ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង ជីប ម៉ុង Ecocycle ដំបូង​បំផុត​​នៅ​កម្ពុជា រំពឹង​ស្រូប​យក​កាក​សំណល់​សំរាម​រាប់​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពត ៖ ការ​គ្រប់គ្រង​កាក​សំណល់​បាន​ក្លាយជា​បញ្ហា​ចម្បង​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ការ​គ្រប់គ្រង​សំណល់​ឧស្សាហកម្ម​ជា​បញ្ហា​ប្រឈម​ក្នុង​ពេល​ដែល​កំណើនសេដ្ឋកិច្ច​កើន​ឡើង​យ៉ាង​រហ័ស ។ គម្រោង​កែ​ច្នៃ​សំណល់​របស់​ក្រុមហ៊ុន ជីប ម៉ុង អ៊ិ​ន​ស៊ី ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង…

ខេត្តកំពត ៖ ការ​គ្រប់គ្រង​កាក​សំណល់​បាន​ក្លាយជា​បញ្ហា​ចម្បង​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ការ​គ្រប់គ្រង​សំណល់​ឧស្សាហកម្ម​ជា​បញ្ហា​ប្រឈម​ក្នុង​ពេល​ដែល​កំណើនសេដ្ឋកិច្ច​កើន​ឡើង​យ៉ាង​រហ័ស ។ គម្រោង​កែ​ច្នៃ​សំណល់​របស់​ក្រុមហ៊ុន ជីប ម៉ុង អ៊ិ​ន​ស៊ី ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង កែ​ច្នៃ​កាក​សំណល់​ឧស្សាហកម្ម​ប្រកបដោយ​លក្ខណៈ​ភា​តរៈ​បរិស្ថាន និង​ទទួល​បានការ​គាំទ្រ​ពី​ក្រសួងបរិស្ថាន ។

ការ​គ្រប់គ្រង​សំណល់​បែប​ថ្មី​នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន ជីប ម៉ុង អ៊ិ​ន​ស៊ី ស៊ី​មេន ដើម្បី​លើកកម្ពស់​បរិស្ថាន​ស្អាត នៅ​ពេល​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​បញ្ហា​យ៉ាង​ខ្លាំង​នៃ​ការ​ឡើងក​ម្តៅ​ផែនដី និង​ការ​ប្រែប្រួល​អាកាសធាតុ ។

ជាមួយ​គ្នា​នេះ នៅ​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៩ មកនេះ រោងចក្រ​ស៊ីម៉ងត៍ ជីប ម៉ុង អ៊ិ​ន​ស៊ី ស៊ី​មេន (CMIC) ដែល​ជា​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ធំ​ជាងគេ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ឈានមុខ​គេ​មួយ​នៅ​ក្នុង​តំបន់ បាន​រៀបចំ​ពិធី​សម្ពោធ​គម្រោង​កែ​ច្នៃ​សំណល់​ឧស្សាហកម្ម​នៅ​ក្នុង​រោងចក្រ​ស៊ីម៉ងត៍ ជីប ម៉ុង អ៊ិ​ន​ស៊ី ដែល​ស្ថិត​នៅ​ក្នុងស្រុក​បន្ទាយមាស ខេត្តកំពត ក្រោម​វត្តមាន​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ។

លោក នី​កូ​ឡាស់ ច​ច (Nicolas George) នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ជីប ម៉ុង អ៊ិ​ន​ស៊ី ស៊ី​មេន (CMIC) បានឱ្យ​ដឹង​ថា ការ​សម្ពោធ​គម្រោង​កែ​ច្នៃ​សំណល់​នេះ​បង្ហាញ​ថា ក្រុមហ៊ុន ជីប ម៉ុង អ៊ិ​ន​ស៊ី បាន​ឈាន​ដល់​ដំណាក់កាល​សំខាន់​មួយទៀត គឺ​ឆ្ពោះទៅ​ការ​រួមចំណែក​ក្នុង​ការ​កែ​លម្អ​បរិស្ថាន​នៅ​កម្ពុជា ។

ឥឡូវនេះ រោងចក្រ​របស់​យើង​ត្រូវ​បាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ ដើម្បី​គ្រប់គ្រង​កាក​សំណល់​ឧស្សាហកម្ម និង​កាត់​បន្ថយ​ការ​ប៉ះពាល់​ដល់​បរិស្ថាន ។ ខ្ញុំ​ជឿជាក់​ថា ការ​បណ្តាក់ទុន​ថ្មី​នេះ​នឹង​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ជោគជ័យ​អស្ចារ្យ និង​ផ្តល់​អត្ថប្រយោជន៍​ដល់​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​របស់​យើង ។ លើស​ពី​នេះ​ទៀត ក្រុមហ៊ុន CMIC បាន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន ក្នុង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ស៊ីម៉ងត៍​ប្រកបដោយ​ចីរភាព ។

ការ​គ្រប់គ្រង​កាល​សំណល់​នេះ មាន​រួម​ទាំង​ការ​ប្រមូល និង​ដំណើរការ​នៃ​ការ​កែ​ឆ្នៃ​សំណល់​រឹង​ដែល​នឹង​ផ្តល់​ដំណោះស្រាយ​ដល់​រោងចក្រ​កាត់ដេរ និង​រោងចក្រ​ស្បែកជើង​ក៏​ដូច​វិស័យ​ផ្សេង​ៗ​ទៀត​ដែរ ។

លោក​ឧកញ៉ា លាង ឃុន ម្ចាស់​ភាគហ៊ុន​ធំ​ក្រុមហ៊ុន ជីប​ម៉ុង អ៊ិ​ន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន បាន​មាន​ប្រសាសន៍​ថា គម្រោង ជីប ម៉ុង អេកូ​សាយ​ខ​ល ដែល​ផ្តួចផ្តើម​បង្កើត​ឡើង​នៅ​ដើមឆ្នាំ ២០១៩ នេះ បាន​ទទួល​ការ​គាំទ្រ ពី​ក្រសួងបរិស្ថាន ដែល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន ជីប ម៉ុង អ៊ិ​ន​ស៊ី «​ប្រមូល ដឹក​ជញ្ជូន ស្តុក​ទុក និង​ដុត​កំទេច​សំណល់​ឧស្សាហកម្ម​»​។ យើង​បាន​ចំណាយ​ប្រាក់​វិនិយោគ​អស់​ជាង ៤ លាន​ដុល្លារ​អា​មេ​រិ​កលើ​គម្រោង​នេះ ។ ឡ អេកូ​សាយ​ខ​ល មាន​សមត្ថភាព​ដុត​កំទេច​សំណល់​ឧស្សាហកម្ម​ក្នុង​បរិមាណ ១០ តោន​ក្នុង​មួយ​ម៉ោង ឬ ២៤០ តោន​ក្នុង ១​ថ្ងៃ ឬ​ក៏​ជាង ៧០០០ តោន​ក្នុង ១ ខែ ។

លោក​ឧកញ៉ា​បន្ត​ថា ជីប ម៉ុង អេកូ​សាយ​ខ​ល ជា​គម្រោង​ថ្មី​មួយ​ស្ថិត​នៅ​ក្រោម​ដំបូល​របស់​ក្រុម​ហ៊ុន​ជីប​ម៉ុង អ៊ិ​ន​ស៊ី ស៊ី​មេន ត្រូវ​បាន​ប្រសូត​ចេញពី​ការ​វិនិយោគទុន​រួម​គ្នា​ក្នុង​ទឹកប្រាក់ ២៦២ លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ ៦០% មក​ពី​ក្រុមហ៊ុន ជីប ម៉ុង ដែល​ជា​ក្រុមហ៊ុន​ក្នុងស្រុក​ដ៏​ធំ​មួយ និង​មានបទពិសោធន៍​ជិត ៤០ ឆ្នាំ ក្នុង​វិស័យ​សំណង់ និង​វិស័យ​ចែកចាយ​លើ​ទីផ្សារ និង ៤០% ទៀត​មក​ពី​ក្រុមហ៊ុន​ស្យ៉ា​ម ស៊ី​ធី ស៊ី​មេន (SCCC) នៃ​ព្រះរាជាណាចក្រ​ថៃ ដែល​ជា​ក្រុមហ៊ុន​ដ៏​ធំ​សម្បើម​មានបទពិសោធន៍​ជាង ៥០ ឆ្នាំ ក្នុង​ការ​ផលិត​ស៊ីម៉ងត៍ ។

លោក​ឧកញ៉ា​បន្ថែម​ទៀត​ថា ក្រុមហ៊ុន ជីប ម៉ុង អ៊ិ​ន​ស៊ី ពិតជា​មាន​មោទកភាព​ណាស់​ចំពោះ​គម្រោង​កែ​ច្នៃ​សំណល់​របស់​ខ្លួន ដែល​ជា​ដំណោះស្រាយ​នៃ​ការ​គ្រប់គ្រង​សំណល់​ឧស្សាហកម្ម​ប្រកបដោយ​និរន្តរភាព​ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា​។ គម្រោង ជីប ម៉ុង អេកូ​សាយ​ខ​ល នេះ​អាច​កែ​ច្នៃ​កាក​សំណល់​ដែល​មាន​គ្រោះថ្នាក់ និង​មិន​មាន​គ្រោះថ្នាក់ ដោយ​ប្រើ​បច្ចេកវិទ្យា​ថ្មី​មួយ​ដែល​គេ​ហៅ​ថា «​ខូ​-​ប្រូ​សេស​ស៊ី​ង (co-processing)» ។ «​ខូ ប្រូ​សេស​ស៊ី​ង​» គឺជា​ពាក្យ​បច្ចេកទេស​ប្រើ​សម្រាប់​ការ​កំចាត់​កាក​សំណល់​ឧស្សាហកម្ម​តាម​រយៈ​ការ​ដុត​ដោយ​ឡ​ស៊ីម៉ងត៍ ស្រប​ពេល​ដែល​កំពុង​ដំណើរការ​ផលិត​ស៊ីម៉ងត៍ ដោយ​មិន​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ណាមួយ​ឡើយ ។

បច្ចេកវិទ្យា «​ខូ​-​ប្រូ​សេស​ស៊ី​ង​» គោរព​តាម​លក្ខខណ្ឌ​ច្បាប់​ទាំង​អស់ហើយ​ត្រូវ​បាន​អនុម័ត​ជាស​កល សម្រាប់​ការ​គ្រប់គ្រង​កាក​សំណល់​ឧស្សាហកម្ម​។ បច្ចេកវិទ្យា​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ជម្រើស​ល្អ​ប្រសើរ​ជាង​ការ​យក​កាក​សំណល់​ទៅ​ចាក់ចោល និង​ការ​យក​ទៅ​ដុត​ចោល​ធម្មតា ពីព្រោះ​វា​ផ្តល់​នូវ​ដំណោះស្រាយ​ពេញលេញ​ដោយ​មិន​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន​។

បច្ចេកវិទ្យា​នេះ ត្រូវ​បាន​ប្រើប្រាស់​ដោយ​ជោគជ័យ​នៅ​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ជប៉ុន អស់​រយៈពេល​ជាង ៤០ ឆ្នាំ ។ វា​ត្រូវ​បាន​ទទួលស្គាល់​ដោយ​អង្គការ​អន្តរជាតិ​ជា​ច្រើន រួម​ទាំង​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ (​ជី​ធី​ហ្សិត​) GTZ ក៏​ដូច​ជា​អនុសញ្ញា បា​សែ​ល (Basel) និង ស្តុក​ខុ​ម (Stockholm) ។

ឯកឧត្តម សាយ សំ​អាល់ ដែល​ជា​អធិបតី​ក្នុង​ពិធី​នេះ ក្រៅពី​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន ជីប ម៉ុង​ហើយ​នោះ​ឯកឧត្តម​ថែម​ទាំង​មាន​ប្រសាសន៍​ថា ថ្ងៃនេះ​ក្រុមហ៊ុន ជីប ម៉ុង បាន​ចូលរួម​ជាមួយ​ក្រសួងបរិស្ថាន ក្នុង​ការ​កែ​ឆ្នៃ​កាក​សំណល់​ដែល​ជា​បញ្ហា​ធំ​របស់​ក្រសួងបរិស្ថាន ព្រោះ​ថាបើ​យើង​យក​ទៅ​បោះចោល​នៅ​ទីលាន​ចាក់សំរាម​មានការ​លំបាក ក៏​ប៉ុន្តែ​របស់​ទាំង​អស់នេះ នៅ​មាន​តម្លៃ​ដែល​អាច​ប្រើប្រាស់​បាន ។ ដូច្នេះ​ក្រុមហ៊ុន ជីប ម៉ុង ជួយ​ក្រសួងបរិស្ថាន​ក្នុង​ការ​ដក​សំរាម​ចេញពី​ទីលាន​ចាក់សំរាម​ជា​ច្រើន​ដែល​យក​មក​ពី​ភ្នំពេញ និង​កំពង់សោម ដែល​ទាំងនេះ​ជា​ការ​ចូលរួម​ចំណែក​ធំ​ណាស់​ក្នុង​វិស័យ​បរិស្ថាន ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ