នាយ ក្រឹម និង​ភរិយា បន្ថែម​អាជីព​ច្រៀង​​កាត់សក់ លើ​អាជីព​កំប្លែង


រាជធានី​ភ្នំពេញ ៖ ទស្សនិកជន​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​គេ​បានឃើញ​តារា​កំប្លែង​ជើង​ចាស់​នាយ ក្រឹម និង​ភរិយា ស្រី​លាភ បាន​ចេញ​សម្តែង​ភ្លេង​ការ និង​កាត់សក់​ជា​បន្ថែម​អាជីព​សម្តែង​កំប្លែង​បច្ចុប្បន្ន​។ កន្លង​មក គេ​កម្រ​បានឃើញ​តារា​កំប្លែង​រូប​នេះ ចេញ​ច្រៀង​កាត់សក់​តាម​មង្គលការ​ណាស់ ក្រៅពី​អាជីព​កំប្លែង និង​ច្រៀង​តាម​មង្គលការ​។

ការ​ចេញ​ច្រៀង​ភ្លេង​ការ​ពី​សំណាក់​នាយ ក្រឹម នា​ពេល​នេះ បាន​ធ្វើ​ឡើង​ស្របគ្នា​ទៅ​នឹង​តារា​កំប្លែង​ជា​ច្រើន​ដួង​ផ្សេង​ទៀត ដែល​ចាប់​អាជីព​បន្ថែម​ខាងលើ​នេះ​ដូច​គ្នា​។

យ៉ាងណា គេ​មិនដឹង​ទេ​ថា នាយ ក្រឹម និង​ភរិយា បាន​ផ្តើម​អាជីព​ថ្មី​នេះ​នៅ​ពេល​ណា​នោះ​ឡើយ ប៉ុន្តែ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ភរិយា​របស់​លោក គឺ​នាង​លាភ បាន​បង្ហោះ​កាលពី​ពេល​ថ្មី​ៗ​នេះ គឺ​លោក និង​ភរិយា​បាន​ចេញ​ច្រៀង​កាត់សក់​នៅ​ក្នុង​មង្គលការ​មួយ​នា​ឯ​ខេត្ត​ត្បូងឃ្មុំ​។ មិន​ត្រឹមតែ​ច្រៀង​កាត់សក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នាយ ក្រឹម និង​ភរិយា បាន​បន្ត​ច្រៀង​នៅ​ក្នុង​ពិធី​ទទួលភ្ញៀវ​នា​ពេល​ល្ងាច​ផង​ដែរ​។

ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ កោះសន្តិភាព នៅ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​នាយ ក្រឹម និង​ភរិយា បាន​នៅឡើយ​ទេ ប៉ុន្តែ​តារា​ពហុ​ជំនាញ​អ្នក​នាង ខាត់ សុ​ឃី​ម បាន​អះអាង​ថា នាយ ក្រឹម និង​ភរិយា ក៏​ជា​អ្នក​ច្រៀង​ភ្លេង​ការ​ផង​ដែរ​។

ជា​ការ​កត់សម្គាល់​មួយ​រយះ​ចុង​ក្រោយ​នេះ មិនមែន​មាន​តែ​នាយ ក្រឹម និង​ភរិយា ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​អ្នកសិល្បៈ​មួយ​ចំនួន​ទៀត​ក៏​បាន​វិវឌ្ឍន៍​ខ្លួន​បន្ថែម​អាជីព​មួយ​នេះ​ដូច​គ្នា​។

តារា​សម្តែង​លោក ប៉ែន ចំ​រ៉ុ​ង នាយ ចាប ចៀន នាយ​កុយ និង​អ្នក​នាង កា​តុ រួម​ទាំង​តារា​កំប្លែង និង​​តារា​សម្តែង​មួយ​ចំនួន​ទៀត បាន​ចាប់ដៃ​គ្នា​ធ្វើ​ដៃគូ​ច្រៀង​កាត់សក់​បាន​យ៉ាង​សាក​សម​។ តារា​ខ្មែរ​ទាំង​អស់នោះ បាន​បន្ថែម​អាជីព​មួយ​នេះ ដើម្បី​ងាយស្រួល​រក​ប្រាក់ ក្នុង​ពេល​ដែល​រដូវ​កាល​នេះ គឺជា​រដូវ​ដែល​អ្នកសិល្បៈ​ចាប់ផ្តើម​ប្រមូលប្រាក់​បាន​ច្រើន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ