ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​អចលនទ្រព្យ​ ៖ ចិន​នឹង​ត្រឡប់​មក​វិញ​ហើយ​សកម្មភាព​វិនិយោគ​កាន់តែ​ខ្លាំង​ថែម​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ក្រោយ​ការ​ចាកចេញ​របស់​ជនជាតិ​ចិន​មួយ​ចំនួន​ធំ​ពី​ប្រទេសកម្ពុជា ជា​ពិសេស​ជនជាតិ​ចិន​ដែល​ប្រកប​អាជីវកម្ម​ល្បែង​អន​ឡាញ​នោះ ធ្វើ​អោយ​ប្រជាជន​ដែល​ទទួលផល​ពី​វត្តមាន​ជនជាតិ​មួយ​ចំនួន​បាត់បង់​ប្រយោជន៍ និង​រង​ផល​ប៉ះពាល់​ដល់​ដល់​ប្រាក់​ចំណូល​ជា​ពិសេស​ក្នុង​ខេត្ត​ព្រះ​សីហ​នុ និង​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​វត្តមាន​ជនជាតិ​ច្រើន​ជាងគេ ។ ​ក៏​ប៉ុន្តែ​អ្នកធ្វើការ​ពាក់ព័ន្ធ​នឹង​វិស័យ​អចល​ទ្រព្យ​បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ថា…

​រាជធានី​ភ្នំពេញ ៖ ក្រោយ​ការ​ចាកចេញ​របស់​ជនជាតិ​ចិន​មួយ​ចំនួន​ធំ​ពី​ប្រទេសកម្ពុជា ជា​ពិសេស​ជនជាតិ​ចិន​ដែល​ប្រកប​អាជីវកម្ម​ល្បែង​អន​ឡាញ​នោះ ធ្វើ​អោយ​ប្រជាជន​ដែល​ទទួលផល​ពី​វត្តមាន​ជនជាតិ​មួយ​ចំនួន​បាត់បង់​ប្រយោជន៍ និង​រង​ផល​ប៉ះពាល់​ដល់​ដល់​ប្រាក់​ចំណូល​ជា​ពិសេស​ក្នុង​ខេត្ត​ព្រះ​សីហ​នុ និង​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​វត្តមាន​ជនជាតិ​ច្រើន​ជាងគេ ។ ​ក៏​ប៉ុន្តែ​អ្នកធ្វើការ​ពាក់ព័ន្ធ​នឹង​វិស័យ​អចល​ទ្រព្យ​បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ថា អ្នក​វិនិយោគ​ចិន​នឹង​ត្រឡប់​មក​កម្ពុជា​វិញ​។

លោក​ម៉ឹង លាង​ហ៊​ន អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Family Real Estate បានអោយ​ដឹង​ថា វត្តមាន​ជនជាតិ​ចិន​នៅ​កម្ពុជា បាន​ហុច​ផល​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​ផ្ទាល់​និង​ប្រយោល ជា​ពិសេស​ក្នុង​តំបន់​ដែល​មាន​វត្តមាន​ជនជាតិ​ចិន​មក​រស់នៅ​និង​រកស៊ី ក៏​ប៉ុន្តែ​ក្រោយ​ពេល​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​បិទ​ល្បែង​អន​ឡាញ​នៅ​កម្ពុជា ធ្វើ​អោយ​ជនជាតិ​ចិន​ដែល​ធ្វើ​អាជីវកម្ម​ល្បែង​អន​ឡាញ​បាន​ចាក​ចេញពី​កម្ពុជា ជា​បន្តបន្ទាប់​ទៅ​ប្រទេស​កំណើត​វិញ និង​ទៅ​ប្រទេស​ទី​៣​ដែល​ផ្ដល់​អំណោយផល​ដល់​ពួក​គេ ។

លោក​បាន​បន្ត​ថា សកម្មភាព​ចេញចូល​របស់​ជនជាតិ​ចិន​នៅ​កម្ពុជា​ហាក់​លឿន​ពេក ចូល​លឿន​ហើយ​ចេញ​វិញ​ក៏​លឿន​ដែរ ។ នៅ​ពេល​ចិន​ចូល​មក​កម្ពុជា​យ៉ាង​គំហុក វា​ក៏​បាន​ធ្វើ​អោយ​តម្លៃ​ជួល​និង​លក់​អចលនទ្រព្យ​នៅ​តំបន់​ដែល​សំបូរ​ជនជាតិ​ចិន​ក៏​ឡើង​ខ្ពស់ ធ្វើ​អោយ​ចិន​មួយ​ចំនួន​មិន​សប្បាយចិត្ត ហើយ​នៅ​ពេល​គោលនយោបាយ​ថ្មី​របស់​រដ្ឋាភិបាល​កម្ពុជា​ចេញ​មក​ភ្លាម​ចិន​មួយ​ចំនួន​ធំ​ក៏​សម្រុក​ចេញ​ទៅ​វិញ​ភ្លាម​ដែរ និង​បាន​ធ្វើ​អោយ​តម្លៃ​ជួល​និង​ទិញ​លក់​អចលនទ្រព្យ​បាន​ធ្លាក់​ចុះ​បន្តិច​វិញ ជាក់ស្ដែង​តម្លៃ​ជួល​អគារ​បន្ទប់​ស្នាក់​នៅ នៅ​ខេត្ត​ព្រះ​សីហ​នុ​ធ្លាក់​ចុះ​គួរ​អោយ​កត់សម្គាល់ ។

លោក​បន្ត​ថា «​ការ​ចាកចេញ​របស់​ជនជាតិ​ចិន​ពី​កម្ពុជា​មិនយូរ​ទេ ពួក​គេ​នឹង​ត្រលប់​មក​វិញ ដោយ​មក​ជាមួយនឹង​វិនិយោគ​បន្ថែម​ទៀត​លើ​អចលនទ្រព្យ និង​វិស័យ​ផ្សេង​ៗ​មិនមែន​មក​ប្រកប​អាជីវកម្ម​ល្បែង​ដូច​ចិន​ដែល​ទើប​ចាកចេញ​នោះ​ទេ ។ នៅ​ពេល​ចិន​សម្រុក​ត្រលប់​មក​វិញ ការ​វិនិយោគ​នឹង​កើនឡើង ហើយ​ស្ថានភាព​វិស័យ​អចលនទ្រព្យ​នឹង​កាន់តែ​ល្អ​ប្រសើរ » ។

លោក​ច្រឹ​ក សុខ​នី​ម​ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​មាន​ប្រសាសន៍ ការ​ចាកចេញ​របស់​ចិន​វា​ហាក់ដូចជា​មិន​ប៉ះពាល់​អ្វី​ទេ ដល់​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា ព្រោះ​ចិន​ដែល​ចេញពី​កម្ពុជា​ជា​ចិន​លេងល្បែង ។ ផ្ទុយ​ទៅ​វិញ​ចិន​ដែល​ជា​អ្នក​វិនិយោគ​នឹង​មក​ជំនួស​វិញ​នៅ​ពេល​អនាគត ដូច្នេះ​ការ​វិនិយោគ​នានា​នៅ​កម្ពុ​ជានា​ពេល​ខាង​មុខ​នឹង​កាន់តែ​មាន​ច្រើន​ឡើង ហើយ​កម្ពុជា​ត្រូវ​ត្រៀមខ្លួន​ទទួលយក​វិនិយោគិន​ទាំងនោះ​ដើម្បី​សហការ​រាល់​គម្រោង​វិនិយោគ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។

​ដោយឡែក​លោក​ឧកញ៉ា ចេ​ង ខេ​ង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ CPL បាន​លើក​ឡើង​ថា អ្វី​ដែល​អ្នក​ក្នុងស្រុក​ត្រូវធ្វើ​នោះ និង​ត្រៀមខ្លួន​ទទួលយក​វិនិយោគិន​បន្ថែម​ទៀត​នោះ​គឺ ត្រូវ​បណ្ដុះ​ធនធានមនុស្ស​ជំនាញ លើ​វិស័យ​នេះ​បន្ថែម ហើយ​ត្រូវ​ពង្រឹងសមត្ថភាព​ធនធានមនុស្ស​ជំនាញ​អចលនទ្រព្យ​អោយ​កាន់តែ​ខ្លាំង ។ ​លោក​បាន​បន្ត​ថា «​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​មាន​សក្ដានុពល​វិនិយោគ​ខ្ពស់​លើវិស័យ​អចលនទ្រព្យ ហើយ​ក្នុង​តំបន់​អាស៊ាន​នេះ មិន​មាន​ប្រទេស​ណា​មាន​ស្ថាន​ភាពល្អ​ប្រសើរ​ដូច​កម្ពុជា​ឡើយ ទាំង​កត្តា​ធនធានធម្មជាតិ និង​ទីតាំង ក៏​ដូច​ជា​ឱកាស​នៃ​កា​រវិ​និយោគ » ។

​សូម​រំលឹក​ថា រាជរដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន​នេះ ក៏​បាន​និង​កំពុង​ផ្សព្វផ្សាយ​ពី​ការ​ទាក់ទាញ​វិនិយោគិន​ចិន​មក​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​ផ្សេង​ៗ​ជា​ច្រើន ខណៈ​កំណើនសេដ្ឋកិច្ច​របស់​ចិន​បាន​និង​កំពុង​នាំមុខ​គេ​ក្នុង​តំបន់​ផង​ដែរ ។ ក្រៅពី​ការ​វិនិយោគ​របស់​ចិន ទេសចរ​ចិន​មក​ទស្សនា​នៅ​តាម​តំបន់​ទេសចរណ៍ នានា​ក្នុង​ប្រទេស​កម្ពុជា​ក៏​ជាប់​ចំណាត់ថ្នាក់​ទី​១​ដែរ ហើយ​ក្រសួងទេសចរណ៍​កម្ពុជា​ក៏​បាន​រៀបចំ​យុទ្ធសាស្ត្រ​ទាក់ទាញ​ទេសចរ​ចិន​មក​បន្ថែម​ទៀត​ផង​ដែរ ព្រោះ​ចិន​ជា​ទេសចរ​ដែល​ចេញ​ក្រៅប្រទេស​ទៅ​ទស្សនា​នៅ​ប្រទេស​ផ្សេង ច្រើន​ជាងគេ​លើ​លោក ហើយ​ប្រទេស​នានា​ក៏​ចង់បាន​ទេសចរ​ចិន​ទៅ​លេង​ប្រទេស​ខ្លួន​ផង​ដែរ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ