ខេត្តបន្ទាយមានជ័យ ៖ ស្រូវសែនក្រអូបប្រភេទស្រូវរដូវប្រាំងត្រឹមខែធ្នូ ឆ្នាំ២០១៩នេះតំលៃមានការធ្លាក់ចុះជាងឆ្នាំ២០១៨ ទាំងឈ្មួញកណ្តាល និងក្រុមហ៊ុនទិញនៅខេត្តបន្ទាយមានជ័យ។
ប្រជាកសិករបានប្រាប់ថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩នេះ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ប្រជាកសិករលក់ស្រូវសែនក្រអូបដែលឈ្មួញកណ្តាលទិញដាក់តាមរោងម៉ាស៊ីនទិញប្រភេទស្រូវសែនក្រអូបសើមដែលល្អក្នុង១តោនទិញតំលៃ៧.២០០បាត ស្រូវសែនក្រអូបស្ងួតដែលល្អ ១តោនតំលៃ៧.៣០០បាត និងស្រូវក្រអូបល្អមធ្យមក្នុង១តោនតំលៃ៧.០០០បាត ស្រូវសែនក្រអូបស្ងួតមធ្យមតំលៃ៧.០០០បាត និងក្រុមហ៊ុនបៃតងទិញតែស្រូវសែនក្រអូបសើមដែលល្អក្នុង១តោនតំលៃ៧.៤០០រៀល និងស្រូវសែនក្រអូបល្អមធ្យម១តោនតំលៃ៧.១០០បាត។
ប្រជាកសិករបានបញ្ជាក់ថា បើប្រៀបធៀបនៅអំឡុងខែធ្នូ ឆ្នាំ២០១៨ ស្រូវប្រាំងប្រភេទស្រូវសែនក្រអូបដែលក្រុមហ៊ុនបៃតង និងឈ្មួញកណ្តាលទិញដាក់តាមរោងម៉ាស៊ីតំលៃថ្លៃជាងខែធ្នូ ឆ្នាំ២០១៩នេះទាំងប្រភេទស្រូវសើម និងស្រូវស្ងួតហើយលក់ស្រួលជាងឆ្នាំនេះ។
ប្រជាកសិករបានបញ្ជាក់ថា ធ្វើស្រូវប្រាំងឆ្នាំ២០១៩នេះ ពិតជាលំបាកពេលបង្កបង្កើនផលដំបូងគ្មានភ្លៀងគ្មានទឹកបណ្តាលឱ្យរាំងងាប់ស្រូវ ហើយព្យាយាមបង្កបង្កើនផលបន្តពេលដែលពេលទទួលបានដើមដងហើយស្រូវចេញគ្មានទឹកបូមបញ្ចូលស្រែ បណ្តាលឱ្យហួតហែងងាប់ចេញមិនរួច។ កន្លែងខ្លះទទួលបានផលខ្លះដែលសេសសល់ពីងាប់ នៅពេលប្រមូលផលលក់បានតំលៃថោកទៀតនាឆ្នាំ២០១៩នេះប្រជាកសិករពិតជាលំបាកបង្កបង្កើនផលជាមធ្យម១ហិកតាទទួលផលបាន៣ទៅ៤តោន មានកន្លែងខ្លះមិនទទួលផល ភាគច្រើនដែលងាប់គ្មានទឹកបញ្ចូលស្រែ ហើយប្រៀបធៀបឆ្នាំ២០១៨ក្នុង១ហិកតាទទួលផលបាន៤ទៅ៥តោន។
ដោយយោងតាមរបាយការណ៍មន្ទីពាណិជ្ជកម្មខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ តំលៃស្រូវសែនក្រអូបសើមក្នុង១គីឡូក្រាមតំលៃ១.១៥៨រៀល និងស្រូវសែនក្រអូបស្ងួតក្នុង១គីឡូក្រាមតំលៃ១.២១២រៀល ស្រូវផ្កាម្លិះក្រហមសើមលេខ១ក្នុង១គីឡូក្រាមតំលៃ២.១៥៥រៀល ស្រូវផ្កាម្លិះស្ងួត១គីឡូក្រាមតំលៃ១.៤៥៤រៀល ស្រូវផ្កាម្លិះលេខ១សើម១គីឡូក្រាមតំលៃ១.១៥៨រៀល៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ