អាកា​រៈ​ចង្អោរ​ចង់​ក្អួត​នៅ​ពេល​ព្រឹក​ក៏​អាច​បណ្ដាល​មក​ពី​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​ពេក​ផង​ដែរ​។ ភាគច្រើន​អាកា​រៈ​ចង្អោរ​ចង់​ក្អួត​ដោយសារ​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប គឺ​អម​មក​ជាមួយ​នូវ​រោគ​សញ្ញា​ផ្សេង​ទៀត​ដូច​ជា​ញ័រ ថប់​បារម្ភ ភាំង​ៗ វិលមុខ បេះដូង​លោត​ញាប់ បែកញើស និង​ឃ្លាន​។

៤. គេង​មិន​គ្រប់ ៖ ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ដឹង​ហើយ​ថា​ការ​គេង​បាន​ស្កប់​ពី ៧ ទៅ ៩ ម៉ោង​ក្នុង​មួយ​យប់​ចាំបាច់​ខ្លាំង​ប៉ុណ្ណា​។ ការ​គេង​មិន​គ្រប់​ជះ​ឥទ្ធិពល​គួរ​ឱ្យ​កត់សម្គាល់​ចំពោះ​សុខភាព​ដ​ដោយ​បង្ក​ជា​បញ្ហា​ផ្សេង​ៗ​រួម​ទាំង​អាកា​រៈ​ចង្អោរ​ចង់​ក្អួត​។ ទោះជា​យ៉ាងណា​បញ្ហា​ចង្អោរ​ចង់​ក្អួត​ដែល​បណ្ដាល​មក​ពី​ការ​គេង​មិន​គ្រប់​តែង​អម​មក​ជាមួយ​នូវ​អាកា​រៈ​អស់កម្លាំង​និង​ងងុយគេង​ខ្លាំង។

៥. ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ៖ អាកា​រៈ​ធី​ង​ធោ​ង​ចង្អោរ​ចង់​ក្អួត​នៅ​ពេល​ព្រឹក​ងាយ​នឹង​កើតឡើង​ណាស់​ក្រោយ​ពេល​អ្នក​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ពី​យប់​។ ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ពេក​អាច​បណ្ដាល​ឱ្យ​រលាក​ស្រទាប់​ក្រពះ​ផ្នែក​ខាងក្នុង ហើយ​បង្កើន​ការ​ផលិត​ជាតិ​អាស៊ីត hydrochloric ដែល​បណ្ដាល​ឱ្យ​ចង្អោរ​ចង់​ក្អួត​។

៦. អាកា​រៈ​នៃ​ជំងឺ​ឈឺក្បាល​ប្រកាំង ៖ អាកា​រៈ​ចង្អោរ​ចង់​ក្អួត​ជា​រោគ​សញ្ញា​ទូទៅ​បំផុត​មួយ​នៃ​ជំងឺ​ឈឺក្បាល​ប្រកាំង​។

៧. កង្វះ​ជាតិ​ទឹក​ក្នុង​រាង​កាយ ៖ កង្វះ​ជាតិ​ទឹក​ក្នុង​រាង​កាយ​អាច​បណ្ដាល​ឱ្យ​មនុស្ស​មួយ​ចំនួន​មាន​អារម្មណ៍​ចង្អោរ​ចង់​ក្អួត​។ អាកា​រៈ​ផ្សេង​ទៀត​នៃ​បញ្ហា​ខ្វះ​ជាតិ​ទឹក​ក្នុង​រាង​កាយ​រួម​បញ្ចូល​ទាំង​វិល​មុខ ស្បែក​ស្ងួត​ខ្លាំង ទឹកនោម​ពណ៌​ដិត ឬ​នោម​តិច​ពេក និង​អស់កម្លាំង​។ បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាង​កាយ​អាច​កើត​មាន​ឡើង​នៅ​ពេល​ព្រឹក​ក្រោយ​ពេល​មនុស្ស​ម្នាក់​មិន​បាន​ទទួលទាន​ទឹក​ច្រើន​ម៉ោង​។ ហើយ​អ្នក​ដែល​ទទួលទាន​គ្រឿង​ស្រវឹង ឬ​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​មុន​ពេល​ចូល​គេ ក៏​ងាយ​នឹង​ជួប​ប្រទះ​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាង​កាយ​នៅ​ពេល​ព្រឹក​ដែរ​។

ប្រយ័ត្ន​! ប្រសិនបើ​អ្នក​ជឿ​ថា​អាកា​រៈ​ចង្អោរ​ចង់​ក្អួត​របស់​អ្នក​មិនមែន​បណ្ដាល​មក​ពី​មូលហេតុ​ណាមួយ​ខាងលើ​ទេ​នោះ ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ