ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​លក់ដូរ​នៅ​ផ្សារ​ព្រៃ​ខ្មែរ​ម្នាក់​ៗ​ចង់​ដាច់​បាយ​ហើយ​ព្រោះ​លក់​មិន​ដាច់

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រុម​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ព្រៃ​ខ្មែរ ស្ថិត​ក្នុង​ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ បាន​ត្អូញត្អែរ​ថា រយៈពេល​ជាង​កន្លះ​ខែ​មក​ហើយ ដែល​ទឹក​ដក់​ពេញ​មុខ​ផ្សារ​ព្រៃ​ខ្មែរ​ជាប់​នឹង​ផ្លូវជាតិ​លេខ​៥ មិន​ត្រូវ​បាន​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ណា​មើលឃើញ​ឡើយ…

ខេត្តកំពង់ឆ្នាំង ៖ ក្រុម​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ព្រៃ​ខ្មែរ ស្ថិត​ក្នុង​ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ បាន​ត្អូញត្អែរ​ថា រយៈពេល​ជាង​កន្លះ​ខែ​មក​ហើយ ដែល​ទឹក​ដក់​ពេញ​មុខ​ផ្សារ​ព្រៃ​ខ្មែរ​ជាប់​នឹង​ផ្លូវជាតិ​លេខ​៥ មិន​ត្រូវ​បាន​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ណា​មើលឃើញ​ឡើយ ។ ទឹក​ដក់​ដែល​បណ្តាល​មក​ពី​ស្ទះលូ​មិន​ហូរ​ចេញ​នេះ​បាន​បង្ក​ឲ្យ​ទៅ​ស្អុយ​ទ្រាំ​ស្ទើរ​មិន​បាន ។ ជាង​នេះ​ទៅ​ទៀត​ពួក​គាត់​លក់ដូរ​ក៏​លែង​ដាច់​ដែរ ព្រោះតែ​ទឹក​ដ៏​កខ្វក់​នេះ​បណ្តាល​ឲ្យ​អតិថិជន​មិន​ចូល​ទិញ​ទំនិញ​ពួក​គាត់​ឡើយ ។

បុរស​ជា​អាជីវករ​ម្នាក់​បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​ទឹក​ដក់​ដែល​បណ្ដាល​មក​ពី​ស្ទះលូ​រយៈពេល​ជាង​កន្លះ​ខែ​មកនេះ ពួក​គាត់​លក់​មិន​ដាច់​ទាល់តែ​សោះ ព្រោះ​អតិថិជន​មិន​ដើរ​ចូល​មក​ដោយសារ​ទឹក​ដក់​គ្មាន​កន្លែង​ដើរ​ចូល និង​ម្យ៉ាងវិញទៀត​ទឹក​ដក់​ទាំងនោះ​បង្ក​ទៅ​ជា​ភក់ជ្រាំ​ស្អុយ សូ​ម្បី​តែ​ពួក​គាត់​ក៏​ពិបាក​ទ្រាំ​ដែរ ។

ចំណែក​បុរស​អ្នកលក់​គុយទាវ​ម្នាក់ នៅ​ជាប់​នឹង​កន្លែង​ដក់​ទឹកមុខ​ផ្សារ​ព្រៃ​ខ្មែរ​ក៏​បាន​និយាយ​ដូច​គ្នា​ដែរ​ថា ទឹក​ដក់​នេះ​ប្រមាណ​ជិត​១​ខែ​មក​ហើយ ដែល​បង្ក​ឡើង​ដោយសារ​ស្ទះលូ ។ ទឹក​ដក់​ទាំងនេះ គឺ​ហូរ​ចេញពី​តាម​ផ្ទះ​ដែល​នៅ​ជុំវិញ​ផ្សារ​វា​ជា​ទឹក​ចេញពី​បន្ទប់ និង​បង្គន់​អនាម័យ​ផង​ដែរ​ទើប​មាន​ក្លិនស្អុយ​បែប​នេះ ។ ចាប់តាំងពី​ពេល​មានទឹក​ដក់​រហូត​មក​ដល់​ពេល​នេះ​មិនឃើញ​អ្នកម៉ៅការ​ភាស៊ី​ផ្សារ​មក​កាយ ឬ​បង្ហូរទឹក​នោះ​ចេញ​ឡើយ ចំណែក​អាជ្ញាធរ​ឃុំ​ឃើញ​មក​មើល​ប៉ុន្មាន​ថ្ងៃមុន​ដែរ ហើយ​ក៏​ស្ងាត់ឈឹង ។ ពួក​គាត់​ជា​អាជីវករ​នៅ​ជាប់​កន្លែង​ដក់​ទឹក ម្នាក់​ៗ​ចង់​ដាច់​បាយ​ហើយ​ព្រោះ​លក់​មិន​ដាច់ ។ ពួក​គាត់​សំណូមពរ​ដល់​អាជ្ញាធរ​មន្ទីរ​សាធារណការ​ខេត្ត អាជ្ញាធរ​ឃុំ ស្រុក​សូម​មេត្តា​ជួយ​កាយ​បង្ហូរទឹក​ស្អុយ​នេះ​ចេញ​ផង ។

ជុំវិញ​បញ្ហា​នេះ ភ្នាក់ងារ​យើង​បាន​ទាក់ទង​ទៅ​លោក សេន សា​រ៉េ​ត មេឃុំ​អណ្តូង​ស្នាយ តាម​រយៈ​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែធ្នូ​នេះ លោក​បាន​បញ្ជាក់​ថា កាលពី​ជាង​កន្លះ​ខែ​មុន មាន​គេ​សង់រោង​ការ​មួយ​កន្លែង ហើយ​ក៏​ចាក់​ដី​លុប​លូ​បង្ហូរទឹក​បណ្តាល​ឲ្យ​ទឹក​ស្ទះ​ព្រម​ជាមួយ​គ្នា​នេះ​ក្រុម​ដែល​ជាង​ជួសជុល​ផ្លូវជាតិ​លេខ​៥ បាន​កាប់​ដើមឈើ​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​នោះ​ថែម​ទៀត បណ្ដាល​ឲ្យ​ស្ទះ​កាន់តែ​ខ្លាំង ។ ក្រោយ​ពី​ទទួល​ព័ត៌មាន​នេះ គាត់​បាន​ចុះ​ពិនិត្យ​មើល​រួច​ហើយ​ឃើញ​ថា លុះត្រាតែ​យក​គ្រឿងចក្រ​មក​ជីក​ស្តា​ប្រឡាយ​នៅ​ផ្នែក​ខាងជើង​ផ្សារ​ដែល​ជា​កន្លែង​ស្ទះ​នោះ​ឲ្យ​បន្ត​ហូរ​ធ្លាក់​ទៅ​ក្រោម ។ ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​គាត់​រក​គ្រឿងចក្រ​មិន​បាន​សោះ ដោយ​ម្ចាស់​គ្រឿងចក្រ​ជាប់រ​វាល់​គ្រប់កន្លែង​តែ​មាន​ម្ចាស់​គ្រឿងចក្រ​១​កន្លែង​បាន​សន្យា​ថា និង​ទៅ​ស្តា​ប្រឡាយ​ចំណុច​ស្ទះ​នោះ​នៅ​ស្អែក ឬ​ក៏​ខានស្អែក​នេះ​ហើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ