ខេត្តកំពត ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ស្ត្រីម្នាក់បានរងរបួសយ៉ាងដំណំ ខណៈស្លាកយីហោផ្សារនៅចំណុចខ្លោងទ្វារចូលផ្សារកំពង់ត្រាចផ្នែកខាងលិច បានធ្លាក់មកក្រោមសង្កត់ពីលើជនរងគ្រោះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩។
សេចក្តីរាយការណ៍បន្តថា ស្ត្រីដែលរងរបួសខាងលើនេះ ឈ្មោះ ជិន ខ្លឹង ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរកសិករ រងរបួសធ្ងន់ (បាក់ខ្ទង់ច្រមុះ) រស់នៅភូមិកោះផ្តៅ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ បច្ចុប្បន្នស្ត្រីរងគ្រោះដោយសារមានស្ថានភាពរបួសធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យប្រទេសវៀតណាមហើយ។
តាមប្រភពនៅកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុ ស្លាកយីហោផ្សារដែលត្រូវបានដាក់តាំងបញ្ឈរនៅមុខខ្លោងទ្វារចូលផ្សារកំពង់ត្រាច ស្ថិតនៅស្រុកកំពង់ត្រាច ជាច្រើនឆ្នាំមកហើយ ប៉ុន្តែគេមិនដែលឃើញផ្នែកពាក់ព័ន្ធណាមួយមកត្រួតពិនិត្យឡើយ ។
ប្រភពដដែលបន្តថា លុះដល់ពេលកើតហេតុ ស្រាប់តែស្លាកយីហោផ្សារកំពង់ត្រាច បានធ្លាក់ចុះសង្កត់លើស្ត្រីម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់តែម្តង ។
ចំណែកមូលហេតុដែលធ្វើឱ្យដាច់ធ្លាក់យ៉ាងផុយស្រួយបែបនេះ គឺគេសង្ស័យថា ដោយសារច្រែះស៊ីដែកផ្តាច់មុខតំណរ ឬផ្សាមិនជាប់ និយាយឱ្យស្រួលស្តាប់ គឺការតម្លើងស្លាកយីហោមានការធ្វេសប្រហែស និងគ្មានគុណភាព ទើបបណ្តាលឱ្យងាយដាច់ធ្លាក់បង្កឱ្យមនុស្សរងគ្រោះបែបនេះ។
ប្រភពដដែលបន្តទៀតថា នេះចាត់ទុកជាសំណាងល្អហើយ ព្រោះអំឡុងពេលបាក់ធ្លាក់នោះ ស្របពេលដែលពុំសូវមានមនុស្សចេញ-ចូលផ្សារច្រើន ព្រោះជាពេលថ្ងៃ តែបើសិនជាធ្លាក់នៅពេលព្រឹកព្រលឹមវិញ មិនដឹងថាមានមនុស្សប៉ុន្មាននាក់ទេ ដែលត្រូវរងគ្រោះដោយសារការធ្លាក់សង្កត់នោះ។
សូមបញ្ជាក់ថា ចំពោះបញ្ហាដែលកើតឡើងខាងលើនេះ ភ្នាក់ងារយើងមិនទាន់ដឹងថា តើករណីដែលពលរដ្ឋរងគ្រោះនិយាយថា ដោយសារការធ្វេសប្រហែសនៃការលើកស្លាកយីហោធ្វើឲ្យពលរដ្ឋជួបការរងគ្រោះខាងលើ ត្រូវជួយដោះស្រាយដល់ជនរងគ្រោះយ៉ាងណានោះទេ? ដោយសារពុំទាន់មានប្រភពណាមួយបានអះអាងពីបញ្ហានេះ ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ